ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហជីព៖ កម្មករ​អាច​ពិចារណា​ប្រើ​សិទ្ធិ​​តវ៉ា បើ​និយោជក​បង្ហាញ​ចេតនា​មិន​ដំឡើង​ប្រាក់ឈ្នួល


រូប​ឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ ​ជិះ​លើ​រថយន្ដ​ឈ្នួល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ (AP Photo/Heng Sinith)

មេដឹកនាំសហជីព​មួយចំនួនបាន​ឲ្យ​ដឹង​នៅថ្ងៃ​អង្គារ​នេះ​ ពីភាព​តាន​តឹង​នៃ​ការពិភាក្សា​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ក្នុងឧស្សាហកម្ម​កាត់​ដេរ ដើម្បី​ឲ្យ​មានការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​រោចក្រ​ នៅគ្រា​ភាគី​និយោជកប្រកាន់​ជំហរ​កាត់​បន្ថយ​ប្រាក់​ឈ្នួលពី ​១៩២ដុល្លារ​ មក​ត្រឹម ​១៨៨​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២។​

ភាគី​សហជីព​បាន​ផ្តើម​កិច្ចប្រជុំ​ស្តីពីការ​ដំឡើងប្រាក់​ឈ្នួល​អប្បរមា​នេះ​ ជាមួយ​ភាគី​តំណាង​និយោ​ជក​ និង​ក្រសួង​ការងារ​ តាំងពី​ដើម​ខែ​កញ្ញា​នេះ​មក​ ហើយ​នៅថ្ងៃ​អង្គារ​នេះ​ គឺជា​ការ​ប្រជុំ​លើក​ទី​៣។ កិច្ច​ប្រជុំ​ចុងក្រោយ ដែល​ជា​ការ​ចរចា​ផ្លូវការ​ឲ្យ​មានការ​កំណត់​ប្រាក់​ឈ្នួល​ថ្មីនោះ​ នឹង​ធ្វើ​ឡើង​នៅចុង​ខែ​នេះ​។

ក្រោយ​ការប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​លោក​ ប៉ាវ ស៊ីណា​ ប្រាប់​វីអូអេ​ថា​ មាន​ការ​ផ្លាស់​ប្តូរ​តួលេខ​នៃ​ចំនួន​ប្រាក់​ឈ្នួល​អប្បបរមា​ ដោយ​ខាងភាគី​និយោជក​ព្រម​ឡើង​ពី​១៨៣ដុល្លារ​ មក​១៨៨​ដុល្លារ​ក្នុងមួយខែ​ តែ​ខាង​តំណាង​កម្មករ​ទាមទារ​ចំនួន​ខ្ពស់​បំផុត​ គឺ​២០៤​ដុល្លារ​ សម្រាប់​ប្រាក់​ឈ្នួល​គោល​នៅឆ្នាំ​២០២២។ ដោយឡែក​ខាង​ភាគី​រដ្ឋាភិបាល​កំណត់​យកចំនួន​១៩២ដុល្លារ​ ដែល​ជាចំនួន​ប្រាក់​ឈ្នួល​របស់​កម្មករ​បច្ចុប្បន្ន​។​

លោក​បន្ថែមថា​ ភាគី​សហជីព​មិន​ចង់​ឃើញ​ការ​ដក​ប្រាក់​ឈ្នួល​របស់​កម្មករ​ទេ​ ព្រោះ​ថា​ កម្មករ​បាន​បង្កើន​ថ្ងៃ​ធ្វើ​ការ​របស់​ខ្លួន​ នៅពេល​រដ្ឋាភិបាល​លុប​ចោល​ថ្ងៃឈប់​សម្រាក​ប្រមាណ ​៧ថ្ងៃរួច​ទៅ​ហើយ​នោះ​។

«ភាគី​ខាង​យើង​បាន​លើក​ឡើង​ថា​ ជាទូទៅ​យើង​មិនអាច​ដក​នូវ​ចំនួន​ប្រាក់​ខែ​ដែល​កម្មករ​ធ្លាប់តែទទួល​បាន​ទេ​ ដោយសារ​តែ​យើង​កន្លង​មក​យើង​មាន​ការ​ គេហៅ​ថា​ ខាត​បង់​ច្រើន​ហើយ​ ដូច​ជា​ការ​កាត់​ថ្ងៃឈប់​សម្រាក»។

​កាលពី​ឆ្នាំ​២០២០ ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ​ត្រូវបាន​ដំឡើង​ត្រឹម​តែ២ដុល្លារ​ប៉ុណ្ណោះ​ ពោល​គឺ​ពី​១៩០​ក្នុងឆ្នាំ​២០១៩ មកត្រឹម​១៩២​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​ ក្រោម​ហេតុផល​នៃ​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ និង​សង្គម​ ដែល​បង្ក​ឡើង​ដោយ​ជំងឺឆ្លង​រាតត្បាត​កូវីដ​១៩។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក ​អាត់ ធន់​ ថ្លែង​ថា​ ខាង​ភាគី​ថៅកែរោងចក្រ​បន្ត​រក្សា​ជំហរ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​កម្មករ​ ដែល​ការណ៍នេះ​ តម្រូវ​ឲ្យកម្មករ​សិក្សា​ពី​សិទ្ធិ​អំណាច​របស់​ខ្លួន​ និង​ពិនិត្យ​រក​មធ្យោបាយ​តវ៉ា​ មក​ដាក់​សម្ពាធ​លើ​ថៅ​កែ​រោង​ចក្រ​ឲ្យ​ងាក​មកដំឡើង​ប្រាក់​ឈ្នួល​។

«អ្វីដែល​ចង់​បន្ថែម​ ចង់​បញ្ជាក់​ថា​ កិច្ច​ចរចា​ ជោគ​ជ័យ​មិន​ជោគ​ជ័យ​ វាអាស្រ័យ​ទៅ​លើ​ឥទ្ធិពល​របស់​កម្មករ​របស់​យើង​ ហើយ​យើង​ឃើញ​ថា​ ការ​យក​ចិត្ត​ទុកដាក់​ពីក្រុម​ហ៊ុន​ និង​ខាង​រដ្ឋាភិបាល​ គឺ​គេ​មាន ​limit [កំណត់​ ] នៅក្នុង​កម្រិត​របស់​គេ​។ អីចឹង​កម្មករ​ត្រូវ​តែ​ស្វែង​យល់​ និង​បង្កើន​នូវ​អំណាច​ខ្លួន​ឯង​ រឿង​ទីមួយ»។

លោក​បន្ថែមថា៖ «​រឿង​ទីពីរ​ រដ្ឋាភិបាលបើសិន​ជា​ ដើម្បី​ទាក់​ទាញ​កម្មករ​និយោជិត​ គួរ​តែ​កើន​ឡើង​ឲ្យ​ដល់​កម្រិត​លេខមួយដែល​មាន​ការ​ពេញ​ចិត្ត​ ខ្ញុំ​ជឿថា វា​ភាព​ជោគ​ជ័យ​ទាំង​អស់​គ្នា​ បើពុំ​ដូច្នោះ​ទេ​ គឺមាន​ន័យថា នៅ​តែ​ចិញ្ចឹម​ចិត្ត​មិន​សប្បាយ​ចិត្ត​រៀងៗខ្លួន​ហ្នឹង​»។ ​

បើ​តាម​លោក អាត់​ ធន់​ ភាគី​សហជីព​បាន​បន្ទន់​ជំហរ​ប​ន្ថយ​ការ​ទាមទារ​របស់ខ្លួន​ពីចំនួន​២១៤,២​ដុល្លារ​ មក​២០៦ដុល្លារ​ និង​ចំនួន​ចុង​ក្រោយ​ដែល​សហជីព​ចង់បាន​បំផុត​សម្រាប់កម្មករ​នោះ​ គឺ​២០៤​ដុល្លារ​ ដែល​នឹង​ត្រូវ​យក​ទៅ​ចរ​ចា​នៅថ្ងៃទី​២៨​ ខែ​កញ្ញា​ខាងមុខ​។

លោក​ពន្យល់​ថា ​ការ​កំណត់​យកតួលេខចំនួន​២០៤​ដុល្លារនេះ ធ្វើ​ឡើង​ ក្រោយ​ការ​វិភាគ​លើ​ស្ថាន​ភាព​រស់​នៅ​របស់​កម្មករ ផលិតភាព​ សមត្ថភាព​ប្រកួត​ប្រជែង​ ​និង​អត្រា​អតិ​ផរណា​ ដែល​ខាង​សហជីព​ថា​ បាន​កើន​៣% តែខាង​និយោជក​ថា​ កើនត្រឹម​២,៨​%​ប៉ុណ្ណោះ​ ក្នុងពេល​មានការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។

អ្នកស្រី យ៉ាង​ សុភ័ណ្ឌ​ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ និយាយថា​ កម្មករ​អាច​នឹង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ទៅ​លើ​ការ​តវ៉ា​ក្នុងទម្រង់​ណាមួយ​នោះ ប្រសិន​បើ​និយោជក​បដិសេធ​មិន​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​សម្រាប់​ឆ្នាំ​២០២២។

«វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​គាត់​ ដោយ​សារ​អី​ ខ្ញុំគិត​ថា​ គាត់​ជា​សាមី​ខ្លួន​ផ្ទាល់​ បើសិន​ណា​គាត់​យល់​ឃើញ​ថា​ ប្រាក់​ឈ្នួល​របស់​បងប្អូន​កម្មករ​ សម្រេច​ទៅ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​គាត់​ ហើយ​គាត់​មិន​ពេញ​ចិត្ត​នូវ​តួលេខ​ណាមួយ​ ខ្ញុំគិត​ថា​ វាជា​សិទ្ធិ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​»។

អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ឬ GMAC លោក ខេន លូ​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ដោយ​ថា​ លោក​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស។ អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ​ហេង សួរ មិន​ឆ្លើយ​តប​សំណួរ​ដែល​បាន​ផ្ញើរតាម​ប្រព័ន្ធ​ទំនាក់​ទំនង ​WhatsApp។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​កោត​សរសើរ​ថា ​វិស័យ​កាត់​ដេរ​មិន​រង​ផល​ប៉ះពាល់​បិទ​រោង​ចក្រ​នោះ​ទេ មាន​តែ​កើន​ឡើង​រោង​ចក្រ​ថ្មីៗ​បន្ថែម​ទៀត។

លោក​ថ្លែង​ថា៖ «រឿង EBA [ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ផ្តល់​ដោយ​សហភាព​អឺរ៉ុប] មិន​EBA វា​មិន​សំខាន់​ទេ។ វា​អត់​សំខាន់​អី​សម្រាប់​កម្ពុជា​ទេ។ ឥឡូវ​រោង​ចក្រ​ណា​មាន [បិទ]។ វា​មិន​ត្រឹម​តែ [មិន]​បិទ អា​រោង​ចក្រ​បើក​ថ្មី​ហ្មឹង វា​កាន់​តែ​ច្រើន​ទៅ​ទៀត»។

អ្នកស្រី​ ហៀង ស៊ុនណារី​ អាយុ​៣៥​ឆ្នាំ​ កម្មការិនី​នៅ​រោងចក្រ​ខ្វាន​ទុម​ ក្នុង​ខណ្ឌពោធិ៍សែន​ជ័យ​ នៃ​ទីក្រុង​ភ្នំពេញ​ ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា ​ភាគី​ពាក់​ព័ន្ធក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ គួរ​តែ​រួម​គ្នា​ បន្ថែម​ប្រាក់​ឈ្នួល​ដល់​កម្មករ​ ខណៈ​ដែល​តម្លៃ​ទំនិញ​លើ​ទីផ្សារ​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។

«យើង​ទទួល​ស្គាល់​ថា​ ជំងឺ​កូវីដ​វា​រាល​ដាល​ ប៉ុន្តែ​ការ​ចំណាយ​ចាយ​វាយ​វា​អត់​ដូច​ បើ​កូវីដ​រាលដាល​ចឹង​ការ​ចំណាយ​ ការ​ចាយ​វាយ​គួរតែ​ទំនិញ​ទីផ្សារ​ វា​អត់​ឡើង​ ប៉ុន្តែ​អានេះ​ បែរ​ជាកូវីដ​ ហើយ​បែរ​ទំនិញ​ទីផ្សារ​បែរ​ជា​ឡើង​ថ្លៃ​ខ្ពស់។​ ហើយ​ដល់​ពេល​ការ​ចំណាយ​របស់​យើង​រឹតតែត្រូវ​ការ​ច្រើន​ជាង​ពី​មុន»។

វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។ វិស័យ​នេះ ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជនបទ។ ឧស្សាហកម្ម​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​ បាន​ទទួល​រងផល​ប៉ះពាល់ពី​ការឆ្លង​រាតត្បាត​នៃជំងឺ​កូវីដ​១៩​មួយផ្នែក ​និងមួយ​ផ្នែក​ទៀត​ដោយ​សារ​ការ​បាត់​បង់ ​២០%​នៃ​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះពន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប កាលពី​ខែ​សីហា​ឆ្នាំ​២០២០ ក្រោយ​ការ​រក​ឃើញ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស៕

XS
SM
MD
LG