នាវាចម្បាំងរបស់អង្គការអូតង់កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រ Aegean ដើម្បីជួយដល់ប្រទេសតួកគីនិងប្រទេសក្រិកក្នុងការបញ្ឈប់ក្រុមអ្នកជួញដូរមនុស្ស ដែលនេះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការជួយរបស់ក្រុមសម្ព័ន្ធមិត្តក្នុងការដោះស្រាយបញ្ហានៃការហូរចូលរបស់ក្រុមជនអន្តោប្រវេសន៍ទៅកាន់អឺរ៉ុប។
កាលពីថ្ងៃព្រហស្បតិ៍ លោកអគ្គមេបញ្ជាការអង្គការអូតង់ Jens Stoltenberg បានថ្លែងថា នាវាចំនួន៣គ្រឿងដែលស្ថិតនៅក្រោមការបញ្ជារបស់អាល្លឺម៉ង់កំពុងត្រូវបានគេដាក់ពង្រាយភ្លាមៗដើម្បីជួយដល់ឆ្មាំសមុទ្រតួកគីនិងក្រិក ដែលស្ថិតក្រោមការឈ្លបយកការណ៍នានា។ មកទល់នឹងពេលនេះ នាវាទាំង៣គ្រឿងនេះពុំទាន់ទទួលបានការបញ្ជាឲ្យស្ទាក់ចាប់ទូកនានាដែលដឹកក្រុមជនអន្តោប្រវេសន៍នៅឡើយទេ។
សេចក្តីសម្រេចក្នុងការបញ្ជូននាវាទាំងនេះ ត្រូវបានធ្វើឡើងនៅទីបញ្ចប់នៃកិច្ចប្រជុំរយៈពេល២ថ្ងៃជាមួយនឹងក្រុមរដ្ឋមន្រ្តីការពាររបស់អង្គការអូតង់ នៅឯទីស្នាក់ការរបស់ក្រុមសម្ព័ន្ធមិត្តក្នុងរដ្ឋធានីព្រុចសែល (Brussels) និងជាការឆ្លើយតបទៅនឹងសំណើរបស់ប្រទេសអាល្លឺម៉ង់ តួកគី និងក្រិក។
សកម្មភាពរបស់អង្គការអូតង់ឆ្លុះបញ្ចាំងពីស្មារតីជួយជាបន្ទាន់របស់រដ្ឋាភិបាលនៃបណ្តាប្រទេសលោកខាងលិច ខណៈដែលក្រុមមន្រ្តីប៉ាន់ស្មានថា នឹងមានក្រុមជនភៀសខ្លួនប្រមាណ៤លាននាក់ស្វែងរកសិទ្ធិជ្រកកោននៅអឺរ៉ុបក្នុងឆ្នាំនេះ៕