បេក្ខជនប្រធានាធិបតី៦រូប បានតទល់គ្នានៅក្នុងការជជែកដេញដោលគ្នាដ៏តឹងតែងមួយកាលពីយប់ថ្ងៃពុធ ដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ មហាសេដ្ឋីលោក Michael Bloomberg ដែលជាអតីតអភិបាលក្រុងញូវយ៉ក ដែលទើបចូលរួមការជជែកដេញដោលនេះជាលើកដំបូង បានក្លាយជាគោលដៅនៃការវាយប្រហារខ្លាំងៗពីគូប្រជែង នៅក្នុងការជជែកទល់មុខគ្នាជាលើកដំបូង។
សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont លោក Bernie Sanders និង សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Minnesota អ្នកស្រី Amy Klobuchar ភ្លាមៗបានចោទប្រកាន់លោក Bloomberg ថាបានព្យាយាមទិញបេក្ខភាពប្រធានាធិបតីតែងតាំងខាងគណបក្សប្រជាធិបតេយ្យ ដោយការចំណាយប្រាក់ផ្ទាល់ខ្លួនជិត៤០០លានដុល្លារទៅលើយុទ្ធនាការផ្សាយពាណិជ្ជកម្មនយោបាយទ្រង់ទ្រាយធំទូទាំងប្រទេស ថ្វីបើលោកខកខានមិនបានចូលរួមការប្រកួតដើម្បីបានការតែងតាំងពីបក្ស នៅក្នុងរដ្ឋចំនួន៤ដែលសមាជិកគណបក្សប្រជាធិបតេយ្យបានឬនឹងបោះឆ្នោតបឋមដើម្បីរើសបេក្ខជនតែងតាំងត្រឹមខែកក្កដាខាងមុខ។
អ្នកស្រី Klobuchar ថ្លែងថា អ្នកស្រីមិនគិតថា អ្នកបោះឆ្នោតអាមេរិកាំងមើលទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ហើយគិតថា «យើងត្រូវការបេក្ខជន» ដែលមានទ្រព្យស្តុកស្តបជាងលោកត្រាំ តួយ៉ាងលោក Bloomberg ទេ ដែលលោកជាបុគ្គលមានទ្រព្យសម្បត្តិជាងគេទី១២ក្នុងពិភពលោក។
យប់ថ្ងៃពុធជាលើកទីមួយហើយដែលលោក Bloomberg បានចូលរួមការជជែកដេញដោលបែបនេះ តាំងពីឆ្នាំ២០០៩ ដែលកាលនោះលោកបានចូលរួមប្រកួតយកតំណែងជាអភិបាលក្រុងញូវយ៉ក ដែលជាទីក្រុងធំបំផុតរបស់សហរដ្ឋអាមេរិក។ លោក Bloomberg បានឆ្លើយតបវិញថា លោកមិនបានទទួលទ្រព្យសម្បត្តិរបស់លោកពីមរតកដូចលោត្រាំទេ ហើយអះអាងថា លោកចំណាយទ្រព្យធនដើម្បីផ្តួលលោកត្រាំ ដែលលោកហៅថាជាប្រធានាធិបតីអាក្រក់ជាងគេរបស់អាមេរិក។
លោក Bernie Sanders ដែលនាំមុខគេនៅក្នុងការស្ទង់មតិជាតិនិងបានឈ្នះសំឡេងឆ្នោតភាគច្រើននៅក្នុងការបោះឆ្នោតបឋមក្នុងរដ្ឋ Iowa និង New Hampshire រួចហើយនោះអះអាងថាលោកជាបេក្ខជនដែលមានសមត្ថភាពជាងគេក្នុងការតទល់ជាមួយលោកត្រាំនៅខែវិច្ឆិកា។
ប៉ុន្តែលោក Bloomberg បានវាយប្រហារភ្លាមៗ ចំពោះលោក Sanders ដែលបានហៅខ្លួនថាជាជនសង្គមនិយមប្រជាធិបតេយ្យនោះ ថាមិនអាចតទល់នឹងលោកត្រាំបានទេ មួយផ្នែកដោយសារកម្មវិធីថែទាំសុខភាពដែលលោក Sanders បានស្នើហៅថា Medicare for All អាចលុបបំបាត់ការធានារ៉ាប់រងសុខភាពឯកជនរបស់ពលរដ្ឋអាមេរិកាំងចំនួន១៦០លាននាក់។
ការជជែកតទល់កាលពីយប់ថ្ងៃពុធត្រូវបានធើ្វឡើងនៅទីក្រុង Las Vegas នៃរដ្ឋ Nevada ភាគខាងលិចសហរដ្ឋអាមេរិក ដែលនៅទីនោះនឹងមានការបោះឆ្នោតបឋម caucus របស់គណបក្សសាធារណរដ្ឋក្នុងសប្តាហ៍នេះ។ លោក Bloomberg មិនមានឈ្មោះក្នុងសន្លឹកឆ្នោតរដ្ឋ Nevada ឬនៅក្នុងការបោះឆ្នោតនៅរដ្ឋ South Carolina នៅសប្តាហ៍ក្រោយទេ។ លោក Bloomberg នឹងចាប់មានឈ្មោះក្នុងសន្លឹកឆ្នោតនៅក្នុងបណ្តារដ្ឋដែលបោះឆ្នោតនៅថ្ងៃទី៣ខែមីនាខាងមុខ៕