ទីភ្នាក់ងារប៉ូលិសនៃទ្វីបអឺរ៉ុបបាននិយាយថា ក្រុមកុមារចំណាកស្រុកដែលគ្មានញាតិសន្តានទៅជាមួយជាង១០.០០០នាក់បានបាត់ខ្លួនក្នុងរយៈពេលពីរឆ្នាំនេះ។
លោក Brian Donald នាយអគ្គសេនាធិការនៃស្ថាប័នប៉ូលិស Europol បាននិយាយប្រាប់កាសែត Observer នៃប្រទេសអង់គ្លេសថា ក្រុមឧក្រិដ្ឋជនមានការរៀបចំនិងក្រុមជួញដូរផ្លូវភេទ ប្រហែលមានការទាក់ទិននឹងការបាត់ខ្លួនក្រុមកុមារទាំងនេះ។
លោក Donald បានថ្លែងកាលពីថ្ងៃសៅរ៍ថា «យើងមិនដឹងថាក្រុមកុមារទាំងនេះនៅទីណាទេ, មិនដឹងថាពួកគេធ្វើអ្វីទេ ឬថាពួកគេនៅជាមួយនរណាឡើយ។»
ទោះណាជានៅមុនកំណើនក្រុមជនចំណាកស្រុកកាលពីឆ្នាំទៅមិញទៅកាន់ទ្វីបអឺរ៉ុបក៏ដោយ ក៏ទីភ្នាក់ងារមួយចំនួនក្នុងទ្វីបអឺរ៉ុបបានប្រមូលឯកសារឃើញថារហូតដល់ពាក់កណ្តាលនៃចំនួនក្រុមកុមារគ្មានញាតិសន្តានទៅជាមួយបានស្វះស្វែងសុំសិទ្ធិជ្រកកោនក្នុងអឺរ៉ុបបានបាត់ខ្លួននៅក្រោយបានចុះឈ្មោះជាមួយអាជ្ញាធររដ្ឋ។
ទិន្នន័យរបស់អង្គការ IOM និង UNICEF សម្រាប់ឆ្នាំ២០១៤បង្ហាញថា អ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោនជាង២៣០០០នាក់ក្នុងទ្វីបអឺរ៉ុបជាអនីតិជនគ្មានញាតិសន្តានទៅជាមួយឬជាក្រុមកុមារដែលបានបែកខ្ញែកពីគ្រួសារពួកគេ។
ក៏ប៉ុន្តែនៅក្នុង១០ខែដំបូងនៃឆ្នាំ២០១៥ ប្រទេសស៊ុតអែតតែមួយគត់បានទទួលពាក្យសុំពីកុមារជាង២៣០០០នាក់ដែលគ្មានញាតិសន្តានទៅជាមួយនិងបែកខ្ញែកពីគ្រួសារ។ ស្ថិតិពួកអ្នកសុំសិទ្ធិជ្រកកោនមិនបានបង្ហាញចំនួនតួលេខនៃក្រុមកុមារចំណាកស្រុកទាំងអស់ទេ៕