ប្រជាពលរដ្ឋនៅក្នុងប្រទេសនេប៉ាល់ដែលរងផលប៉ះពាល់ដោយសារការរញ្ជួយផែនដី កំពុងត្រូវការទឹកហើយនិងរបស់របរសំខាន់ៗផ្សេងទៀតនៅថ្ងៃអង្គារនេះ នៅពេលដែលក្រុមកម្មករជួយសង្គ្រោះនិងក្រុមអង្គការមនុស្សធម៌បន្តព្យាយាមឲ្យទៅដល់ប្រទេសនោះ ហើយនិងអ្នកដែលនៅកប់ក្រោមកំទេចបាក់បែក។
អង្គការសហប្រជាជាតិបាននិយាយថា គ្រោះមហន្តរាយបានធ្វើឲ្យប៉ះពាល់មនុស្ស៨លាននាក់ ដោយមនុស្ស១លាន៤សែននាក់ត្រូវការជំនួយម្ហូបអាហារ។ក្រុមមន្រ្តីបាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់បានកើនឡើងជាង៤៣០០នាក់ ដោយមានមនុស្សប្រហែល៨០០០នាក់បានរងរបួស។ ពួកគេបាននិយាយថា ចំនួនមនុស្សស្លាប់អាចកើនកាន់តែខ្ពស់ឡើង នៅពេលដែលក្រុមកម្មករបោសសម្អាតកំទេចបាក់បែក ហើយនិងអាចចូលក្នុងតំបន់ដាច់ស្រយាលនានា។
មនុស្សជាច្រើនបានចំណាយពេលមួយយប់ទៀតសម្រាកនៅខាងក្រៅឬក្រោមតង់ ដោយមានការរញ្ជួយផែនដីជាបន្តបន្ទាប់ដោយមានកម្លាំងពី៤ទៅ៥រ៉ិចទ័រ ដែលធ្វើឲ្យរង្គើតំបន់នោះនៅឡើយ បន្ទាប់ពីការរញ្ជួយផែនដីដែលមានកម្លាំង ៧.៨រ៉ិចទ័រ កាលពីថ្ងៃសៅរ៍។
លោក Steve Herman អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ដែលបានស្ថិតនៅក្នុងរដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu) បានធ្វើដំណើរទៅកាន់រដ្ឋធានីដោយគ្មានបញ្ហាអ្វីទេនៅថ្ងៃអង្គារនេះ ក៏ប៉ុន្តែការចេញចូលតំបន់ឆ្ងាយៗនៅតែមានបញ្ហា។
លោកនិយាយថា ការព្រួយកង្វល់ដ៏ធំគឺភូមិនានានៅជិតចំណុចនៃការរញ្ជួយផែនដី។ គ្មានមធ្យោបាយដើម្បីឲ្យបានទៅដល់កន្លែងនោះតាមផ្លូវថ្នល់ទេ។មធ្យោបាយតែមួយគត់ដើម្បីឲ្យទៅដល់ទីកន្លែងនោះគឺតាមឧទ្ធម្ភាគចក្រ ហើយយើងកំពុងទទួលបានសេចក្តីរាយការណ៍ពីភូមិមួយ។ ភូមិនោះមានមនុស្ស៥០០នាក់ ភូមិមួយទៀត មានមនុស្ស១០០០នាក់ ហើយភូមិនានាទៀតដូចជាភូមិនោះដែរ ត្រូវបានរងការបំផ្លាញខ្ទេចខ្ទី។
មន្រ្តីសុខាភិបាលបានព្រមានអំពីភាពគ្រោះថ្នាក់នៃជំងឺ ដោយការខ្វះទឹកស្អាតហើយមនុស្សជាច្រើនបានត្រូវប្រមូលផ្តុំនៅកណ្តាលវាល៕