អ្នកស្រី​ Narges Mohammadi ​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​ដោយសារ​ការពារ​ស្ត្រី​នៅ​អ៊ីរ៉ង់

រូបឯកសារកាលពីឆ្នាំ ២០២១ បង្ហាញឱ្យឃើញអ្នកស្រី Narges Mohammadi នៅរដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់។

សកម្ម​ជន​អ៊ីរ៉ង់​ដែល​កំពុង​ជាប់​ពន្ធនាគារអ្នកស្រី​ Narges Mohammadi​ បាន​ទទួលពានរង្វាន់​ណូបែលសន្តិភាព​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជិះជាន់​លើស្ត្រីក្នុង​ប្រទេស​អ៊ីរ៉ង់។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។

ប្រធាន​គណៈកម្មាធិការ​ពានរង្វាន់​ណូបែលសន្តិភាព​នៃ​ប្រទេស​ន័រវែស​ អ្នក​ស្រី Berit Reiss-Andersen ​បាន​ប្រកាស​ពី​ការ​ទទួល​បានពាន​រង្វាន់នេះ​ ក្នុង​ទី​ក្រុង​អូស្លូ ប្រទេស​ន័រវែស​ថា៖ «​នេះ​ជា​រង្វាន់​ទី ១ និង​សំខាន់​បំផុត​ក្នុងការ​ទទួល​ស្គាល់​នូវ​ការងារ​ដែល​មាន​សារៈសំខាន់ខ្លាំង​នៃ​ចលនា​មួយ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ដែល​ដឹកនាំ​ដោយ​អ្នក​ស្រី Nargis Mohammadi»។

ក្រុម​អាជ្ញាធរ​អ៊ីរ៉ង់​បាន​ចាប់អ្នកស្រី​ Mohammadi កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ បន្ទាប់​ពី​អ្នក​ស្រីចូលរួមនៅ​ក្នុងពិធី​រំលឹក​ខួប​ជន​រងគ្រាះ​ម្នាក់​ នៃ​អំពើហិង្សាដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៩។​ ​អ្នក​ស្រី​ Reiss-Andersen ​បាន​និយាយ​ថា​ អ្នក​ស្រី Mohammadi ត្រូវ​បាន​ជាប់​ពន្ធនាគារ​ចំនួន​ ១៣ដង និង​ត្រូវ​បាន​កាត់​ទោស​ចំនួន​ ៥​ដង។​ អ្នក​ស្រី​មាន​ទោស​សរុប​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន​ ៣១ឆ្នាំ។

អ្នក​ស្រី Mohammadi ជា​ស្ត្រី​ទី​ ១៩ ​ដែល​ទទួល​បាន​ជ័យលាភី​រង្វាន់​ណូបែលសន្តិភាព​ និង​ជា​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​ទី ២ បន្ទាប់​ពីសកម្មជន​សិទ្ធិមនុស្ស​អ្នក​ស្រី​ Shirin Ebadi ដែល​បាន​ទទួល​រង្វាន់នេះ​ កាល​ពី​ឆ្នាំ​ ២០០៣។

អ្នក​ស្រី Mohammadi ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ក្នុង​ការ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នៅ​ទូទាំង​ប្រទេសកាល​ពី​ពេល​ថ្មី​ៗ​នេះក្នុង​ប្រទេស​អ៊ីរ៉ង់​ ​ជុំវិញ​ការ​ស្លាប់​របស់នាង Mahsa Amini ​វ័យ​២២​ឆ្នាំ​ ដែលបាន​ស្លាប់ ក្រោយ​ពី​ត្រូវ​បាន​ចាប់​ឃុំ​ដោយ​ក្រុមប៉ូលិស​សីលធម៌​អ៊ីរ៉ង់​មក៕