ដោយ Rizwan Syed
ប្រែសម្រួលដោយ លី សុខឃាង
ការកាត់ទោស«ក្រុមមនុស្សទំនើង» នៅក្នុងទីក្រុង ម៉ូស្គូ (Moscow) ដែលជាតន្ត្រីការនីវប្បធម៌ចំនួនបីនាក់ ដែលបានធ្វើបាតុកម្មនៅក្នុងព្រះវិហារគ្រិស្ត អូស្សូដក់ (Orthodox) មួយនៅក្នុងប្រទេស រុស្សី (Russia) បានធ្វើឳ្យខូចមុខមាត់របស់ប្រទេស រុស្ស៊ី នៅឯបរទេស។ នេះដោយវិនិច្ឆ័យទៅលើប្រតិកម្មនៅជុំវិញពិភពលោក និងការគូសបញ្ជាក់ពីឥទិ្ធពលយ៉ាងធំធេងនៅក្នុងប្រទេស រុស្ស៊ី ពីសំណាក់ព្រះវិហារគ្រិស្ត អូស្សូដក់។ ស្ត្រីបីនាក់របស់ក្រុមតន្រ្តីមួយ ដែលត្រូវបានគេហៅថា «ក្រុមកុប្បករយោនី (Pussy Riot)» ត្រូវបានរកឃើញថាមានកំហុសកាលពីថ្ងៃសុក្រនេះ ហើយត្រូវបានកាត់ទោសឳ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីការសម្តែងបទចម្រៀងមួយបទ ដែលធ្វើដូចជាការបែរបន់ឳ្យមានការបណ្តេញលោកប្រធានាធិបតី វ្លាឌឺមៀ ពូទីន (Vladimir Putin) ចេញពីអំណាច។ Rizwan Syed រាយការណ៍សម្រាប់វីអូអេ ពីទីក្រុង ឡុងដ៏ (London) ថា ក្រុមអ្នកជំនាញនិយាយថា រឿងក្តីនេះធ្វើឳ្យចុះខ្សោយដល់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេស រុស្ស៊ី។
ក្រុមអ្នកវិភាគនិយាយថា ការកាត់ទោស និងការផ្តន្ទាទោសនេះ គឺជាតឹកតាងបង្ហាញថា រដ្ឋាភិបាល រុស្ស៊ី នឹងបន្តការព្យាយាមបិទមាត់ក្រុមអ្នកប្រឆាំងខាងនយោបាយ នាពេលអនាគត។
លោក ជេមស៍ នីចស៊ី (James Nixey) ជាអ្នកវិភាគនៅឯរាជវិទ្យាស្ថានកិច្ចការអន្តរជាតិ (Royal Institute for International Affairs) ដែលជាក្រុមអ្នកប្រឹក្សាយោបល់ដល់រដ្ឋាភិបាល ដែលត្រូវបានស្គាល់ថាជា ឆាថាមហៅស៍ (Chatham House)។ លោកបានឳ្យនិយមន័យនៃសេរីភាពក្នុងការបញ្ចេញមតិតាមបែបទីក្រុង មូស្គូ។
«ការរិះគន់ត្រូវបានអនុញ្ញាត។ ប៉ុន្តែ នៅពេលដែលការរិះគន់នោះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយខ្លាំងពេក ឬមានលក្ខណៈផ្ទាល់ខ្លួនខ្លាំងពេក ការរិះគន់នោះមិនត្រូវបានអនុញ្ញាតឡើយ។ ជាពិសេស នៅពេលដែលការរិះគន់នោះសំដៅទៅលើប្រធានាធិបតី ឧទាហរណ៍ នៅពេលដែលការរិះគន់នោះសំដៅទៅលើទ្រព្យធនផ្ទាល់របស់លោក ឬទិដ្ឋភាពនៃអំពើពុករលួយ ឬទិដ្ឋភាពនៃអំពើឧក្រិដ្ឋកម្ម ដែលបានកើនឡើងនៅក្នុងរបបនេះ រដ្ឋចាប់ផ្តើមវាយបង្ក្រាបតែម្តង។ ដូច្នេះ និយាយម្យ៉ាងទៀត ការរិះគន់នៅមានការកម្រិត។»
លោក នីចស៊ី ថ្លែងថា ប្រទេសរុស្ស៊ី នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ពូទីន ដែលជាអតីតមន្ត្រី កា-ហ្សេ-បេ កំពុងងាកទៅរករបៀបគ្រប់គ្រងបែបសហភាពសូវៀត។
«គិតមកដល់ឥឡូវនេះ លោកបានកាន់អំណាចអស់រយៈពេល១៣ឆ្នាំហើយ ហើយប្រទេស រុស្ស៊ី មិនមានការផ្លាស់ប្តូរពិតប្រាកដនោះទេ។ ប្រទេសនេះមិនបានក្លាយទៅជាសង្គមពហុនិយមទេ។ ប្រទេសនេះមិនមែនជាផ្នែកមួយរបស់លោកខាងលិចទេ ហើយនៅក្នុងរបៀបខ្លះ ប្រទេសនេះកំពុងវិលទៅរកសហភាពសូវៀតវិញហើយ។ ប្រទេសនេះកំពុងបង្កើតរចនាសម្ព័ន្ធរបស់ខ្លួននៅក្នុងក្របខណ្ឌនៃស្ថានការក្រោយរយៈកាលនៃសហភាពសូវៀត ដូច្នេះក្របខណ្ឌនេះមានភាពសាកសមទៅនឹងគំនិតរបស់លោក ពូទីន ក្នុងនាមជាជនជាតិអឺរ៉ុបកាត់អាស៊ី (Eurasianist) ប្រសិនបើអ្នកជឿទៅលើតម្លៃរបស់ក្របខណ្ឌសហភាពសូវៀត ថាជាវិស័យដែលគួរតែបន្ត»។
ឥឡូវនេះ ស្រ្តីបីនាក់នៃក្រុមតន្រី្តវប្បធម៌ រុស្ស៊ី ដែលត្រូវបានស្គាល់ថាជា «កុប្បកម្មយោនី» ត្រូវបានកាត់ទោសឳ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ចំពោះការធ្វើបាតុកម្មប្រឆាំងនឹងលោក ពូទីន កាលពី៦ខែមុន នៅលើទីគោរពបូជារបស់ព្រះវិហារគ្រិស្ត អូស្សូដក់ ធំជាងគេបំផុតរបស់ទីក្រុង មូស្គូ។ លោក ម៉ារីណា ស៊ីរ៉ូវ៉ា (Marina Syrova) ចៅក្រមដែលបានប្រកាសថា ស្រ្តីទាំងនេះមានកំហុស បាននិយាយថា ការចោទប្រកាន់ពីបទ «ភាពទំនើង» មានភាពត្រឹមត្រូវ ដោយសារតែស្ត្រីទាំងនេះ«បានបំផ្លិចបំផ្លាញសណ្តាប់ធ្នាប់សង្គមយ៉ាងព្រហើន» នៅក្នុងការតវ៉ាដែលត្រូវបានជំរុញដោយភាពស្អប់ខ្ពើមខាងសាសនា។
ស្ត្រីទាំងនោះនិយាយថា ពួកគេនៅពេលនោះកំពុងព្យាយាមបង្ហាញពីការគាំទ្រខាងនយោបាយយ៉ាងខ្លាំងក្លា របស់ថ្នាក់ដឹកនាំព្រះវិហារគ្រិស្តនិកាយ អូស្សូដក់ របស់ រុស្ស៊ី ចំពោះលោក ពូទីន ដែលមិនទាន់ត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៅឡើយ។
លោក នីចស៊ី មានប្រសាសន៍ថា លទ្ធផលនៃរឿងក្តីនេះនឹងលើកទឹកចិត្តឳ្យរដ្ឋាភិបាល រុស្ស៊ី ធ្វើការចោទប្រកាន់អ្នកប្រឆាំងខាងនយោបាយបន្ថែមទៀត។
«ខ្ញុំគិតថា ក្នុងកម្រិតណាមួយ សេរីភាពរបស់មេដឹកនាំគណបក្សប្រឆាំងទាំងនេះ នឹងនៅតែបន្តមានកម្រិត ហើយឥឡូវនេះត្រូវបានបើកចំហរក្នុងការចោទសួរ។ វាប្រហែលជាថា ការកាត់ទោសនាពេលបច្ចុប្បន្ននេះលើរឿង «កុប្បកម្មយោនី» គ្រាន់តែជាការពង្រឹងការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការជឿជាក់ថា ពួកគេអាចសម្រេចឃុំខ្លួនតាមអំពើចិត្តទៅលើបុគ្គលដែលជាអ្នករិះគន់»។
លោកស្រី ស៊ូសាន ឡាសេន (Susan Larsen) ដែលបង្រៀនអំពីវប្បធម៌ រុស្ស៊ី នៅសាកលវិទ្យាល័យខាមប្រ៊ីជ (University of Cambridge) គិតថា រដ្ឋាភិបាលរបស់លោក ពូទីន កំពុងព្យាយាមរឹតបន្តឹងការក្តាប់អំណាចរបស់ខ្លួន តាមរយៈសម្ព័ន្ធភាពជាមួយព្រះវិហារគ្រិស្ត អូស្សូដក់ របស់ រុស្ស៊ី។
«អ្វីដែលអ្នកអាចពណ៌នាថាជា «ការគ្រប់គ្រងបែបពូទីន» កំពុងបំភ្លៃច្បាប់ដើម្បីរក្សាការក្តាប់អំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ ហើយផ្នែកមួយនៃការព្យាយាមក្តាប់អំណាច គឺតាមរយៈសម្ព័ន្ធភាពជាមួយព្រះវិហារគ្រិស្ត អូស្សូដក់ របស់ រុស្ស៊ី។ នេះគ្រាន់តែជាភស្តុតាងតូចមួយ ដែលអាចមើលឃើញស្តីពីការបង្កើនការគៀបសង្កត់និងការបង្ក្រាបយ៉ាងឆាប់រហ័សទៅលើសកម្មភាពនយោបាយតាមទម្រង់ផ្សេងជាច្រើន»។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នករិះគន់ទៅលើក្រុមអ្នកតវ៉ាតន្រ្តីវប្បធម៌ ថ្លែងថា ការសម្តែងរបស់ពួកគេ គឺជាការប្រមាថដល់ព្រះវិហារអូស្សូដក់របស់រុស្ស៊ី ហើយពួកគេគួរតែទទួលការដាក់ទោសធ្ងន់ធ្ងរជាងនេះ។
លោកស្រី ឡាសេន អះអាងថា អារម្មណ៍បែបនោះនឹងមានឥទ្ធិពលតិចតួចណាស់នៅក្នុងប្រទេសរុស្ស៊ី។
«ការកាត់ទោសនេះមិនអាចជះឥទ្ធិពលទៅលើទស្សននៅក្នុងប្រទេសនេះបានទេ ដរាបណាបណ្តាញសារព័ត៌មាន ពោលគឺប្រព័ន្ធឃោសនា ចាប់ផ្តើមរាយការណ៍អំពីរឿងនេះ ដោយមិនលម្អៀង។ ប្រទេសទាំងមូលនឹងមិនត្រឹមតែប្រមូលផ្តុំ ជុំវិញសេរីភាពក្នុងការបញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែប្រទេសនេះថែមទាំងប្រមូលផ្តុំជុំវិញការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយទៀតផង។»
ហ្វូងមនុស្សយ៉ាងច្រើននៃក្រុមអ្នកគាំទ្រ«កុប្បកម្មយោនី» បានជួបជុំគ្នានៅទីក្រុង មូស្គូ សម្រាប់ការកាត់ទោសនៅថ្ងៃសុក្រនេះ ហើយក៏មានការតវ៉ាប្រកបដោយសមានចិត្តដែរ នៅទីក្នុងទីក្រុងប៉ារីស (Paris) បេលហ្គ្រាដ (Belgrade) ប៊ែកឡាំង (Berlin) សូហ្វៀ (Sofia) ឡុងដ៍ (London) ឌូប្លីន (Dublim) និងបាសេឡូណា (Barcelona) ព្រមទាំងសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនគាំទ្រចំពោះស្រ្តីទាំងនោះពីសំណាក់ក្រុមវិចិត្រករ ដោយរាប់បញ្ចូលទាំងលោកស្រី ផូល ម៉ាកខាតនី (Paul McCartney) និង ម៉ាណាដូណា (Madonna) ទៀតផង៕