លោក Alexei Navalny មេដឹកនាំក្រុមប្រឆាំងនៅក្នុងប្រទេសរុស្ស៊ីត្រូវបានឃុំឃាំងដោយពួកប៉ូលិសភ្លាមៗក្រោយពីលោកបានចូលរួមជាមួយពួកបាតុករដោយបំពានលើសាលក្រមដែលឲ្យលោកឋិតនៅក្នុងការឃុំឃាំងក្នុងផ្ទះ។
កាលពីព្រលឹមថ្ងៃអង្គារ តុលាការមួយក្នុងប្រទេសរុស្ស៊ីបានរកឃើញថា សកម្មជននយោបាយរូបនេះមានទោសពីបទបន្លំប្រាក់យ៉ាងតិចណាស់៥សែនដុល្លារពីក្រុមហ៊ុនផលិតគ្រឿងសំអាងបារាំងមួយ។
តុលាការនេះបានកាត់ទោសមេធាវីអាយុ៣៨ឆ្នាំនិងជាអ្នកសរសេរអត្ថបទ blogs តាមអ៊ិនធឺណិតរូបនេះឲ្យជាប់ពន្ធនាគារដោយព្យួរទោសបីឆ្នាំកន្លះ ដែលជាទោសតិចជាងការដែលពួករដ្ឋអាជ្ញាទាមទារឲ្យលោកជាប់គុករហូតដល់១០ឆ្នាំ។
ប្អូនប្រុសរបស់លោក Navalny ឈ្មោះ Oleg បានទទួលទោសដូចគ្នានេះដែរ ក៏ប៉ន្តែត្រូវបានបញ្ជាឲ្យជាប់ឃុំឃាំងក្នុងពន្ធនាគារ។ ពួកអ្នកការពារក្តីលោក Navalny បាននិយាយថា ពួកគេនឹងតវ៉ាទ្បើងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនេះ។
ថ្លែងដោយផ្ទាល់ទៅកាន់ចៅក្រម លោក Alexei Navalny បានថ្កោលទោសការកាត់ទោសប្អូនប្រុសលោក។ លោក Oleg Navalny មិនដែលបំពញមុខនាទីណាមួយក្នុងចលនាប្រឆាំងនៅក្នុងប្រទេសរុស្ស៊ីទេ។
លោក Daniel Schearf នៃវីអូអេបាននិយាយថា សេចក្តីសម្រេចក្នុងការបញ្ជូនលោក Oleg Navalny ទៅឃុំឃាំងក្នុងពន្ធនាគារនេះ ជាកលល្បិចមួយដើម្បីបង្ក្រាបភាពជាសកម្មជនរបស់លោក Alexei Navalny តែប៉ុណ្ណោះ៕