ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់ទោស​សេដ្ឋី​ប្រេង​រុស្ស៊ី​ មីខាអ៊ីល ខូដូកូវស្គី មាន​លក្ខណៈ​នយោបាយ​


លោក មី​ខាអ៊ីល ខូ​ដូកូវ​ស្គី (Mikhail Khodorkovsky)​ (កណ្តាល)​ នៅ​បន្ទប់​តុលាការ​ក្នុង​ទីក្រុង​មូស្គូ។
លោក មី​ខាអ៊ីល ខូ​ដូកូវ​ស្គី (Mikhail Khodorkovsky)​ (កណ្តាល)​ នៅ​បន្ទប់​តុលាការ​ក្នុង​ទីក្រុង​មូស្គូ។

ម៉ូស្គូ រុស្ស៊ី៖ តុលាការក្រុងម៉ូស្គូ បានកាត់​ទោស​ លោក មី​ខាអ៊ីល ខូ​ដូកូវ​ស្គី ​(Mikhail Khodorkovsky) អតីត​ស្តេចត្រាញ់​ប្រេង​ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល៦​ឆ្នាំ​បន្ថែម​ទៀត ដោយកំណត់​កាល​បរិច្ឆេទ​ដោះលែង​នៅ​ក្នុង​ឆ្នាំ​២០១៧ ដែលការកាត់​ទោស​នេះ ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជាការ​វាស់ស្ទង់ដ៏សំខាន់​មួយសម្រាប់​រដ្ឋាភិបាលផ្តាច់​ការ​រុស្សី។

ក្រុម​អ្នក​គាំ​ទ្រ​លោក ខូ​ដូកូវ​ស្គី ថ្លែង​ថា ការ​ចោទ​ប្រកាន់ប្រឆាំង​រូប​លោក ជា​រឿង​គួរ​ឲ្យអស់​សំណើចណាស់។ ពួក​គេនិយាយ​ថា លោកត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​តែ​លោកបាន​បង្ក​ការគំរាម​កំហែងខាង​នយោបាយដល់​អតីតប្រធានាធិបតី វ៉្លាឌីមៀរ ភូទីន​( Vladimir Putin) តាមរយៈការផ្តល់​មូល​និធិដល់​គណបក្ស​ប្រឆាំង និង​ប្រើ​ប្រាស់​ឥទ្ធិ​ពល​យ៉ាង​ធំ​ធេង​របស់លោក ដើម្បី​បញ្ចុះបញ្ចូលប្រឆាំងនឹងការ​គ្រប់​គ្រង​របស់​រដ្ឋលើឧស្សាហ​កម្ម​ប្រេង។ ក្រុមអ្នក​រិះ​គន់ ជឿ​ជាក់​ថា គេចោទ​ប្រកាន់លោក ខូ​ដូកូវ​ស្គី សម្រាប់​ជា​លេស​មួយដើម្បី​ឃុំ​ឃាំង​រូប​លោកនៅក្នុង​ពន្ធនាគារ រហូត​ដល់មាន​ការ​បោះ​ឆ្នោតប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១២​ ដែលនៅ​ពេល​នោះ មនុស្ស​ជា​ច្រើនជឿ​ថា លោក​ភូ​ទីន ចង់​ឈរ​ឈ្មោះ។

លោក ខូ​ដូកូវ​ស្គី ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​បទលួច​បន្លំទឹក​ប្រាក់ដែល​បានមក​ពី​ប្រេងចំនួនរាប់​ពាន់លាន​ដុល្លារ និង​ព្យាយាម​ធ្វើ​ឲ្យ​ដំណើរ​ការ​នោះស្រប​ច្បាប់។

លោក ស៊ែនឌី សូនឌើ (Sandy Saunders) សមាជិកម្នាក់​នៃ​ក្រុម​អ្នក​ច្បាប់​សហរដ្ឋ​អាមេរិករបស់លោក​ ខូ​ដូកូវ​ស្គី បាន​ឲ្យ​ដឹង​ថា លោក​គ្មាន​ការ​ភ្ញាក់​ផ្អើល​ទេ​ចំពោះសាល​ក្រម​នោះ។ លោក​ថ្លែងថា៖

«ប្រព័ន្ធយុត្តិធម៌​ឧក្រិដ្ឋកម្ម​រុស្សីនឹង​ត្រូវ​បាន​ប្រើ ដោយ​ក្រុម​អ្នក​មាន​អំណាច ដើម្បី​ទទួលបានអ្វី​ដែល​ពួក​គេ​ចង់​បាន។ ហើយរដ្ឋ​ធម្មនុញ្ញ និង​ច្បាប់របស់​រុស្សី​ត្រូវ​បាន​ទុក​មួយ​ឡែក ដើម្បីកេង​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន»។

នៅ​ក្នុង​ការ​ជួបជុំចោទសួរ ​និងឆ្លើយ​តាម​ទូរទស្សន៍ កាល​ពី​ដើម​ខែ​ធ្នូ មាន​សំណួរ​ទាក់​ទង​នឹងលោក ​ ខូ​ដូកូវ​ស្គី លោក​ភូ​ទីន បាន​អះ​អាងថា «ចោរត្រូវ​នៅ​ក្នុង​ពន្ធនាគារ» បើ​ទោះ​ជា​សាល​ក្រមនៃ​សំណុំ​រឿង​ក្តី​នេះ មិន​ទាន់​ត្រូវ​បាន​ប្រកាស​ក៏​ដោយ។

លោក ហ្ក្លេប ប៉ាវឡូវស្គី (Gleb Pavlovsky) ប្រធានមូល​និធិដើម្បី​គោល​នយោបាយមានប្រសិទ្ធិភាព (Foundation for Effective Policy) មាន​ប្រសាសន៍​ថា រឿង​នេះជា​កំហុស​នយោបាយ​មួយ​របស់​លោក ​ភូ​ទីន ដែល​ក្រោយ​មក លោក​ត្រូវ​បាន​ស្តីបន្ទោស​ដោយ​លោក​ប្រធានាធិបតី ឌីមី​ទ្រី ​មេឌវ៉េដេវ (Dmitry Medvedev)។ លោក​ ប៉ាវឡូវស្គី​ មាន​ប្រសាសន៍​ថា ​នាយក​រដ្ឋ​មន្ត្រី ភូទីន ចាត់​ទុក​លោក ខូ​ដូកូវ​ស្គីថា​ ជា​គូរ​ប្រជែង​ផ្ទាល់​ខ្លួនរបស់​លោក។ ​ដោយផ្តោតខ្លាំង​ពេក​ទៅ​លើគំនិត​បែប​នេះ លោកភូទីន​ភ្លេចគិតថា លោកមិនមែនជា​មន្ត្រីនៅ​ក្នុង​រឿង​ក្តី​នេះទេ។ ជា​ការពិត​ណាស់ ​នេះ​ជាឥទិ្ធពល។

ប៉ុន្តែ ​លោក​ស្រី លី​លៀ ឆេវត្សូវ៉ា (Lilia Shevtsova) នៃ​មជ្ឈមណ្ឌល​ ខាណឺហ្គី ប្រ​ចាំក្រុងម៉ូស្គូ ​(Moscow Carnegie Center) បានឲ្យដឹងថា រឿង​ក្តី​នេះ ក៏​បាន​ស​បញ្ជាក់​ឲ្យ​ឃើញពីអ្នកដែលទទួល​ខុស​ត្រូវ​របស់​ប្រទេស​ដែរ។ ឆេវត្យូវ៉ា ថ្លែង​ថា៖

«សាល​ក្រម​ដាក់​ទោស​នេះ ក៏​បាន​បង្ហាញ​ថា លោក មេឌវ៉េដេវ (Medvedev) គ្រាន់​តែ​ជា​អាយ៉ងតាមខ្សែញ៉ាក់តែ​ប៉ុណ្ណោះ។ មាន​ន័យ​ថា លោកជា​មនុស្សមិនសំខាន់។ ឬ​យ៉ាង​ហោច​ណាស់ លោក​គឺ​ជាស្រមោល​របស់​លោក ភូ​ទីន។ រាល់​បុព្វ​ហេតុ​ទាំង​អស់នេះ រាល់​ការ​ជជែក​ទាំង​អស់នេះស្តី​ពីសេរី​ភាវូប​នីយ​កម្ម​ និង​ទំនើប​ភាវូបនីយ​កម្ម​នៅ​រុស្សី ​គឺ​គ្រាន់​តែ​ជា​រឿង​កំប្លែងមួយ​តែ​ប៉ុណ្ណោះ»។

សវនាការ​កាត់​ទោស​លោក ខូ​ដូកូវ​ស្គី ស្ថិត​នៅ​ចំណុច​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់ប្រព័ន្ធផ្សព្វផ្សាយ​របស់​លោក​ខាង​លិចក្នុង​សប្តាហ៍​កន្លង​ទៅ។ ក្រុម​អ្នក​នយោបាយអឺរ៉ុប​ និង​អាមេរិកបាន​សម្តែង​ការ​ព្រួយ​បារម្ភចំពោះសាល​ក្រម​នេះ ដែល​ក្នុង​នោះ​មាន​សេចក្តីថ្លែងការណ៍ របស់​លោក​ស្រីរដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក ហ៊ី​លឡា​រី គ្លីន​តុន (Hillary Clinton) ដែលបាន​ពិពណ៌នាការ​កាត់​ទោស​នេះ​ថា​ ជាការ​ប្រើ​ប្រព័ន្ធតុលាការ​យ៉ាងបំពាន។

ប៉ុន្តែ ការ​កាត់​ទោស​លោក ខូ​ដូកូវ​ស្គី មិន​សូវត្រូវបាន​ដឹង​ឮទេនៅ​រុស្សី។ ការ​ស្ទាប​ស្ទង់​មតិថ្មីមួយ​ ដោយមជ្ឈ​មណ្ឌល​ឡេ​វ៉ា​ដា (Levada Center) ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ម៉ូស្គូ បានរក​ឃើញ​ថា ៦៥​ភាគ​រយ​នៃប្រជា​ពលរដ្ឋ​រុស្សី​មិន​បាន​តាម​ដាន​រឿង​ការ​កាត់ទោសនេះ​ទេ។ លោក វិច​ទ័រ​ លីននីក (Victor Linnik) និពន្ធ​នាយក​នៃ​ទស្សនាវដ្តិ៍ស្លូវ៉ូ (Slovo Magazine ) និយាយ​ថា ​មាន​ការ​គាំទ្រតិចតួច​ណាស់ចំពោះ​លោក ខូ​ដូកូវ​ស្គី នៅ​ក្នុង​ប្រទេស​នេះ។

«តើការ​កាត់​ទោស​នេះសាក​សម​ដែរ​ឬ​ទេ សម្រាប់​លោក​ខូ​ដូ​គូ​ស្គី? ៩៩ ​ភាគ​រយនៃសាធារណជន​រុស្សីនឹង​ប្រាប់​អ្នក​ថា វា​ជា​ការ​សាក​សមហើយ។ លោក​ជាឥស្សរជន​នាំ​មុខ​គេ​ម្នាក់ នៅ​ក្នុងវិស័យ​ឯកជន​ភាវូបនីយ​កម្មឧក្រិដ្ឋ​កាល​ពី​ទសវត្សរ៍១៩៩០»។

ប៉ុន្តែ លោកស្រី ឆេវត្សូវ៉ា មាន​ប្រសាសន៍​ថា សារៈ​សំខាន់​នៃ​សាល​ក្រម និង​ការ​កាត់​ទោសនេះ ​ជាការ​បង្ហាញពី​កម្លាំងនយោបាយ​របស់​លោក​ភូទីន ចំពោះក្រុម​ឆ្នើមៗ​នៃ​អ្នក​គ្រប់​គ្រង​អំណាច​ និង​សេរី​និយម៕

ប្រែសម្រួលដោយ លី សុខឃាង

XS
SM
MD
LG