ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​​ការពារ​ការ​​ដំឡើង​ប្រាក់​ឈ្នួល​២ដុល្លារ​ ខណៈ​សហជីព​និងកម្មករ​រិះគន់​ថា​ តិច​ពេក


រូបឯកសារ៖ លោក ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯ​ព្រលាន​យន្តហោះ​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ នៅ​ប្រទេស​ថៃ​អំពី​បញ្ហា​ពលករ​ចំណាកស្រុក​ ថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

រដ្ឋ​លេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក​ ហេង សួរ​ បានថ្លែង​ការពារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​រោង​ចក្រ​កាត់ដេរសម្រាប់​ឆ្នាំ​២០២២​ ស្រប​ពេល​ដែល​ក្រុម​សហជីព​នៅ​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹម​១៩៤​ ដុល្លារ។

​កាល​ពី​ថ្ងៃអង្គារ​កន្លងទៅ​នេះ​ ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​កំណត់​យក​តួលេខ​១៩២ដុល្លារ​អាមេរិក​ដែល​ទទួល​បាន​សំឡេង​គាំទ្រ៤៥​សំឡេង​លើ​៥១​សំឡេងជា​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​នៅ​ឆ្នាំ​២០២២។ ប៉ុន្តែ​ដោយ​មាន​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ដែល​សម្រេច​ផ្តល់​២ដុល្លារ​បន្ថែម​ទៀត​នោះប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​នៅឆ្នាំ​២០២២​បាន​កើន​ដល់​១៩៤​ដុល្លារ។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក​ ហេង​ សួរ​ បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​កាល​ពីថ្ងៃពុធ​ ដោយ​បាន​អធិប្បាយ​ថា​ នៅពេល​ប្រទេស​កម្ពុជា​សម្រេច​ដំឡើង​ប្រាក់​ឈ្នួលកម្មករ​ចំនួន​២ដុល្លារ​ គូ​ប្រជែង​របស់​កម្ពុជា​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ មិន​ទាន់​មាន​លទ្ធភាព​ដំឡើងទេ។ ​

លោក​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា​៖«យើង​ដំឡើង ក្នុង​ខណៈ​គេ​អត់​បាន​ដំឡើង​២ឆ្នាំ​ហើយ។ បាន​ដំឡើង​ទោះ​តិច​ ឬ​ច្រើន​គឺ​ប្រាកដ​ជា​ប្រសើរ​ជាង​អត់​ ក្នុង​គ្រា​ដែល​យើង​[កម្ពុជា]ថា​ខ្លួន​កំពុង​លំបាក​ ២ដុល្លារ​ គឺ​ប្រសើរ​ជាង​ ០ (សូន្យ) ដុល្លារ»។​

លោក​បន្ថែម​ថា​៖«​ក្នុង​ខណៈ​ពេល​ ដែល​យើង​ឃើញ​អ្នក​ផ្សេង​កំពុង​ពិបាក​រក​ការងារ​ ឬ​កំពុង​បាត់​បង់​ការងារ​ យើង​ពិត​ជា​មនុស្ស​មាន​សំណាង​ ដែល​នៅ​រក្សា​ការងារ​ និង​ចំណូល​ពេល​ពិភព​លោក​គ្រប់គ្រង​កូវីដ-១៩​ បាន​ល្អ​ និង​ពេល​ប្រទេស​គូរ​ប្រជែង​យើង​ចាប់​ផ្តើម​ដំឡើង​ប្រាក់​ឈ្នួល​វិញ​ នោះ​យើង​ការ​ចរចារ​ប្រាក់​ឈ្នួល​អាច​នឹង​មាន​ភាព​ប្រសើរ​ជាង​នេះ​»។

អ្នកនាំពាក្យ​រូបនេះ​ បាន​បង្ហោះ​សារ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ កាលពី​ថ្ងៃពុធ​ដដែល​នោះ​ ដោយ​ថ្លែង​អបអរ​សាទរកម្មករ​និយោជិត​ក្នុងវិស័យ​កាត់ដេរ​ ដែល​បាន​ទទួល​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់ឆ្នាំ២០២២​ ចំនួន​១៩៤​ដុល្លារ​ ខណៈ​ប្រទេស​ជិត​ខាង និង​ប្រទេស​ជាគូ​ប្រជែង​កម្ពុជា​បាន​ផ្អាក​ការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​ ២ឆ្នាំ​ជាប់គ្នា​ហើយ។

លោក​ ហេង សួរ​ បាន​បញ្ជាក់​វីអូអេ​បន្ថែម​ តាម​សារ​តេឡេ​ក្រាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​ជិតខាង​ដែល​លោក​សំដៅ​ដល់​នោះ​គឺ​ ប្រទេស​ទាំង​បី​ដែល​នៅ​ជាប់​កម្ពុជា​ តែ​លោក​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ទាំងនោះ​ ដែល​មិន​ដំឡើង​ប្រាក់​ឈ្នួលឲ្យកម្មករ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​អ្នក​ស្រី​ យ៉ាង សុភ័ណ្ឌ ​នៅ​តែ​សម្តែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ដែល​រដ្ឋាភិបាល មិន​ព្រម​ដំឡើង​ប្រាក់​ឈ្នួលឲ្យ​លើស​ពី​២ដុល្លារ​អាមេរិក​ ក្រោម​ហេតុផល​ថា​ អត្រា​នៃការ​នាំ​ចេញ​សម្លៀក​បំពាក់​នៅ​កម្ពុជាបានកើន​ឡើង​ប្រមាណ​៣.៣%។ នេះ​មានន័យ​ថា​ ភាគី​និយោជក​នៅ​តែ​ទទួល​បានផល​ចំណេញ​ពី​ដំណើរការ​ផលិតកម្ម​របស់​ខ្លួន​។

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖«ហើយ​យើង​សួរ​ថា​ប្រាក់​ឈ្នួល​វៀត​ណាម​ប៉ុន្មាន​? ប្រាក់​ឈ្នួល​របស់​គេ​មាន​បី​ បួន​ តំបន់​របស់​គេ​ ប្រាក់​ឈ្នួល​របស់​គេ​ គេ​មាន​កម្រិត​ខ្ពស់​កម្រិត​ទាប​ កម្រិត​អី​របស់​គេ ហើយ​សួរ​ថា​ប្រជាពលរដ្ឋ​គេ​ គេ​អាច​រស់​នៅ​បាន​ តម្លៃ​ទំនិញ​របស់​គេ​ម៉េច​ដែរ។ អញ្ចឹង​ឥឡូវ​នៅ​ថៃ​ ស្រុក​ជាប់​យើង​ដែរ​ ប្រាក់​ឈ្នួល​គេ​ប៉ុន្មាន​? អញ្ចឹង​កន្លែង​នឹង​យើង​គិត​ថា​ជា​ហេតុ​ផល​មួយ​អត់​សមរម្យ​ទេ​ដែល​លើក​យក​មក​និយាយ​អញ្ចឹង។ កម្ពុជា​យើង​ពី​មុន​មក​ការ​ឡើងប្រាក់​ឈ្នួល​៥​ឆ្នាំ​ឡើង​ម្តង​ ហើយ​គេ​[ប្រទេស​ជិត​ខាង​ក្នុង​តំបន់​] ឡើង​រាល់​ឆ្នាំ​ យក​មក​ប្រៀប​ធៀប​មើល​ម៉េច​ដែរ​។ វា​មិន​អាច​យក​រឿង​អញ្ចឹង​មក​ជជែក​គ្នា​វិញ​បាន​ទេ​» ។

នៅក្នុង​ការ​បោះឆ្នោត​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ដល់​កម្មករ​សម្រាប់​ឆ្នាំ​២០២២​ ​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ តួលេខ​ប្រាក់ឈ្នួល​២០៤​ដុល្លារ​របស់​ភាគី​សហជីព​ទទួល​បាន​ការ​គាំទ្រ​តែ​៦សំឡេង​ លើ៥១សំឡេង​។ រីឯ​សំណើរ​កំណត់​ប្រាក់​ឈ្នួល​ត្រឹម​១៨៨​ ដុល្លារ​ដែល​ស្នើ​ដោយ​ភាគី​និយោជក​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ទេ។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​លោក ​ប៉ាវ ស៊ីណា​ បាន​បញ្ជាក់​ថា ​ការ​តំឡើង​ប្រាក់​ឈ្នួល​ត្រឹម​២ដុល្លារ​នេះ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​អតិផរណា​ទំនិញ​ទីផ្សារ​កើន​ឡើង​ខុសពី​ធម្មតា​ក្នុង​អំឡុង​ពេល​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ពី​ប្រមាណ​២.៨% ទៅ ៣%។

លោក​បាន​បន្ថែម​ថា គម្លាត​រវាង​អត្ថ​ប្រយោជន៍​របស់​ថៅកែ​ទទួល​បាន​និង​អត្ថ​ប្រយោជន៍​របស់​កម្មករ​និយោជិត​មាន​ភាព​ខុស​គ្នា​ ខណៈ​កម្មករ​ចាប់​ផ្តើម​ខាត​ប្រយោជន៍​ពី​ការ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​បន្ថែម​ ផ្ទុយ​ទៅ​វិញ​កំណើន​ចំណូល​របស់​និយោជក​ចេះ​តែ​មាន​ការ​កើន​ឡើង។

លោកថ្លែង​ថា៖«អីចឹងនិយោជក​ខាត​ទៅ​ណា​ បើ​គ្រាន់​តែ​កាត់​ផល​ប្រយោជន៍​កម្មករ​ច្រើន​ម្លឹងៗ​ទៅ​ហើយ​សួរ​ថា​គាត់​ខាត​អី​ទៀត​។ អញ្ចឹង​គាត់​អត់​ខាត​ទេ​ គាត់​មាន​អី​ខាត​ យើង​មើល​គាត់​កាត់​លុយ​បុណ្យ​[ចំនួន​៧] ថ្ងៃ​ កាត់​រហូត​។ ហើយ​យើង​គុណ​មើល​ទៅ​៧ថ្ងៃ​» ។

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក​ ហេង សួរ អ្នកនាំពាក្យ​ការងារ​បាន​ទេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​

វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជនបទ។

ឧស្សាហកម្ម​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​ បាន​ទទួល​រងផល​ប៉ះពាល់ពី​ការឆ្លង​រាតត្បាត​នៃជំងឺ​កូវីដ​១៩​មួយ​ផ្នែក ​និងមួយ​ផ្នែក​ទៀត​ដោយ​សារ​ការ​បាត់​បង់ ​២០%​នៃ​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះពន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប​ កាលពី​ខែ​សីហា​ឆ្នាំ​២០២០ ក្រោយ​ការ​រក​ឃើញ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស។

អគ្គលេខាធិការ​រងសមាគម​រោងចក្រកាត់ដេរ​កម្ពុជា​ហៅកាត់ថា​ GMAC លោក​ កាំង ម៉ូនី​កា​ បាន​ប្រាប់​វីអូអេ​ក្រោយ​ការ​បោះឆ្នោត​កំណត់​ប្រាក់​ឈ្នួលកម្មករ​រោងចក្រកាត់​ដេរចុងក្រោយនេះថា​ ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​២ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួល​អប្បបរមាឆ្នាំ២០២១ដែល​មាន​ ១៩២​ដុល្លារ​នោះ ​ជា​សម្ពាធ​ចំណាយធ្ងន់​ធ្ងរមួយ​សម្រាប់​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​។

ប៉ុន្តែ​លោក​ថា​ ភាគី​និយោជក​នឹង​សម្រប​ទៅ​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​ដែល​សម្រេច​ផ្តល់​២ដុល្លារ​បន្ថែម​ទៀត​ជូន​កម្មករ​នៅ​ឆ្នាំ​២០២២​។

កម្មការិនី​ផ្នែកត្រួត​ពិនិត្យ​សម្លៀក​បំពាក់​នៅ​រោងចក្រ​វាយនភណ្ឌ​មួយ​ក្នុង​ក្រុង​តាខ្មៅ​ អ្នកស្រី​ អ៊ាន​ ណៃគាន​ បាន​លើកឡើង​ពី​បំណង​ចង់ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៀតដូច​ដែល​កម្មករដទៃ​ទៀត​ធ្លាប់​ចង់​បានប្រមាណ​២១៤ ដុល្លារ។

កម្មការិនី​វ័យ​ ៣៩ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​វីអូអេ​ថា​៖ «ខាង​គាត់ គាត់​គិត​ថា​២ដុល្លារ​នឹង​ច្រើន​ណាស់ តែ​សម្រាប់​ខ្ញុំ​ជា​កម្មករ​នឹង​វា​តិច​ខ្លាំង​ណាស់​ ព្រោះអី​ដោយ​សារ​អី​ទំនិញ​ទី​ផ្សារ​ឡើង​ថ្លៃ​រហូត​ ដល់​ពេល​ចរចារ​ឲ្យ​ពួក​ខ្ញុំ​មួយ​ឆ្នាំ ឡើង​បាន​តែ​២ដុល្លារ។ ហើយ​ដល់​ពេល​ការ​កាត់​ពន្ធ​កាត់​អី​ ពួក​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​ចង់​ងាប់​ចង់​រស់​ កាត់​ពន្ធ​ពីពួក​ខ្ញុំ​យក​ទៅ​ ដល់​ពេល​ឡើង​ឲ្យ​ពួក​ខ្ញុំ​វិញ​» ។

លោក​ រឿន​ សាវ៉ាន វ័យ​ ៤៦​ឆ្នាំ​ ដែល​ជា​កម្មករ​ខាង​ផ្នែក​ដេរ​សម្លៀក​បំពាក់ជាង​៨​ឆ្នាំ នៅ​រោង​ចក្រ​ Punctual​ Garment Factory Co,Ltd និយាយថា​ លោក​គ្មាន​ជម្រើស​ក្នុងការ​តវ៉ា​ ក្រៅតែ​ពីការ​ព្រម​ទទួល​យក​ប្រាក់​ឈ្នួលថ្មី​ដែល​បាន​កំណត់​ដោយ​រដ្ឋាភិបាល។​

លោក​ថ្លែងថា៖«គេ​ទៅ​ម៉េច​យើង​ចឹង​ទៅ​ហើយ​ វា​មិនអាច​ពេញ​ចិត្ត​បាន​ទេ​ សម្បី​តែ​យើង​ទៅ​តវ៉ា​មិន​ដឹង​ទៅ​ប្រកែក​ណា​បាន​ បាន​ន័យ​ថា​អ្វី​ដែល​គេ​ដាក់​មក​ឲ្យ​មាន​តែ​ទទួល​យក»។​

​ការ​អនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មីសម្រាប់​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​នឹង​ចាប់​ផ្តើមពី​ថ្ងៃទី​១ ខែមករា ​ឆ្នាំ​២០២២​ ដោយកម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​ កាត់​ដេរ​ ផលិត​ស្បែក​ជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប​ នឹង​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៩៤ដុល្លារ​ក្នុង​មួយខែ​ចំពោះ​កម្មករ​ពេញ​សិទ្ធិ​ និង​ចំនួន​១៩២​ដុល្លារ​ក្នុង​មួយ​ខែ​ចំពោះ​កម្មករ​និយោជិត​សាកល្បង។ នេះ​បើតាម​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក ​អ៊ិត សំហេង៕

XS
SM
MD
LG