ក្រសួងការបរទេសអាមរិកបាននិយាយថា ប្រទេសភូមាបានជាប់លំដាប់លេខរៀងជាមួយប្រទេសចិន រុស្ស៊ី ស៊ូដង់ខាងត្បូង ស៊ីរី អ៊ីរ៉ង់ កូរ៉េខាងជើង វ៉េណេស៊ូអេឡា និងប្រទេសដទៃទៀត ដែលមានការជួញដូរមនុស្សនិងពលកម្មដោយបង្ខំអាក្រក់ជាងគេបំផុតក្នុងពិភពលោក។ ប៉ុន្តែក្រសួងការបរទេសក៏បានទទួលស្គាល់វីរជន១០នាក់ដែលបានបូជាជីវិតរបស់ពួកគេដើម្បីបញ្ចប់នូវទាសភាពសម័យទំនើបនេះ។
លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស រួមជាមួយនឹងលោកស្រី Ivanka Trump ទីប្រឹក្សាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសស.រ.អា.ស្តីពី«ការជួញដូរមនុស្ស»។ លោកមានព័ត៌មានមិនល្អទាក់ទិននឹងប្រទេសមីយ៉ាន់ម៉ាដែលពីមុនត្រូវបានគេស្គាល់ថា ប្រទេសភូមា។
Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងថា៖ «នៅតំបន់អាស៊ីអាគ្នេយ៍ កងកម្លាំងប្រដាប់អាវុធរបស់ភូមានិងកងកម្លាំងផ្សេងទៀតនៅក្នុងរដ្ឋ Rakhine ប្រទេសភូមាបានធ្វើឲ្យជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងសមាជិកនៃក្រុមជនជាតិភាគតិចដទៃទៀតភៀសខ្លួនចោលផ្ទះសម្បែង ដែលភាគច្រើនត្រូវបានគេកេងប្រវ័ញ្ចតាមរយៈបណ្តាញនៅក្នុងតំបន់នេះ។ មន្ត្រីខ្លះទៀតក្នុងកងទ័ពភូមាបានជ្រើសរើសកុមារធ្វើជាទាហានហើយបានយកមនុស្សពេញវ័យ និងកុមារពីក្រុមជនជាតិភាគតិចមកបង្ខំឲ្យធ្វើការងារជាទម្ងន់»។
លោក Pompeo ក៏បានដាក់ចំណាត់ថ្នាក់ប្រទេសលីប៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់ក្នុងចំណោមប្រទេសដែលមានការប្រព្រឹត្តបទល្មើសដ៏អាក្រក់ជាងគេបំផុត។
លោកនិយាយថា ប្រទេសអ៊ីរ៉ង់មិនផ្តន្ទាទោសឧក្រិដ្ឋជនទេ តែបែរជាផ្តន្ទាទោសជនរងគ្រោះនៃការជួញដូរមនុស្សទៅវិញ។
ប៉ុន្តែពិធីនោះក៏បានផ្តល់កិត្តិយសដល់វីរបុរសចំនួន១០នាក់ដែលបានជួយបញ្ចប់ការជួញដូរមនុស្សដែលជារឿយៗបានប្រថុយជីវិតរបស់ពួកគេប្រឈមនឹងគ្រោះថ្នាក់។
លោកស្រី Francisca Awah Mbuli មកពីប្រទេស Cameroon ធ្លាប់ទទួលរងគ្រោះជាទាសករសម័យទំនើបដោយផ្ទាល់។
លោកស្រី Francisca Awah Mbuli ដែលជ័យលាភីរង្វាន់វរជនប្រឆាំងការជួញដូរមនុស្ស បាននិយាយថា៖ «នៅពេលខ្ញុំទៅដល់ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនោះមិនមានការងារបង្រៀនភាសាអង់គ្លេសទេ។ ខ្ញុំត្រូវបានគេជួញដូរទៅធ្វើជាទាសករ ធ្វើជាកម្មករបម្រើការតាមផ្ទះដែលខ្ញុំមិនទទួលបានប្រាក់កម្រៃអ្វីទេគឺរងការធ្វើបាបបែបអមនុស្សធម៌ និងការរំលោភបំពានផ្លូវភេទ។ នៅពេលខ្ញុំនិយាយថា ខ្ញុំចង់ទៅផ្ទះវិញ ពួកគេបានប្រាប់ខ្ញុំថា ខ្ញុំជំពាក់បំណុល៣ពាន់ដុល្លារ ដែលខ្ញុំត្រូវសង ហើយបន្ទាប់មកខ្ញុំត្រូវចំណាយថ្លៃជិះយន្តហោះត្រឡប់មកផ្ទះវិញ។ នេះជាពាក្យកុហក»។
បច្ចុប្បន្ន លោកស្រីជាអ្នកដឹកនាំកម្មវិធីដើម្បីផ្តល់លទ្ធភាពខាងសេដ្ឋកិច្ចដល់ស្ត្រីដែលជាអ្នករួចជីវិតពីការជួញដូរមនុស្សនៅ Cameroon។
ជ័យលាភីម្នាក់ទៀតបាននិយាយថា មនុស្សគ្រប់គ្នាអាចចូលរួមចំណែកប្រឆាំងនឹងការជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាពបំផុត ដោយគ្រាន់តែធ្វើជាអតិថិជនមានមនសិកាខ្ពស់បំផុត។
លោក Kim Jong Chul ជាម្ចាស់ពានរង្វាន់វរជនម្នាក់ដែរ បាននិយាយថា៖ «នៅក្នុងករណីជាច្រើន ខ្ញុំបានរកឃើញថា ក្រុមហ៊ុនជាច្រើនបានចូលដៃគ្នាក្នុងការជួញដូរមនុស្សនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ ដូច្នេះយើងអាចដាក់សម្ពាធលើក្រុមហ៊ុន ដោយនិយាយថា ខ្ញុំមិនចង់ទិញផលិតផលដែលកេងប្រវ័ញ្ចញើសឈាមទាសករនោះទេ»។
លោក Kim Jong-chul បានលាយត្រដាងអំពីស្ថានភាពនៃការបង្ខំឲ្យធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងទូទាំងពិភពលោក ជាពិសេសជនចំណាកស្រុកដែលជាកម្មករនេសាទ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ