មន្ត្រីកំពូលរបស់អង្គការអូតង់បាននិយាយថា លោកគ្មានបំណងគាំទ្រលើការប្រឈមមុខជាមួយរុស្ស៊ីដែលកំពុងងើបឡើងនោះទេ និងបានទទូចថា សម្ព័ន្ធមិត្តលោកខាងលិចនឹងរក្សាគោលជំហររឹងមាំ ប៉ុន្តែមានភាពយុត្តិធម៌ចំពោះរដ្ឋាភិបាលក្រុងមូស្គូខណៈបន្តទទួលស្គាល់រដ្ឋអតីតសហភាពសូវៀត។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg កាលពីថ្ងៃសុក្របានថ្លែងដូច្នេះបន្ទាប់កិច្ចប្រជុំនៅឯសេតវិមានជាមួយលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិ។
លោក Stoltenberg បានប្រាប់ទៅអ្នកចូលរួមក្នុងកិច្ចពិភាក្សានៅឯមូលនិធិ The Heritage Foundation ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «សម្រាប់យើងគ្មានអ្វីក្រៅតែពីរក្សាគោលជំហរ រឹងមាំក្នុងការដោះស្រាយបញ្ហជាមួយនឹងប្រទេសរុស្ស៊ីដូចដែលយើងធ្វើឥឡូវនេះ ហើយស្របពេលជាមួយគ្នានេះ យើងកំពុងស្វែងរកកិច្ចសន្ទនា»។
ភាពតានតឹងរវាងរុស្ស៊ីនិងលោកខាងលិចបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានវាយលុកចូលតំបន់ហ្សកហ្ស៊ីអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយភាពតានតឹងនេះបានឈានដល់កម្រិតខ្ពស់ថ្មីមួយបន្ទាប់ពីមានការឈ្លានពានរបស់ក្រុងមូស្គូទៅលើទឹកដីអ៊ុយក្រែននិងការបញ្ចូលឧបទ្វីបគ្រីមាកាលពីឆ្នាំ២០១៤។
លោក Stoltenberg បានដាក់ការស្តីបន្ទោសយ៉ាងខ្លាំងទៅលើក្រុងមូស្គូដែលមានបំណងប្រើប្រាស់កងកម្លាំងយោធាប្រឆំាងនឹងប្រទេសជិតខាងនានា។ នៅស្របពេលជាមួយគ្នានោះលោកក៏បានធ្វើការអះអាងថា អង្គការអូតង់មិនកំពុងស្វែងរកការប្រឈមមុខដាក់គ្នានោះទេ។
លោក Stoltenberg បានថ្លែងបន្តថា «អ្វីដែលយើងបានឃើញនោះគឺប្រទេសរុស្ស៊ីបានវិនិយោគតាមរូបភាពផ្សេងៗជាច្រើន ក្នុងនោះក៏មានតាមការស៊ើបការសម្ងាត់ផងដែរ។ ទាំងនេះគឺជាហេតុផលដែលបណ្តាលឲ្យអង្គការអូតង់ចាប់ផ្តើមវិនិយោគនៅក្នុងវិស័យការពារជាលើកទីមួយបន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់មក»។
វិធីសាស្រ្តរបស់លោក Stoltenberg មានភាពផ្ទុយគ្នាពីអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានធ្វើការអះអាងម្តងហើយម្តងទៀតអំពីលទ្ធភាពដែលលោកអាចធ្វើការទំនាក់ទំនងបានយ៉ាងល្អជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅថ្ងៃអនាគត៕