សហជីព​ជិត​២០ ស្នើឲ្យ​អ្នកបញ្ជា​ទិញ​អន្តរាគមន៍​រឿង​ដំឡើង​ប្រាក់​ឈ្នួល​២១៤​ដុល្លារ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ

កម្មករ​រោងចក្រ ធ្វើដំណើរ​​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ នៅ​ខេត្ត​កំពង់ឆ្នាំង។ កម្មករ បាន​ពាក់ម៉ាស​ភាគច្រើន ក៏ប៉ុន្តែ​ពិបាក​រក្សា​គម្លាត​សង្គម​នៅពេល​ធ្វើដំណើរ។ នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

ក្រុម​សហជីព​ចំនួន​ប្រមាណ​១៩ បាន​សម្តែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ចំនួន​ត្រឹមតែ​២ដុល្លារ​ និងស្នើ​ឲ្យមានកិច្ច​អន្តរាគមន៍ពី​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​អ្នក​បញ្ជា​ទិញ​ធំៗដើម្បីប្រាក់​ឈ្នួល​បន្ថែម​ទៀតដល់​កម្មករ​រាប់​ម៉ឺន​នាក់​ដែល​កំពុង​បម្រើ​ការ​ងារ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរឲ្យ​បាន ២១៤ ​ដុល្លារ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ​។​

កាល​ពីថ្ងៃ​អាទិត្យ​ ទី​៣ ខែ​តុលា​ ម្សិល​មិញនេះ​ សហជីព​តំណាង​ឲ្យ​អ្នក​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​កម្មករ​ប្រមាណ​ជិត​២០ស្ថាប័ន​ ​រួម​មាន​ សហព័ន្ធ​សហជីព​កម្ពុជា CATU សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្មករ​កម្ពុជា​ ហៅ​កាត់​ថា​ CCAWDU​ ​បាន​ផ្ញើ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ស្នើ​សុំឲ្យ​ក្រុម​ហ៊ុន​បញ្ជាទិញ​ល្បី​ៗ​អន្តរជាតិ​ជា​ច្រើនទៀតរួម​មាន​ Puma Adidas​ H&M​ Nike និង​ Walmart ទាម​ទារ​ប្រាក់​ឈ្នួល​ចំនួន​២១៤​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​នៅ​ឆ្នាំ​២០២២។

​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​សហជីព​សំខាន់​ៗ​ ក្នុង​នោះ ​គឺ​សហព័ន្ធ​សហជីព​កម្ពុជា CATU សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្មករ​កម្ពុជា​ ហៅ​កាត់​ថា​ CCAWDU បាន​សរសេរនៅ​ក្នុង​ន័យ​ដើម​ថា​៖

«យើង​ខ្ញុំ​ទាំងអស់​គ្នា​ជា​តំណាង​ចលនា​សហជីព​ឯក​រាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​កម្មករ​និយោជិត​រាប់​ម៉ឺន​នាក់​ដែល​ជា​សមាជិក​មក​ពី​វិស័យ​នានា​ មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​តាម​រយៈ​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ចុះ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ សម្រេច​ដំឡើង​បន្ថែម​ទឹក​ប្រាក់​ចំនួន​២ ដុល្លារ​ លើ​ប្រាក់​ឈ្នួល​ ១៩២ ដុល្លារ​ ដែល​ជាប្រាក់​ឈ្នួល​អប្បរមា​សម្រាប់​កម្មករ​និយោជិត​វិស័យ​វាយនភណ្ឌ​ កាត់​ដេរ​ ស្បែក​ជើង​ និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២២​»។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែមថា៖​ «​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​តំណាង​ចលនា​សហជីព​ឯករាជ្យ​ នៅ​តែ​រក្សា​ជំហរ​ទាម​ទារ​តួលេខ​២១៤​ដុល្លារ​ទៅ​កាន់​និយោជក​ និង​ក្រុមហ៊ុន​អ្នក​បញ្ជាទិញ​នៅ​ក្រៅ​ប្រទេស​ និង​អំពាវនាវ​ឲ្យ​បង​ប្អូន​កម្មករ​ទាំង​អស់​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​យុទ្ធនាការ​នេះ​នៅ​តាម​បណ្តា​រោងចក្រ​នានា​ ដោយ​ការ​លើក​សារ​ លើក​បដា​ នៅ​តាម​កន្លែង​ការងារ​រៀង​ៗខ្លួន​រហូត​ទទួល​បាន​ជោគ​ជ័យ»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់​ ធន់​ ប្រាប់​វីអូអេនៅ​ថ្ងៃ​ចន្ទនេះ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ត្រឹម​២ ដុល្លារ មិនអាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជីវភាព​ប្រចាំ​ថ្ងៃ​សម្រាប់​កម្មករ​បាន​ទេ។

លោក​ថ្លែង​ថា​៖ «ជាទស្សនៈ​របស់​ខាង​សហជីព​ គឺ​យល់​ឃើញថា ​ការ​ដំឡើង​ប្រាក់​ឈ្នួល​២ ដុល្លារ ​គឺ​វា​ពិត​ជា​ទាប​ពេក​ ដែល​មិន​អាច​ដោះ​ស្រាយ​ជីវភាព​បាន​ទេ​។ ហើយ​អ្វីដែល​យើង​ចង់​បាន​ គឺ​វា​តិច​បំផុ​ត​ក៏ ២០៤ ដុល្លារ​ ប៉ុន្តែ​ខាងយើង​ខាងគោលជំហរ​យើង​មិនមាន​ធ្វើ​យុទ្ធនាកាណ៍​បន្តទៀត​នៅ​ពេល​នេះ​ទេ»។

ក្នុងការ​បោះឆ្នោត​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មីដល់​កម្មករ​សម្រាប់ឆ្នាំ​២០២២​ ​កាលពី​ថ្ងៃអង្គារ​សប្តាហ៍​មុន​ ភាគី​សហជីព​ខិតខំ​ព្យាយាម​ទាមទារ​ឲ្យ​បាន​តិច​ណាស់​២០៤ដុល្លារ​ដល់​កម្មករ​សម្រាប់​ឆ្នាំ​២០២២​។ ប៉ុន្តែ​សំណើ​សហជីព​ទទួលបាន​ការ​គាំទ្រ​តែ​៦សំឡេង​ លើ៥១សំឡេង​។ រីឯ​សំណើ​កំណត់​ប្រាក់​ឈ្នួល​ត្រឹម​១៨៨​ ដុល្លារ​ដែល​ស្នើ​ដោយភាគី​និយោជក​ មិន​ទទួល​បាន​សំឡេង​គាំទ្រ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ​ហេង សួរ​ ប្រាប់​វីអូអេ​តាមប្រព័ន្ធ​ទំនាក់​ទំនងតេឡេក្រាម​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោកមិ​ន​មាន​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ថា ​ថ្ងៃ​អនាគតថា​នឹង​អាច​មាន​ការ​តវ៉ារហូត​ដល់​មាន​ការ​ធ្វើ​កូដ​កម្ម​នៅ​ក្នុង​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នោះ​ទេ​ ដោយថា ​កម្មករ​និយោជិ​ត​មាន​ការ​យល់​ដឹង និងត្រៀម​ក្នុង​ការ​អនុវត្ត​ន៍​តា​ម​យុន្តការ​ដែល​ក្រសួង​ធ្លាប់​បាន​អនុវត្ត​ច្រើន​ដងកន្លង​ម​ក​ហើយ ។

លោក​លើក​ឡើង​ក្នុង​ន័យដើម​ថា​៖ «មិនមាន​ការ​ព្រួយ​បារម្ភទេ ​ដោយសារ​តំណាងរបស់​បង​ប្អូន​កម្មករ​ដែល​ចូលរួម​ចរចា​ គឺដឹង​ យល់ ​និងត្រៀម​អនុវត្ត​អ្វីដែល​ជា​យន្តការ​យើង​អនុវត្ត​ច្រើនឆ្នាំ​ហើយ»។ លោកបានបន្ថែម​ថា «ច្បាប់​យន្តការ ​និង​គោលការណ៍​ប្រជាធិបតេយ្យ​ គឺបាន​បញ្ជាក់​គ្រប់គ្រាន់​ហើយ»។​

កម្មការិនី​ផ្នែក​ដេរ​នៅ​រោង​ចក្រ T&K អ្នក​ស្រី​ ភឿន ស្រី​មុំ​ ​និយាយថា អ្នកស្រី​ដែល​ធ្លាប់​ចូល​រួម​ក្នុង​ការ​ធ្វើ​យុទ្ធនាការតាម​ប្រព័ន្ធ​អនឡាញ​ទាមទារ​ឲ្យ​មាន​ការ​ដំឡើ​ង​ប្រាក់​ឈ្នួល​ឲ្យ​បាន​២១៤ ដុល្លារ​កាលពី​មុន​ពេល​មិន​ទាន់​មាន​ការ​បោះ​ឆ្នោត​សម្រេច​មក​ម្ល៉េះ។

មក​ដល់​ពេល​នេះ ​អ្នកស្រី​នៅ​រក្សា​គោលជំហរ និង​ឆន្ទៈ​ក្នុង​ការ​បន្ត​ធ្វើ​ការ​ចែក​រំលែក​បន្តជាហូរ​ហែនូវ​សារ​បង្ហោះ ​ក៏​ដូចជា​បដា​ផ្សេង​ៗ​រហូត​ដល់​ក្រុមហ៊ុន​បញ្ជាទិញ និង​រដ្ឋាភិបាលឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត​២១៤ដុល្លារ​ដល់​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា​៖ «ការ​ចំណាយវា​ច្រើ​ន​ជាង​ចំណូល​មក​វិញ​ ព្រោះអ្វី​ដែល​យើង​ចំណាយ​ឲ្យ​គ្រួសារ​ផង​ អី​ផង ហើយ​យើង​ទុក​ខ្លួន​យើង​ហូប​ចុក​ផង​ ហើយ​ឥវ៉ាន់​ឡើង​ថ្លៃ​គ្រប់​សព្វ​បែប​យ៉ាង​ហើយ​ អង្ករ​ ត្រូវការ​ទិញ​អង្គរ​ទិញ​អី​ហូប​ទៀត​ អញ្ចឹង​វា​មិន​ស្មើ​នឹង​ដំឡើង​ដែល​រដ្ឋាភិបាល​ឲ្យ​២ ដុល្លារ​ថែម​នឹងហា៎។ »

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​តំណាង​អ្នក​បញ្ជា​ទិញ​ធំៗ​ដូច​ជា ​H&M​ និង Adidas បានទេនៅថ្ងៃ​ចន្ទនេះ។​

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និងសិទ្ធិមនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​លោក ​ឃុន​ ថារ៉ូ​ និយាយ​ថា ​ប្រាក់​ឈ្នួល​ចំនួន២១៤ ដុល្លារ​នៅ​មិន​ទាន់ដល់​កម្រិត​មួយគ្រប់​គ្រាន់សម្រាប់​កម្មករ​និយោជិត​រស់​នៅ​បាន​សមរម្យ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ក៏អាច​ជួយបន្ធូរ​បន្ថយការ​ចំណាយ​ក្នុង​បន្ទុក​បាន​ខ្លះ​ៗ​ដែរ។

លោក​ថ្លែង​ថា​៖ «ចឹង​ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​យុទ្ធនាការ​ជា​សសកល​ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ បើ​សិន​ជា​ក្រុម​ហ៊ុន​ទាំងអស់​ហ្នឹង​ គាត់​ចំណាយ​តែ​០.៥០ សេន នៅ​ក្នុង​ផលិត​ផល ​ឬ​ទំនិញ​ ខោអាវ ​សម្លៀក​បំពាក់​តែ​មួយ​ ដែល​ដេរ​ដោយ​ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ​ទាំង​អស់​នឹង ​គឺ​ប្រាក់​ឈ្នួល​នឹង​អាច​ដំឡើង​ដល់​កម្មករ​និយោជិត​នៅ​ក្នុង​កម្រិត​ប្រាក់​ឈ្នួល​រស់​នៅ​សមរម្យ​»។

វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។ វិស័យ​នេះ ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជនបទ។ ឧស្សាហកម្ម​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​ បាន​ទទួល​រងផល​ប៉ះពាល់ពី​ការឆ្លង​រាតត្បាត​នៃជំងឺ​កូវីដ​១៩​មួយផ្នែក ​និងមួយ​ផ្នែក​ទៀត​ដោយ​សារ​ការ​បាត់​បង់ ​២០%​នៃ​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះពន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប កាលពី​ខែ​សីហា​ឆ្នាំ​២០២០​ ក្រោយ​ការ​រក​ឃើញ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស៕