មហាសេដ្ឋី​នេប៉ាល់​ជួយ​កសាង​ប្រទេស​ឡើង​វិញ

រូបថតឯកសារ៖ មហាសេដ្ឋី Binod Chaudhary នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ Reuters កាលពីឆ្នាំ​២០១៣។

មហាសេដ្ឋី​ទី​មួយ​និង​មាន​តែ​មួយ​នៅ​ក្នុង​ប្រទេសនេប៉ាល់​បាន​សន្យា​ថា​នឹង​ជួយ​កសាង​ផ្ទះ​និង​សាលារៀន​ឡើង​វិញ​នៅ​ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​មហន្តរាយមួយ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​របស់​លោក។ លោក​ Binod Chaudhary​ ប្រធាន​សាជីវកម្ម​ CG និងក្រុម​ហ៊ុន​ Globlal​ and Chaudhary Group នៅ​ប្រទេស​នេប៉ាល់​បាន​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​បញ្ហា​ប្រឈម​ដ៏​ធំ​ដែល​ប្រទេស​របស់​លោក​កំពុង​ជួប​ប្រទះ​ ហើយ​និង​អ្វីដែល​លោក​កំពុង​ធ្វើ​ដើម្បី​ជួយ​ប្រទេស​នេះ។

គាត់​មាន​ប្រសាសន៍​ថា «វា​ប្រហែល​ជា​ពេល​វេលា​មួយ​ដែល​មាន​ឧបសគ្គ​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​នេប៉ាល់»។

ក្រុមហ៊ុន​សាជីវកម្ម​ Chaudhary Group​ គឺ​ជា​បណ្តុំ​ក្រុមហ៊ុនមាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​កដ្ឋមណ្ឌូ (Kathmandu) ដែល​មាន​មុខ​ជំនួញ​ជិត​៨០​ និង​មាន​ប្រាក់​ចំណេញ​សរុប​ជាង​៨០០​លាន​ដុល្លារ។ ក្រៅតែ​ពី​ជា​អ្នក​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​១ពាន់​៥រយ​នាក់​នៅ​ក្នុង​ពិភពលោក​ លោក​ Chaudhary ក៏​ជា​ជនជាតិ​នេប៉ាល់​ម្នាក់​ដ៏​មាន​មោទនភាព​ដែល​បាន​ដឹង​ពី​ពេលវេលា​ក្នុង​ការ​ជួយ​ប្រទេស​របស់​លោក។

លោក​ Chaudhary​ មាន​ប្រសាសន៍​ថា៖ «ក្តី​សង្ឃឹម​របស់​យើង​គឺ​ថា ឆាប់ៗ​នេះ​យើង​នឹង​អាច​មាន​លទ្ធភាព​ក្នុង​ការ​រក​ដៃគូ​ត្រឹមត្រូវ​ដែល​នឹង​ជួយ​គាំទ្រ​យើង​ក្នុង​ការ​សម្រេច​គោលដៅ​កសាង​ផ្ទះ​ចំនួន​មួយ​ម៉ឺន​កន្លែង​ដែល​យើង​បាន​គ្រោង​ធ្វើ​ឡើង​ ហើយ​យើង​សង្ឃឹម​ថា​ នឹង​មាន​សាលា​ជាង​មួយរយ​កន្លែង​ដែល​យើង​មាន​គម្រោង​ជួសជុល​ឡើង​វិញ។

លោក​ Chaudhary បាន​មាន​ប្រសាសន៍​ថា មូលនិធិ ​Pricewaterhouse​ ក្រុមហ៊ុន SEEDS India ក្រុមហ៊ុន​ Tata Group​ និង​ក្រុម​ហ៊ុន​ Ali Baba Group​ គឺ​ជា​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បាន​យល់​ព្រម​សហការ​ក្នុង​កិច្ច​ការងារ​នេះ។

អង្គការ​សហប្រជាជាតិ​និយាយ​ថា​ មនុស្ស​៨​លាន​នាក់​ដែល​ស្មើ​នឹង​ជាង​១ភាគ​បួន​នៃ​ប្រជាជន​នេប៉ាល់​បាន​រង​ការ​ប៉ះពាល់​ពី​គ្រោះ​មហន្តរាយ​នេះ។

លោក​ Keshav Koirala​ ការី​និពន្ធ​ឌីជីថល​នៃ​កាសែត​ Himalayan Times កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទះ​ល្វែង​របស់​លោក​ជាមួយ​នឹង​ក្រុម​គ្រួសារ​នៅ​ពេល​ដែល​រញ្ជួយ​ដី​បាន​កើតឡើង។

លោក​មាន​និយាយ​ថា៖ «មនុស្ស​គ្រប់​គ្នា​ចាប់​ផ្ដើម​ភ័យ​រន្ធត់។ រញ្ជួយដី​មិន​បាន​ឈប់​ក្នុង​រយៈ​ពេល​៣០​ទៅ​៤០​វិនាទី​ទេ​ ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ វា​មិន​មែន​ជា​រញ្ជួន​ដី​តូច​តាច​នោះ​ដែរ»។

ប្អូន​ស្រី​របស់​លោក​កំពុង​បី​ក្មួយ​ប្រុស​របស់​លោក​ដែល​មាន​អាយុ​៧​ខែ​ នៅ​ពេល​ដែល​អាគារ​បន្ត​ញ័រ​រញ្ជួយ។

«ខ្ញុំ​បាន​យក​កូន​តូច​ចេញ​ពី​ដៃប្អូន​ស្រី​ ហើយ​យក​ទៅ​ពួន​ក្រោម​សាឡុង​ ដោយ​គិត​ថា​ បើទោះ​បីជា​ផ្ទះ​ដួល​រលំ​ ក៏​យើង​នៅ​មាន​សុវត្ថិភាព​ដែរ។ វា​គឺ​ដូច​ជា​សុបិន​អាក្រក់​មួយ​អញ្ចឹង»។

ទោះ​បី​ជា​ពួក​គេ​មាន​បទពិសោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​ក៏​ដោយ​ លោក Keshav​ និង​ក្រុម​គ្រួសារ​របស់​លោក​គឺ​ជា​មនុស្ស​មាន​សំណាង​ក្នុង​ចំណោម​អ្នក​ដែល​បាន​រួច​ជីវិត។ ផ្ទះ​របស់​លោក​មិន​បាន​រលំ​ទេ​ ហើយ​សមាជិក​គ្រួសាររបស់​លោក​បាន​រួច​ជីវិត​ទាំង​អស់។ ក៏​ប៉ុន្តែ​សាលារៀន​សម្រាប់​ក្មេងៗ​ក្នុង​ទីក្រុង​កដ្ឋមណ្ឌូ​បាន​ខ្ទេច​អស់​ទៅ​ហើយ។

នាយក​សាលា លោក​ ​Ojesh Bajracharya បាន​និយាយ​ថា៖ «យើង​ទើប​តែ​បាន​ពិសា​អាហារ​ថ្ងៃត្រង់​ហើយ​យើង​ទើប​តែ​ចេញ​ពី​បន្ទប់​ញ៉ាំ​បាយ។ ​រំពេច​នោះ​ អាគារ​ទាំង​មូល​ចាប់​ផ្តើម​រង្គើ។ ដូច្នេះ​យើង​បាន​ប្រមូល​សិស្ស​របស់​យើង​ទាំ​ងអស់​ ហើយ​យើង​នាំ​គ្នា​ក្រាប​ចុះ​ទៅ​នឹងដីក្នុង​កន្លែង​ក្មេង​លេង។ សំណាង​ល្អ នៅ​ពេល​នោះ​យើង​នៅ​ខាង​ក្រៅ​សាលា ដូច្នេះ​គ្រប់​គ្នា​មាន​សុវត្ថិភាព»។

អាគារ​ពីរ​ក្នុង​ចំណោម​អាគារ​ទាំង​ប្រាំ​របស់​សាលា​នោះ​ នៅ​មាន​សភាព​ដូច​ដើម។ សិស្ស​សាលា​ទាំង​៧០​នាក់​ដែល​បាន​រស់​នៅ​ក្នុង​សាលា​នោះ​ ត្រូវ​បាន​បង្ខំ​ឲ្យ​ស្វែង​រក​កន្លែង​រស់​នៅ​ផ្សេង​ទៀត។ សិស្ស​សាលា​ទាំង​៥៤០នាក់​នៅ​តែ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា ​តើ​ពេល​ណា​ពួកគេ​អាច​ត្រឡប់​មក​រៀន​វិញ​បាន​ដូច​ដើម។

លោក​ Bajracharya ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​ទៅ​ការិយាល័យ​ក្រុង​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ចុះ​មក​មើល​សាលា​របស់​ខ្ញុំ ក៏​ប៉ុន្តែ​មាន​គេ​ប្រាប់​ខ្ញុំ​ថា​ ឥឡូវ​នេះ​ រឿង​នេះ​មិន​មែន​ជា​អាទិភាព​របស់​គេ​ទេ។ ខ្ញុំ​មិន​ដឹង​ជា​ធ្វើ​យ៉ាង​ម៉េច​ទេ។​

រដ្ឋាភិបាល​នេប៉ាល់​បាន​ប៉ាន់​ប្រមាណ​ថា​ សាលារៀន​ច្រើន​ជាង​៦រយ​កន្លែង​និង​លំនៅដ្ឋាន​ប្រហែល​៣០​ម៉ឺន​កន្លែងបាន​រង​ការ​ខូចខាត​និង​ត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​ពេល​នៃ​ការ​រញ្ជួយ​ដី​នោះ។

ក្រុមហ៊ុន​ Chaudhary Group​ គឺ​ជា​ក្រុមហ៊ុន​ដំបូង​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ដែល​ស្វែង​រកការ​ខិតខំ​ប្រឹងប្រែង​នៅ​នឹង​កន្លែង​ក្នុង​ទីក្រុង​កដ្ឋមណ្ឌូ​ក្រោយ​ពី​មាន​ការរញ្ជួយ​ដី។

លោក ​Chaudhary​ មាន​ប្រសាសន៍​ថា៖​ «យើង​បាន​ប្រែ​ក្លាយ​សាលា​របស់​យើង​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ក្រុង​កដ្ឋមណ្ឌូ​ឲ្យ​ទៅជា​ជំរុំ​ជួយ​សង្គ្រោះ​នៅ​ពេល​ដែល​រញ្ជួយ​ដី​បាន​កើត​ឡើង​ភ្លាម ​កាល​ពីថ្ងៃទី​២៥។ បន្ទាប់​មក​យើង​បាន​ចាប់​ផ្តើម​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន​ទាក់ទិន​នឹង​ការ​នាំ​យក​ចំណី​អាហារ​ ទឹក ភេសជ្ជៈ​ ថ្នាំ​សង្កូវ​ និង​ប្រព័ន្ធ​គាំទ្រ​ផ្នែក​សុខាភិបាល​ទៅ​កាន់​តំបន់​ផ្សេងៗ​ជា​ច្រើន​ក្នុង​ប្រទេស​នេះ»។​

លោក Koirala​ បាន​និយាយ​ថា​ ការ​ផ្តួចផ្តើម​របស់​លោក​ Chaudhary​ ទទួល​បាន​ការ​ស្វាគមន៍​ ក៏​ប៉ុន្តែ​ លោក​សង្ឃឹម​ថា​ ក្រុមហ៊ុន​សាជីវកម្ម​ផ្សេង​ទៀត​និង​បុគ្គល​មាន​ទ្រព្យ​ធន​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​និង​ធ្វើ​តាម​គំរូ​របស់​លោក​ Chaudhary។

លោក​ Koirala និយាយ​ថា៖ «វា​មិន​មែន​ជា​ការងារ​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​បាន​ទេ។ មនុស្ស​គ្រប់​រូប​អាច​ចូលរួម​ចំណែក​ទៅតាម​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន»។

លោក​ Chaudhary​ បាន​យល់​ស្រប​ដោយ​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ស្ថានភាព​ដែល​ធនធាន​ទាំង​អស់​ត្រូវ​តែ​ដាក់​រួម​គ្នា​ មិន​ថា​មក​ពី​រដ្ឋាភិបាល ​ស្ថាប័ន​ឯកជន​ អង្គការ​អន្តរជាតិ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬក៏​សហគមន៍​អន្តរជាតិ​ទេ»។

នៅ​ឆ្នាំ​២០១០​ លោក ​Chaudhary​ បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ឈីលី​ជាមួយ​នឹង​ភរិយា​របស់​លោក​នៅ​ពេល​ដែល​រញ្ជួយដី​ធំ​ទី​៦​ក្នុង​ប្រវត្តិសាស្ត្រ​បាន​វាយ​ប្រហារ​លើ​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង​មួយ​នេះ។

លោក​ Chaudhary​ មាន​ប្រសាសន៍​ថា៖ «វាសនា​របស់​ខ្ញុំ​ហាក់​បីដូច​ជា​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រញ្ជួយ​ដី​ដែល​មាន​កម្លាំង​ខ្លាំង​បែប​នេះ»។

លោក​ Kiran Shrestha ចាងហ្វាង​រោង​ពុម្ព​ Nepalaya Production​ ដែល​បាន​សរសេរ​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ Chaudhary​ បាន​និយាយ​ថា​ រញ្ជួយ​ដី​នៅ​ឈីលី​បាន​បន្សល់​ទុក​នូវ​ឥទ្ធិពល​យ៉ាង​ជ្រៅ​ក្នុង​ជីវិត​របស់​គាត់។

លោក​និយាយ​ថា៖ ​«គាត់​ជួប​ប្រទះ​នឹង​របៀប​ដែល​ជីវិត​មិន​ច្បាស់លាស់​អាច​មាន ដូចជា​ការ​រក​ប្រាក់​បាន​ និង​អ្វីៗ​ផ្សេង​ទៀត»។

លោក​ Chaudhary​ បាន​និយាយ​ដល់បទពិសោធន៍​របស់​លោក​ថា៖ «វា​ហាក់​ដូចជា​យើង​កំពុង​រង់​ចាំ​សេចក្តី​ស្លាប់​ដែល​នៅ​ពី​មុខ​យើង​ គឺ​វាស្ទើរតែ​មក​ដល់​យើង។ ការ​ដែល​បាន​រួច​ជីវិត​ពី​រឿង​នោះ​ ខ្ញុំ​គិត​ថា​ វា​ដូច​ជា​ការ​បើក​ជំពូក​ប្រវត្តិសាស្ត្រ​ថ្មី​ស្រឡាង​ក្នុង​ជីវិត»។

ជំពូក​ប្រវត្តិសាស្ត្រ​ថ្មី​បំផុត​សម្រាប់​ជីវិតលោក​ Chaudhary​ គឺ​នៅ​ប្រទេស​នេប៉ាល់៖ «នៅ​ទីបញ្ចប់​អត្តសញ្ញាណ​របស់​យើង​គឺ​ប្រទេស​នេប៉ាល់។ យើង​ជំពាក់​អ្វី​គ្រប់​យ៉ាង​ដែល​យើង​មាន​ទៅ​លើ​ប្រទេស​នេប៉ាល់ ហើយ​យើង​បាន​គិត​ថា​ នេះ​ជា​ពេល​វេលា​ដែល​យើង​ត្រូវ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន។ ខ្ញុំ​កំពុង​រៀបចំ​ឲ្យ​ល្អ​បំផុត​នូវ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន ទាំង​សមត្ថភាព​ផ្នែក​គ្រប់គ្រង​ផ្ទាល់​របស់​យើង​ ពេលវេលា​ ការ​ខិតខំ​ប្រឹងប្រែង​ ក៏ដូច​ជា​បណ្តាញ​មិត្តភក្តិ​របស់​យើង​ និង​ធនធាន​ដែល​យើង​អាច​ប្រមូល​បាន​ ដើម្បី​ដោះស្រាយ​បញ្ហាទាំង​អស់​នេះ​សម្រាប់​ប្រទេស»។

លោក​ Chaudhary​ សង្ឃឹម​ថា​ ក្នុង​រយៈ​ពេល​៦ខែ​ លោក​នឹង​អាច​សម្រេច​បាន​យ៉ាង​ហោច​ណាស់​ផ្ទះ​សម្រាប់​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ចំនួន​មួយពាន់​ខ្នង​ក្រោម​ការ​ផ្តល់​មូលនិធិ​ទាំង​ស្រុង​ពី​ក្រុមហ៊ុន​ Chaudhary Group៕

ប្រែ​សម្រួល​ដោយ ​នៀម​ ឆេង