ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​លើក​លែង​ទោស​​ដល់​បុគ្គល​សំខាន់ៗ​មួយ​ចំនួន


រូបឯកសារ៖ អតីតអភិបាលរដ្ឋ Illinois លោក Rod Blagovjevich និយាយជាមួយក្រុមអ្នកសារព័ត៌មាននៅខាងក្រៅផ្ទះរបស់លោក កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ មុនពេលត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារ។
រូបឯកសារ៖ អតីតអភិបាលរដ្ឋ Illinois លោក Rod Blagovjevich និយាយជាមួយក្រុមអ្នកសារព័ត៌មាននៅខាងក្រៅផ្ទះរបស់លោក កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ មុនពេលត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារ។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាល​ពី​ថ្ងៃ​អង្គារ​បាន​លើក​លែង​ទោស​ដល់​បុរស​មួយ​ក្រុម​ដែលត្រូវ​បានកាត់​ទោស​អំពី​បទ​ឧក្រិដ្ឋ​ចម្រុះ​គ្នា ដោយ​ក្នុង​ចំណោម​នោះ​ក៏​មានអតីត​អភិបាល​រដ្ឋ​ពី​គណបក្ស​ប្រជាធិបតេយ្យ​មួយ​រូប ដែល​ធ្លាប់​បាន​ព្យាយាម​លក់​អាសនៈ​ព្រឹទ្ធសភា​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)។

លោក​ត្រាំ​ ដែលពេល​កន្លង​មកថ្មីៗ​បាន​ លើក​លែង​ទោស​ឲ្យ​បុគ្គល​ល្បី​ឈ្មោះ​មួយ​ចំនួន​ដែល​បាន​រំលោភ​ច្បាប់ ​បាន​សម្រាល​ទោសពន្ធនាគារ​១៤​ឆ្នាំ​របស់លោក​ Rod Blagojevich ក្រោយ​ពី​លោក​បាន​ជាប់​ពន្ធនាគារ​អស់​៨​ឆ្នាំ​មក​នេះ។

លោក Blagojevich​ អាយុ​៦២​ឆ្នាំ ត្រូវ​នៅ​ជាប់​ពន្ធនាគារ​រហូត​ដល់​ខែ​ឧសភា​ឆ្នាំ​២០២៤។ ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារកាល​ពី​ថ្ងៃ​អង្គារ ​ហើយ​បាន​ថ្លែង​អំណរគុណ​ដល់​លោក​ប្រធានាធិបតី​ត្រាំ។

​ក្រោយ​ពី​លោក​ បារ៉ាក់ អូបាម៉ា បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០០៩ លោក Rod Blagojevich ដែល​ជា​អតីត​អភិបាល​រដ្ឋ Illinois ទទួល​តែងតាំង​អ្នក​ជំនួស​អាសនៈ​ព្រឹទ្ធសភា​របស់​លោក​អូបាម៉ា។ ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ FBI បាន​លួច​ស្តាប់​ការសន្ទនា​របស់​លោក Blagojevich ដោយ​លោក​ថា​លោក​ព្យាយាម​លក់​អាសនៈ​នៅ​ទទេ​របស់​លោក​អូបាម៉ា និង​បាន​និយាយ​ថា «គេ​មិន​ដែល​ឲ្យ​អាសនៈ​នេះ​ទទេ​ទេ‍»។

​កន្លង​មក​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួនបាន​សុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទោស​ពន្ធនាគារ​១៤​ឆ្នាំ​របស់លោក Blagojevich ប៉ុន្តែ​មន្ត្រី​គណបក្ស​សាធារណរដ្ឋ​វិញ​សុំ​ឲ្យ​លោក​ត្រាំ​កុំ​បន្ថយ​ទោស​នេះ ដើម្បី​ឲ្យ​លោក​រក្សា​ជំហរ​ប្រឆាំង​នឹង​ការ ​«យក​លុយ​ទិញ​នយោបាយ​បាន‍»។

លោក​ត្រាំ កាល​ពី​ថ្ងៃ​អង្គារ​ក៏​បាន​លើក​លែង​ទោស​ដល់​ Bernie Kerik អតីត​ស្នងការ​នគរបាល​ក្រុង​ញូវយ៉ក ដែល​បាន​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​ចំពោះ​ការ​គៃ​បន្លំ​ពន្ធ និង​លោក Edward DeBartolo Jr. អតីត​ម្ចាស់​ក្រុម​កីឡា​បាល់ឱប​អាមេរិក​ San Francisco 49ers ដែល​បាន​សារភាព​ថា​ លោក​បាន​លាក់​ពី​ការ​ធ្វើ​សំណូក ៤០០.០០០ (៤សែនដុល្លារ) ដល់​អតីត​អភិបាល​រដ្ឋ Lousinana កាល​ពី​ឆ្នាំ​១៩៩៨៕

XS
SM
MD
LG