មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បាននិយាយនៅថ្ងៃចន្ទនេះថា របបយោធាដែលកំពុងកាន់អំណាច បានតាំងចិត្តដើម្បីសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ ហើយថា សមាគមអាស៊ាន (ASEAN) គួរតែពិចារណាលើការបង្កហេតុ និងអំពើហិង្សាដែលប្រព្រឹត្តិឡើងដោយក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងការលើកឡើងលើកដំបូងរបស់លោក ចាប់តាំងពីពេលដែលបណ្តាប្រទេសអាស៊ាន បានសម្រេចដកលោកចេញពីកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ ដោយសារលោកខ្វះការតាំងចិត្តក្នុងការធ្វើតាមផែនការ ៥ ចំណុចដែលលោកបានយល់ព្រមជាមួយអាស៊ានមក លោក Min Aung Hlaing បានបញ្ជាក់ឡើងវិញអំពីផែនការ ៥ ដំណាក់កាលនេះដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ។
លោក Min Aung Hlaing ដែលបានដឹកនាំរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅនេះ មិនបាននិយាយអំពីការសម្រេចរបស់អាស៊ានទេ ក៏ប៉ុន្តែបានស្នើថា រដ្ឋាភិបាលឯកភាពជាតិ (National Unity Government (NUG)) ដែលខ្លួនចាត់ទុកថាមិនស្របច្បាប់និងក្រុមជាតិសាសន៍ភាគតិចប្រដាប់អាវុធ បានព្យាយាមធ្វើឱ្យអន្តរាយដល់ដំណើការសន្តិភាពដែលដឹកនាំដោយអាស៊ាន។
លោក Min Aung Hlaing បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «អំពើហិង្សាកាន់តែច្រើន បានកើតឡើងដោយសារតែការបង្កហេតុរបស់ក្រុមភេរវកម្ម។ មិនមាននរណាម្នាក់ខ្វាយខ្វល់អំពីអំពើហិង្សារបស់ពួកគេទេ ហើយគិតតែទាមទារឱ្យយើងដោះស្រាយបញ្ហានេះ។ អាស៊ាន គួរតែធ្វើការលើបញ្ហានេះ»។
អាស៊ាន បានសម្រេចអញ្ជើញអ្នកតំណាងដែលមិនពាក់ព័ន្ធនឹងនយោបាយមកពីប្រទេសមីយ៉ាន់ម៉ាឱ្យចូលរួមកិច្ចប្រជុំកំពូលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលាខាងមុខ។ ការធ្វើដូច្នេះ គឺជាការធ្វើព្រងើយកន្ដើយដែលមិនធ្លាប់មានពីមុនមកចំពោះក្រុមមេដឹកនាំយោធាដែលស្ថិតនៅពីក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi៕