ពលរដ្ឋ​ជិត​៣០០​នាក់​សុំ​ឱ្យ​​​អភិបាល​ខេត្ត​កណ្តាល​កាត់​ដី​ពួកគេ​ចេញ​ពី​គម្រោង​ព្រលាន​យន្តហោះ​ថ្មី

ពលរដ្ឋ​កំពុង​រង់ចាំ​ប្រជុំ​ជាមួយ​មន្រ្តី​​សាលាខេត្ត​​​​​​​ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពាក់ព័ន្ធនឹង​គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

ប្រជា​ពលរដ្ឋ​ជិត​៣០០​នាក់ ​នៅព្រឹក​ថ្ងៃចន្ទ​នេះ​ ស្នើសុំ​ជាថ្មី​ឱ្យអភិបាល​ខេត្ត​កណ្តាល​ធ្វើ​អន្តរាគមន៍ឱ្យកាត់​ឆ្វៀលដី​របស់​ពួកគាត់​ចេញ​ពីគម្រោងសាង​សង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី។ ​

​ប្រជាពលរដ្ឋ​ជិត​៣០០​នាក់​នោះ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​៥៣៨គ្រួសារ រស់​នៅ​តំបន់​៩៤ ស្ថិត​ក្នុង​ភូមិ​អំពៅ​ព្រៃ ភូមិស្វាយព្រៃ និង​ភូមិជ្រៃយោង ឃុំ​កណ្តោក ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល និង​ភូមិអាចម៍​កុក សង្កាត់​កំពង់សំណាញ់ ​ក្រុងតាខ្មៅ ខេត្ត​កណ្តាល។

អ្នកស្រី​ អួង ស៊ីម ​ពលរដ្ឋ​រស់នៅភូមិអំពៅព្រៃ ​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាងមុខ​សាលា​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​ទី​២៤ ខែមេសា​នេះ​ថា​ អ្នកស្រី​បាន​រស់​នៅ​លើដី​ទំហំ​១០​ម៉ែត្រ គុណ​នឹង​២០​ម៉ែត្រ ​ដែល​ស្ថិតក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​នោះជាង២០​ឆ្នាំ​មក​ហើយ។​ អ្នកស្រីថា អ្នកស្រី​ និង​ពលរដ្ឋទាំង​ជាង​៥០០​គ្រួសារ ស្នើ​សុំ​អភិបាលខេត្តកណ្តាល​ដោះ​ស្រាយ​ឱ្យ​មានការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ផ្តល់​បណ្ណ​កម្មសិទ្ធិ និង​កាត់​ដី​របស់​ពួកគាត់​ចេញ​ពី​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​។

អ្នកស្រី អួង ស៊ីម ពលរដ្ឋ​រស់នៅភូមិអំពៅព្រៃ​និយាយ​ជាមួយ​អ្នកសារព័ត៌មានក្នុង​អំឡុង​ការសុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្តកណ្តាល​ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពាក់ព័ន្ធនឹង​គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខាងមុខ​សាលាខេត្ត​កណ្តាល នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «គាត់ [ប្រជាពលរដ្ឋ] រស់​នៅ​អត់​មាន​ប្លង់​កម្មសិទ្ធិ​អីទេ ក៏​ប៉ុន្តែ​គាត់​រស់​នៅ​មាន​សៀវភៅ​គ្រួសារ ​អត្តសញ្ញាណប័ណ្ណ ​បញ្ជីជាតិ ​ប័ណ្ណ​បោះឆ្នោត គាត់​មានឯកសារ​ហ្នឹង​សម្គាល់​ថា​គាត់​រស់​នៅ​ស្រប​ច្បាប់។ អ៊ីចឹង​ការ​រស់​នៅ​ស្រប​ច្បាប់នេះ ខ្ញុំគឺ​ចង់​មក​សុំទាមទារ​គាត់ [អភិបាល​ខេត្ត​កណ្តាល] ដើម្បីដូចថា​ពួកខ្ញុំ​រស់នៅ​ស្រប​ច្បាប់​អ៊ីចឹង ដើម្បី​ឱ្យ​គា​ត់ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ ហើយ​កន្លែង​ណា​ដែល​ខ្ញុំ​ទទួល​យក​បាន។ បើកន្លែង​ណាគាត់​ឱ្យ​ខ្ញុំ​មិនទទួល​យក​បាន គឺពួកខ្ញុំ​អត់​ទៅទេ»។

អ្នកស្រីបន្ថែមថា ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​ទទួល​បាន​ដំណោះស្រាយពី​ខាង​ខេត្ត​ទេ​ នោះ​ប្រជាពលរដ្ឋ​នឹង​ប្តឹង​តវ៉ា​បន្ត​ទៅ​ក្រសួង​ដែន​ដី និង​ខុទ្ធកាល័យ​នាយក​រដ្ឋមន្រ្តី។​

ចំណែក​លោក ស៊ុន សំបូរ​ ពលរដ្ឋ​ដែល​មាន​ដី​ក្នុង​ភូមិ​អំពៅព្រៃ​ដែរ​នោះ ប្រាប់ VOA ថា ពលរដ្ឋ​ ចង់​ឱ្យ​មានការ​អភិវឌ្ឍ​នៅ​នឹងកន្លែង មិនចង់​បាន​សំណងនោះទេ ​។

លោក ស៊ុន សំបូរ ពលរដ្ឋ​រស់នៅភូមិអំពៅព្រៃ កំពុង​ជួបជុំគ្នានៅមុខ​សាលាខេត្តកណ្តាល សុំ​អន្តរាគមន៍​ពីអភិបាល​ខេត្ត​ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពាក់ព័ន្ធនឹង​គម្រោង​ព្រលាន​យន្តហោះអន្តរជាតិ​ថ្មី នៅ​ថ្ងៃ​ទី២៤ ខែមេសា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោកថ្លែងថា៖ «ពួកខ្ញុំ​អត់​ចង់​មាន​ជាការ​ដោះដូរ​អីទេ ពួកខ្ញុំចង់​រស់នៅ​ផ្ទាល់ ដោយសារ​មានបង​ប្អូន​ប្រជាពលរដ្ឋ​គាត់​រស់នៅ​តាំង​ពី​២០-​៣០​ឆ្នាំ​មក​ហើយ ដល់​អ៊ីចឹង​កូនចៅគាត់​រស់​នៅ​ទីហ្នឹង ហើយ​ការ​រៀន​សូត្រអី​ក៏ជិត​សាលារៀន​ មន្ទីរពេទ្យ»។

ក្រុមហ៊ុន​ OCIC របស់​លោក ពុង ខៀវសែ កំពុង​សាង​សង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ដែល​គេស្គាល់​ឈ្មោះ​ថា​ «អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តា​ខ្មៅ» មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ ១,៥០០ លាន​ដុល្លារ​អាមេរិក ​លើ​ផ្ទៃ​ដីទំហំ​ប្រមាណ​ជា​២,៦០០ហិកតា ស្ថិត​ក្នុង​ក្រុង​តាខ្មៅ និងស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល។

ក្រោយ​ការ​ប្រមូលផ្តុំ​ដោយ​មានកាន់​បដារ និង​លិខិត​ស្នើ​សុំ​នៅ​ខាងមុខ​សាលាខេត្ត​កណ្តាល​បាន​បន្តិច មន្រ្តី​សាលា​ខេត្ត​បាន​ហៅ​ឱ្យ​ប្រជាពលរដ្ឋទាំង​ជិត​៣០០​នាក់​ ដែល​មាន​ទាំង​កុមារ​តូចៗ​ផង ចូល​ក្នុង​សាល​សាលាខេត្ត​ដើម្បី​ប្រជុំ។ នៅ​មុនការ​ចាប់​ផ្តើម​ប្រជុំ មន្រ្តី​សាលាខេត្ត​បាន​ដេញ​អ្នកសារព័ត៌មាន​ដែល​កំពុង​ស្ថិតក្នុង​សាល​ប្រជុំ​នោះចេញ​ ដោយ​ប្រាប់​ថា សាលា​ខេត្ត​មិនបាន​អញ្ជើញ​ឱ្យ​ចូលរួម។​

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំជាមួយ​សាលា​ខេត្ត លោក ស៊ុន សំបូរ ពលរដ្ឋ​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​លើកឡើង​ថា អភិបាល​រង​ខេត្ត​ពី​រូប គឺ​លោក​ នូវ ប៉េងច័ន្ទ​តារា និង​លោក ណុប ដារ៉ា ប្រាប់​ថា លោក គង់ សោភ័ណ្ឌ ដែល​ជា​អភិបាល​ខេត្ត កំពុង​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ លោក ស៊ុន សំបូរ​ ថា អភិបាល​រងខេត្ត​ទាំង​ពីរបាន​ទទួលយកលិខិតដែល​ជាសំណើ​របស់​ពលរដ្ឋ​ និង​ប្រាប់​ឱ្យ​ទៅ​សាលាខេត្ត​ម្តងទៀត​នៅ​សប្តាហ៍​ក្រោយ។

ពលរដ្ឋ​កំពុង​ជួបជុំគ្នានៅ​មុខ​សាលាខេត្ត​កណ្តាល សុំ​អន្តរាគមន៍​ពី​អភិបាលខេត្ត​ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពាក់ព័ន្ធនឹង​គម្រោង​ព្រលាន​យន្តហោះ អន្តរជាតិ​ថ្មី នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋ​បានដាក់លិខិត​សុំ​អន្តរាគមន៍​ទៅ​សាលា​ខេត្ត​កណ្តាល​ម្តង​រួច​មកហើយ​ ដោយ​ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា មន្រ្តី​សាលា​ខេត្ត​បាន​ទទួល​យក​លិខិត តែ​មិន​មាន​ដំណោះស្រាយ​ណាមួយ​ឡើយ។

អភិបាល​រង​ខេត្ត​កណ្តាល ​លោក ណុប ដារ៉ា​ ប្រាប់ VOA ថា​ នៅ​រសៀល​ថ្ងៃនេះ​ លោក​បានប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​វិញ និង​រង់​ចាំការ​ជូន​ដំណឹងពី​ការ​ជួប​ប្រជុំ​ពេល​ក្រោយ ដោយសារ​មិន​មាន​វត្តមាន​របស់អភិបាល​ខេត្ត។​

លោកថ្លែងថា៖ «ដោយ​សារឯកឧត្តម​អភិបាល​ខេត្ត​លោក​អត់​ទំនេរ លោកជាប់​រវល់​បេសកកម្ម​នៅ​ខាងក្រៅ អ៊ីចឹង​លោក​អត់​ទាន់​បាន​ទទួល​ព័ត៌មាន ហើយអ៊ីចឹងក៏​ខ្ញុំ​បាន​ជម្រាប​ប្រជាពលរដ្ឋ​គាត់​អញ្ជើញត្រឡប់​ទៅវិញ ចាំ​ឯកឧត្តម​អភិបាល​ខេត្ត​លោក​អញ្ជើញ​មក​ដល់​វិញ ខ្ញុំ​នឹង​រាយការណ៍​ជូន​លោក»។​

អភិបាល​ខេត្ត​កណ្តាល​ លោក ​គង់ សោភ័ណ្ឌ ធ្លាប់​ប្រាប់​វីអូអេកាល​ពី​ខែមករា ឆ្នាំ​២០២៣ថា សំណង់នៅ​ទំនប់​៩៤ ​គឺជា​សំណង់​អនា​ធិបតេយ្យ ដែល​ពលរដ្ឋ​រស់នៅ​មិនមាន​របៀប​រៀប​រយ​ធ្វើ​ ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​ទឹក​ ឬ​ស្ទះ​ផ្លូវ​ទឹក។ លោក​បន្ថែម​នា​ពេល​នោះថា​ ​លោក​កំពុង​រក​វិធី​សាស្ត្រ​ដោះ​ស្រាយ​តាម​រយៈ​ការ​លើក​ទឹក​ចិត្ត តែមិន​មែន​ជា​សំណង​ដោះ​ដូរ​ដី ​ហើយ​មិន​មាន​ការ​កំណត់​លក្ខ​ខណ្ឌ​អ្វី​នោះ​ទេ។​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​យី សុខសាន្ត លើក​ឡើង​ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទំនប់​៩៤ ថ្វីត្បិត​តែ​មិនមានប័ណ្ណ​កម្មសិទ្ធិ​ ​ប៉ុន្តែ​ពួកគេ​រស់នៅអាស្រ័យ​ផល ដែល​លោក​ថា រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ករណីនេះ។​

លោកថ្លែងថា៖ «ពួកគាត់​ដែល​រស់​នៅក្នុង​តំបន់​ហ្នឹង​ជាដី​ដែល​គាត់​បង្កបង្កើន​ផល គាត់​រស់នៅ​ជាដី​ភោគៈ គាត់​អត់មានប័ណ្ណមាន​អីទេ ហើយ​អាជ្ញាធរ​លោក​រឹតត្បិត​ពួកគាត់​ហ្នឹងនៅ​ពេល​ដែល​អត់​មាន​ប័ណ្ណអត់​មាន​អី គាត់​ថា​អាហ្នឹង​ជាដី​មិនស្រប​ច្បាប់។​ តែតាមពិតដី​ពួកគាត់​ជា​ដី​ភោគៈអាស្រ័យ​ផល។ អាហ្នឹងដូច​ប្តី​ប្រពន្ធ មិនទាន់​មាន​អេតាស៊ីវិល មិនទាន់​មានកូនចៅ ក៏​គេ​ចាត់​ទុក​ថា​ជាប្តី​ប្រពន្ធរបស់​គាត់​ដែរ»។

លោក​បន្ត​ថា ​ក្នុងករណី​របស់​ពលរដ្ឋ​នៅ​ទំនប់​៩៤ដែល​ប៉ះពាល់​ពីគម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​នេះ ​ហាក់​មិន​ឃើញ​អាជ្ញាធរ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​នោះទេ។

ចាប់តាំង​ពី​ក្រុម​ហ៊ុន​ OCIC ​ប្រកាស​សាងសង់​ព្រលាន​យន្ត​ហោះ​ថ្មី​កាល​ពីឆ្នាំ​២០១៨​មក
វិវាទដីធ្លី​ជា​មួយ​ពល​រដ្ឋជាច្រើន​ឃុំ​ក្នុង​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះ​ថ្មី​នោះក៏​កើត​មាន​ដោយសារការ​ផ្តល់​សំណង​ដែល​ពលរដ្ឋអះអាង​ថា​ មិន​សម​នឹង​តម្លៃ​ទីផ្សារ៕