កូដករ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​សុំ​អន្ត​រាគមន៍​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

ក្រុម​កូដករ​សហជីព​ណាហ្គាវើល៍​ប្រជុំ​គ្នា​នៅ​ពី​មុខ​ខុទ្ទកាល័យ​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​ដាក់​ញត្តិ​ ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​របស់​ពួក​គេ ​នា​ព្រឹក​ថ្ងៃ​ទី​ ២៣ ខែ​ វិច្ឆិកា ឆ្នាំ២០២៣។ (សើ ដាវី​/វីអូអេ)

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ព្យាយាម​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បី​ទា​មទារ​ឱ្យ​ដោះ​លែង​មេដឹកនាំ​សហជីព និង​ផ្តល់​ដំណោះ​ស្រាយ​ការងារ ដែល​ពួកគេ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។

កូដ​ករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្រមាណ៥០​នាក់ បាន​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ប៉ុន្តែ​ត្រូវ​បាន​ខាង​ខុទ្ទកាល័យ​បដិសេធ​មិន​ទទួល​ញត្តិ​នេះ ដោយ​ឱ្យ​រៀបចំ​ការ​សរសេរ​ញត្តិ​ឡើង​វិញ ក្រោម​ហេតុផល​ថា​ញត្តិ​នេះ​មិន​ទាន់​ត្រឹម​ត្រូវ​នៅ​ឡើយ។

បើ​តាម​ញត្តិ​នោះ ក្រុម​កូដករ​ស្នើសុំ​ឱ្យ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​«បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ យាយី រំខាន​ផ្លូវ​ចិត្ត» ទៅ​លើ​សមាជិកសហជីព​ត​ទៅ​ទៀត​និង​សុំ​ឱ្យ​មាន​អន្តរាគមន៍​ពី​សំណាក់​រដ្ឋា​ភិបាល ជា​ពិសេស​ពី​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែ​ត ក្នុង​ការ​បើក​ឱ្យ​មាន​កិច្ច​ពិភាក្សា​ជាមួយ​សហជីព​ដើម្បី​យល់​ពី​បញ្ហា​នៃ​វិវាទ​ការងារ​នេះ។

លោក ណាំ ទីវ័ន្ត អាយុ​២៥​ឆ្នាំ កូដករ​ក្រុម​ណាហ្គា​វើលដ៍​ដែល​ចូល​រួម​ដាក់​ញត្តិ ប្រាប់​វីអូអេ​ថា​ក្រុម​កូដករ​ស្នើសុំ​ឱ្យ​នាយករដ្ឋមន្រ្តី​ថ្មី គឺ​លោក ​ហ៊ុន ម៉ាណែត ជួយ​ជំរុញ​ដល់​ភាគី​ថៅ​កែ​ណា​ហ្គា​វើល​ដ៍ ចេញ​មុខ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ និង​បញ្ឈប់ការ​អើស​អើង​លើ​សហជីព។

លោក​បញ្ជាក់​ថា​៖ «សុំ​អង្វរ​ហើយ​អង្វរ​ទៀត​ ពីព្រោះ​កូដករ​អស់​ជម្រើស​ហើយ ពីព្រោះ​មាន​តែ​ការ​ដាក់​ញត្តិ​ទៅ​ដល់​សម្តេច​ទេ ហើយ​សម្តេច​ក៏​ជា​អ្នក​កាន់​កូន​សោ​ដែល​ចាក់​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​ក្រុម​ហ៊ុន​ណា​ហ្គាវើល​ដ៍​នេះ​បាន។ គ្រាន់​តែ​ជំរុញ​ដល់​ថៅកែ​ណាហ្គា​វើលដ៍​ឱ្យ​គោរព​ច្បាប់​ការងារ​ ខ្ញុំ​គិត​ថា​វា​អត់​ពិបាក​ទេ ពីព្រោះ​ជំរុញ​ដល់​ភាគី​ថៅកែ​ដែល​ជា​ថៅ​កែបរទេស ថៅកែ​ដែល​ជា​ជន​ជាតិ​គេ​មក​រក​ស៊ី​ក្នុង​ទឹកដី​ខ្មែរ​ ត្រូវ​តែ​គោរព​ច្បាប់​ស្រុក​ខ្មែរ​ គឺ​អត់​មាន​អី​ពិបាក​ទេ ដូច​ជា​សុំ​ភ្លើង​យក្ស​ទេ»។

លោក​ ណាំ​ ទីវ័ន្ត សមាជិក​នៃ​ក្រុម​កូដករ​សហជីព​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌​មាន​វីអូអេ នា​ព្រឹក​ថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ (សើ ដាវី​/វីអូអេ)

វិវាទ​ការងារ​រវាង​សហជីព​កម្មករ និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​អូស​បន្លាយ​ពេល​ជិត​៣​ឆ្នាំ​មក​ហើយ​។ ចំណែក​មេដឹកនាំ​សហជីព​ម្នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ ក៏​កំពុង​ជាប់​ពន្ធនាគារ​ផង​ដែរ។

កញ្ញា ឈឹម សុខន ដែល​ចូលរួម​ដាក់​ញត្តិ​នេះ ប្រាប់​វីអូអេ​ថា​កញ្ញា និង​ក្រុម​កូដករ​ដទៃ​ទៀត​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​បដិសេធ​របស់​ខុទ្ទកា​ល័យ​នាយក​រដ្ឋមន្រ្តី​ក្នុង​ការទទួល​ញត្តិ​នេះ ក្រោម​ហេតុ​ផល​ថា​មិន​ទាន់​ត្រឹម​ត្រូវ​នៅ​ឡើយ ដោយ​តម្រូវ​ឱ្យ​ដាក់​ឈ្មោះ​កូដករ​ទាំង​អស់​នៅ​ក្នុង​ញត្តិ។

កញ្ញា​បញ្ជាក់​ថា៖ «បាន​ជា​ថ្ងៃ​នេះ​ ពួក​ខ្ញុំ​មក​ដាក់​ញត្តិ គឺ​ស្នើសុំ​ឱ្យ​គាត់​(នាយក​រដ្ឋមន្រ្តី)ដោះ​ស្រាយ​បណ្តឹង​ព្រហ្ម​ទណ្ឌ​របស់​ពួក​ខ្ញុំ ដែល​ចេះ​តែ​មាន​បណ្តឹង​ព្រហ្ម​ទណ្ឌ​ជា​បន្ត​បន្ទាប់​ហើយ​ថ្នាក់​ដឹក​នាំ​ពួក​ខ្ញុំ ក៏​នៅ​ជាប់​ពន្ធ​នាគារ អត់​ទាន់​បាន​ចេញ​ដែរ​។ ហើយ​វិវាទ​របស់​ពួក​ខ្ញុំ​មាន​រយៈ​ពេល​ឡើង​ពីរ​ឆ្នាំ បើ​គិត​ពី​យើង​ដើរ​តាម​នីតិ​វិធី​ច្បាប់​វិញ គឺ​ចូល​បី​ឆ្នាំ​ហើយ។ អញ្ចឹង​ពួក​ខ្ញុំ​ពិបាក​ខ្លាំង​ណាស់»។

កញ្ញា​បន្ថែម​ថា​ការ​ដោះ​ស្រាយ​ជម្លោះ​ការងារ​រវាង​បុគ្គល និង​ក្រុមហ៊ុន​ណាហ្គា​វើល​ដ៍​នេះ នឹង​ក្លាយ​ជា​គំរូ​មួយ​សម្រាប់​ក្រុមហ៊ុន​ផ្សេង​ទៀត។

កញ្ញា​បញ្ជាក់​ថា៖ «​ចឹង​ខ្ញុំ​ចង់​ឱ្យរដ្ឋា​ភិ​បាល​មើល​លើ​រឿង​ហ្នឹង ដោយ​សារ​កម្ម​ករ​ទាំង​អស់​ត្រូវ​ការ​ឱ្យ​គាត់​មាន​ដំណោះ​ស្រាយ។ អញ្ចឹង​ដើម្បី​កុំ​ឱ្យ​គំរូ​អាក្រក់​ក្រុម​ហ៊ុន​ផ្សេងៗ​ដែល​គេ​ចាំ​តែ​មើល​ក្រុម​ហ៊ុន​ណា​ហ្គា​ហ្នឹង​ទេ។ កាល​ណា​បើ​សិន​ជា​អត់​ដោះ​ស្រាយ​នៅ​ក្រុម​ហ៊ុន​ណាហ្គាអញ្ចឹង កន្លែង​ផ្សេងៗ​ ថៅ​កែ​ផ្សេងៗ​នឹង​យក​គំរូ​តាម​ណាហ្គា​អញ្ចឹង»។

កញ្ញា​ ឈឹម សុខន អនុ​ប្រធាន​សហជីព​ ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌​មាន​បន្ទាប់​ពី​ការ​ដាក់​ញត្តិ នា​ព្រឹក​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ (សើ ដាវី​/វីអូអេ)

ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការ​ងារ​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ ​លោក​ ឃុន ថារ៉ូ ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​កន្លែង​ដាក់​ញត្តិ​ថា​លោក​សោក​ស្តាយ​ចំពោះ​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការងារ និង​ភាគី​ពាក់​ព័ន្ធ​ដែល​តែង​តែ​លើក​ឡើង​ថា​ការ​បញ្ឈប់​បុគ្គលិក​គឺ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ជួប​វិបត្តិ​សេដ្ឋកិច្ច។

លោក​ថ្លែងថា​៖ «យើង​មាន​ការសោកស្តាយ​ដែល​គោលជំហរ ហើយ​ការ​បក​ស្រាយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​ពិសេស​ក្រសួង​ការងារ​បាន​លើក​យក​ទឡ្ហីករណ៍​ថា​ក្រុម​ហ៊ុន​ជួប​វិបត្តិ​សេដ្ឋ​កិច្ច ដែល​វិបត្តិ​សេដ្ឋកិច្ច​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​គេ​បញ្ឈប់​ដែរ ម៉េច​ណាហ្គា​មិន​អាច​បញ្ឈប់​បាន»។

លោក​បញ្ជាក់​បន្ថែម​ថា​៖ «ប៉ុន្តែ​សំណួរ​សួរ​ថា​រោង​ចក្រ​សហគ្រាស​មួយ​ចំនួន គាត់​មានវិបត្តិ​សេដ្ឋ​កិច្ច​នៃ​ការ​បញ្ជា​ទិញ​ ប៉ុន្តែ​ណាហ្គា​អត់​មាន​វិបត្តិ​នៃ​ការ​បញ្ជា​ទិញ​ទេ ណាហ្គា​នៅ​តែ​ចំណេញ។ សួរ​ថា​ហេតុ​ផល​អី ហេតុ​ផល​នេះគឺ​ចង់​កម្ទេច​សហជីព​ឯករាជ្យ​ដែល​ដើរ​តួនាទី​នៅ​ក្នុង​ការពារ​សិទ្ធិ និង​ផល​ប្រយោ​ជន៍​កម្មករ​ជាង​១​ពាន់​នាក់»។

លោក កត្តា អន អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ប្រាប់​វីអូអេ​ថា​ក្រសួង​ការងារ​គ្រាន់​តែ​ជា​ស្ថាប័ន​សម្រប​សម្រួល​ការ​ដោះ​ស្រាយ មិន​មែន​ជា​ស្ថាប័ន​ចេញ​សេចក្តី​សម្រេច​ឱ្យ​ខាង​ណា​ខុស​ឡើយ។ លោក​ស្នើ​សុំ​ឱ្យ​ក្រុម​កូដ​ករ​ណា​ហ្គាវើល​ដ៍​ទាំង​អស់​ពិចារណា​ឡើង​វិញ ដើម្បី​រក​ដំ​ណោះ​ស្រាយ និង​គួរ​មាន​ឆន្ទៈ​ក្នុង​ការ​បញ្ចប់​ជម្លោះ​នេះ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ហើយ​ការ​តវ៉ា​របស់​បង​ប្អូន​បុគ្គលិក​ណាហ្គាវើលដ៍​ ប្រសិន​បើ​បង​ប្អូន​មាន​វឌ្ឍន​ភាព​នៃ​ការ​ចង់​បញ្ចប់​ជម្លោះ​នេះ មាន​វឌ្ឍន​ភាព​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ដើម្បី​បញ្ចប់​វិវាទ សូម​ធ្វើ​ការ​ទំ​នាក់​ទំនង​មក​យន្តការ​អគ្គ​លេខា​ធិការ​ដ្ឋាន​នៃគណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុកម្ម​នៅ​គ្រប់​មុខ​សញ្ញា ដើម្បី​គណៈ​កម្មការ​ធ្វើ​ការ​បន្ត​ដោះ​ស្រាយ​តទៅ​ទៀត​នេះ គឺ​ជា​ការ​បើក​ទ្វារ​សម្រាប់​បង​ប្អូន​នៅ​ក្នុង​បំណង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា និង​បញ្ចប់​បញ្ហា​នេះ​»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់​វីអូអេ​ថា​ការ​ដាក់​ញត្តិ​នេះ​មិន​ជា​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ឡើយ ហើយ​លោក​ចាត់​ទុក​ថា​វា​គ្រាន់​តែ​ជា​«រូបភាព​នយោបាយ»។ លោក​ថា​មធ្យោ​បាយ​តាម​ផ្លូវ​ច្បាប់ គឺ​រក​ភស្តុតាង​ដោះ​បន្ទុក​នៅ​ក្នុង​តុលាការ។

អតីត​នាយក​រដ្ឋ​មន្រ្តី លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថាលោក​មិន​ខ្វល់​នឹង​ការ​តវ៉ា​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍​នោះ​ទេ ដោយ​ចោទ​ថា​ពួក​គេ​មាន​អ្នក​នៅ​ពី​ក្រោយ ទើប​អាច​តវ៉ា​ច្រើន​ឆ្នាំ​មក​នេះ។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​ឧសភា តុលាការ​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​កញ្ញា ឈឹម ស៊ីថរ មេដឹក​នាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍(​L​RSU)​ឱ្យ​ជាប់​ពន្ធនា​គារ​ពីរ​ឆ្នាំ​ពី​បទ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​កញ្ញា​កាល​ពី​កន្លង​ទៅ។

ជម្លោះ​ការងារ​រវាង​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ី​ណូ​ណាហ្គា​វើលដ៍ រហូត​ដល់​មាន​កូដកម្ម​រាប់​ឆ្នាំ កើត​ឡើង​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ​១.៣០០​នាក់ត្រូវ​បាន​បញ្ឈប់​ពី​ការងារ កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២១។ អ្នក​ដែល​ត្រូវ​បាន​បញ្ឈប់​នោះ ភាគ​ច្រើន​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ការ​បញ្ឈប់​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ចេតនា​ក្នុង​ការ​បំបាត់​សហជីព​ឯក​រាជ្យ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ៕