នៅថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា រដ្ឋាភិបាលចម្រុះរបស់លោក មានស្ថិរភាព ហើយលោកបានបដិសេធនូវអនុសាសន៍មួយដោយពួកប៉ូលិសដែលសុំឱ្យមានការចោទប្រកាន់គាត់ពីបទប្រព្រឹត្តអំពើពុករលួយក្នុងករណីយពីរដាច់ដោយឡែកពីគ្នា។
លោក Netanyahu បានថ្លែងថា៖ «ទាំងខ្ញុំឬក៏នរណាផ្សេងទៀតគឺគ្មានផែនការរៀបចំការបោះឆ្នោតទេ។ យើងនឹងបន្តធ្វើការជាមួយគ្នាដើម្បីភាពល្អប្រសើរនៃពលរដ្ឋអ៊ីស្រាអែល រហូតដល់ដំណាច់អាណត្តិ»។
អនុសាសន៍ឱ្យមានការចោទប្រកាន់ពីបទព្រហ្មទណ្ឌកាលពីថ្ងៃអង្គារ មានឡើងក្រោយពីមានការស៊ើបអង្កេតរាប់ខែអំពីការចោទប្រកាន់ថា លោក Netanyahu បានទទួលកាដូថ្លៃៗពីពួកសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារដោយមានរួមបញ្ចូលលោក Arnon Milchan ផលិតករ នៅ Hollywood មានដើមកំណើតអ៊ីស្រាអែល និង លោក James Packer សេដ្ឋីខាងបណ្តាញផ្សាយព័ត៌មានអូស្ត្រាលី។
លោក Avichai Mandelblit រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីស្រាអែលនឹងធ្វើសេចក្តីសម្រេចចុងក្រោយបង្អស់ ថាតើនឹងចោទប្រកាន់ Netanyahu ឬក៏បែបណា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល រូបនេះបាននិយាយកាលពីថ្ងៃអង្គារថា អនុសាសន៍របស់ប៉ូលិស «នឹងមិនបានការអ្វីទេ»។
លោក Amit Hadad មេធាវីរបស់ Netanyahu បាននិយាយនៅក្នុងសេចក្តីសម្ភាសន៍មួយតាមវិទ្យុថា ការចោទប្រកាន់ទាំងនេះបានត្រូវ«បំប៉ោង»ហើយថា លោក Netanyahu មិនបានទទួលសំណូកទេ។
លោក Ehud Barak ដែលជាគូប្រជែងយូរយាមកហើយរបស់លោក Natanyahu បានហៅការចោទប្រកាន់ពីបទពុករលួយទាំងនេះថាជា «ការគួរឱ្យស្អប់ខ្ពើម»។
ពួកមេដឹកនាំក្រុមប្រឆាំងបាននិយាយថា លោក Netanyahu គួរចុះចេញពីតំណែង ចំណែកឯពួកសមាជិកនៃគណបក្ស Likud របស់លោកបានសម្តែងការគាំទ្រដល់នាយករដ្ឋមន្ត្រីរូបនេះ៕