ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រកួត​បេក្ខភាព​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​បន្ត​ទៅ​កាន់​រដ្ឋ Nevada និង South Carolina


រូបឯកសារ៖ លោក Pete Buttigieg អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana ចាប់ដៃជាមួយលោក Bernie Sanders សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ Vermont កាល​ពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោក Pete Buttigieg អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana ចាប់ដៃជាមួយលោក Bernie Sanders សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ Vermont កាល​ពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។

ការ​ប្រកួត​ប្រជែង​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ឆ្នាំ ២០២០ នេះ បាន​ចាប់ផ្ដើម​ដំណើរការ​យ៉ាង​លឿន ទោះបីជា​មាន​ភាព​ស្រពិចស្រពិល​ក៏​ដោយ ដោយ​កន្លង​មក សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont លោក Bernie Sanders និង​អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg ជា​អ្នក​នាំ​មុខ​គេ។

លោក Sanders ដែល​ជា​បេក្ខជន​ប្រកាន់​ទស្សនៈ​វិវឌ្ឍ​និយម កំពុង​ប្រឈម​នឹង​ការ​ប្រជែង​ខ្លាំងក្លា​ពី​គូ​ប្រជែង​មួយ​ចំនួន​ដែល​ប្រកាន់​ទស្សនៈ​កណ្ដាល​និយម នៅ​ក្នុង​ការ​ប្រកួត​មួយ​ដែល​អ្នក​ជំនាញ​នានា​ជឿ​ថា​អាច​ជា​ការ​ប្រកួត​ប្រជែង​ដ៏​វែង​អន្លាយ​មួយ​រហូត​ដល់​ពេល​សន្និបាត​តែងតាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ចូល​មក​ដល់​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។

លោក Sanders នាំ​មុខ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បេក្ខភាព​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ New Hampshire។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ជោគជ័យ​នៅ​ទី​នេះ​គឺ​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​បញ្ចប់​របស់​លោក Donald Trump»។

លោក Sanders ពឹង​លើ​អ្នក​បោះ​ឆ្នោត​វិវឌ្ឍ​និយម​ដូចជា​អ្នកស្រី Pat Delzell ជា​ដើម។

អ្នកស្រី Pat Delzell បញ្ជាក់​ដូច្នេះ​ថា៖ «លោក Bernie Sanders ស្ថិត​ក្នុង​បេះដូង និង​ដួង​ព្រលឹង​ខ្ញុំ​ជាង​បេក្ខជន​ណាៗ​ទាំង​អស់»។

លោក Pete Buttigieg និង​អ្នកស្រី Amy Klobuchar ដែល​ស្ថិត​ពី​ក្រោយ​លោក Sanders ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ New Hampshire ទាក់ទាញ​អ្នក​បោះ​ឆ្នោត​កណ្ដាល​និយម​ដូចជា​លោក Seth Window ជា​ដើម។ លោក Seth Window និយាយ​ថា៖ «ខ្ញុំ​ចង់​បាន​បេក្ខជន​ណា​ដែល​មាន​ថាមពល​ក្លៀវក្លា​ក្នុង​ការ​តទល់​នឹង​លោក Trump ហើយ​ខ្ញុំ​គិត​ថា អ្នកស្រី Klobuchar អាច​ធ្វើ​បាន»។

អ្នកស្រី Julie Pace នៃ​កាសែត Associated Press បាន​បញ្ជាក់​ថា គំនិត​ផ្ទុយ​គ្នា​នេះ​នឹង​លេច​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​របស់​បក្ស​ប្រជាធិបតេយ្យ។

អ្នកស្រី Julie Pace លើក​ឡើង​ដូច្នេះ​ថា៖ «អ្នកស្រី Klobuchar និង​លោក Buttigieg ជា​អ្នក​កណ្ដាល​និយម ហើយ​មាន​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​ដែល​ចាប់​អារម្មណ៍​លើ​បេក្ខជន​ដែល​មាន​ទស្សនៈ​កណ្ដាល​និយម»។

អតីត​អភិបាល​ក្រុង New York លោក Mike Bloomberg មាន​ការ​គាំទ្រ​កើន​ឡើង​នៅ​ក្នុង​ការ​ស្ទង់​មតិ ហើយ​លោក​គ្រោង​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​បេក្ខភាព​ប្រធានាធិបតី​នៅ​ខែ​ក្រោយ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​ជា​អ្នក​ដែល​អាច​ផ្ដួល​លោក Trump បាន ហើយ​រឿង​សំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​គឺ​ការ​ផ្លាស់ប្ដូរ​ប្រធានាធិបតី»។

ប៉ុន្តែ​លោក Sanders បាន​រិះគន់​លោក Bloomberg និង​ទ្រព្យ​សម្បត្តិ​របស់​លោក។

លោក Sanders បញ្ចាក់​ថា៖ «មក​ដល់​ពេល​នេះ ពួក​យើង​កំពុង​ប្រជែង​ជាមួយ​នឹង​មហា​សេដ្ឋី និង​បេក្ខជន​ណា​ដែល​ឧបត្ថម្ភ​ដោយ​មហាសេដ្ឋី»។

លោក Sanders និង​លោក Buttigieg ធ្វើ​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត​កាល​ពី​លើក​មុនៗ ប៉ុន្តែ​ទិដ្ឋភាព​ពិត​ប្រាកដ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

លោក Jim Kessler នៃ​អង្គការ Third Way ថ្លែង​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ការ​ប្រកួត​ដែល​នឹង​បន្ត​ទៅ​មុខ​ប៉ុន្មាន​សប្ដាហ៍​ទៀត យ៉ាង​ហោច​ណាស់​ដល់​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ៣ ខែ​មិនា​ខាង​មុខ»។

រដ្ឋ​ចំនួន ១៤ នឹង​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ៣ ខែ​មិនា ប៉ុន្តែ​លោក Allan Lichtman នៃ​សាកល​វិទ្យាល័យ American University ថា ការ​ប្រកួត​នេះ​អាច​បន្ត​យូរ​ជាង​នេះ។

លោក Allan Lichtman បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ប្រកួត​នេះ​អាច​ជា​ការ​ប្រកួត​ដ៏​យូរ​មួយ​ដោយ​បេក្ខជន​ផ្សេងៗ​គ្នា​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​បឋម​នេះ​ផ្សេង​គ្នា ដោយ​គ្មាន​បេក្ខជន​ណា​ម្នាក់​នាំ​មុខ​ដាច់​គេ​នៅ​ពេល​សន្និបាត​តែងតាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ចូល​មក​ដល់។ ហើយ​ដល់​ពេល​នោះ គណៈប្រតិភូ​អាច​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​តែ​ម្ដង»។

ទោះជា​យ៉ាង​នេះ​ក្ដី ឥឡូវ​នេះ បេក្ខជន​ទាំង​នេះ​កំពុង​ផ្ដោត​លើ​ការ​បោះ​ឆ្នោត​បេក្ខភាព​ប្រធានាធិបតី​នៅ​រដ្ឋ Nevada និង​រដ្ឋ South Carolina នៅ​ចុង​ខែ​នេះ៕

ប្រែសម្រួលដោយ ភី សុភាដា

XS
SM
MD
LG