Dumdaw Nawng Lat មានអាយុ៦៧ឆ្នាំជាជំនួយការគ្រូគង្វាលនៃវិហារKachin Baptist Convention (KBC) និងលោក Langjaw Gam Seng ជាមេដឹកនាំយុវជន នៃវិហារKBC មានអាយុ៣៥ឆ្នាំ ត្រូវបានកាត់ទោសអនុលោមតាមច្បាប់ស្តីពីការធ្វើសម្ព័ន្ធភាពដោយខុសច្បាប់ឬunlawful Associations Act។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Fortify Rights បានបញ្ជាក់ពីការកាត់ទោសដែលបានធ្វើឡើងដោយតុលាការក្រុង Lashio ក្នុងរដ្ឋShan ស្ថិតនៅភាគខាងជើង។
លោក Nawng Lat ដែលត្រូវជាប់ទោសពីបទបរិហាកេរ្តិ៍យោធា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនបួនឆ្នាំបីខែ ហើយលោក Gam Seng ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំនិងបីខែ។ ការកាត់ទោសនោះក៏បានរួមបញ្ចូលពីទោសប្រើប្រាស់ម៉ូតូគ្មានអាជ្ញាប័ណ្ណផងដែរ។
ការចោទប្រកាន់ភាគច្រើនគឺមានដូចជា ការផ្តល់បទសម្ភាសន៍ជាមួយនឹងក្រុមអ្នកសារព័ត៌មាន មានដូចជាសំឡេងសហរដ្ឋអាមេរិក (VOA) ដែលបានចោទប្រកាន់ថាវាយប្រហារតាមអាកាសបានបំផ្លិចបំផ្លាញព្រះវិហារមួយកន្លែងនិងបានបំផ្លាញទ្រព្យសម្បត្តិផ្សេងៗទៀតដែលស្ថិតនៅភាគខាងជើងរដ្ឋ Shan កាលពីចុងឆ្នាំ២០១៦កន្លងមក។ បុរសទាំងពីរនាក់ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ភ្លាមៗបន្ទាប់ពីរូបភាពនៃការបំផ្លិចបំផ្លាញនោះបានលេចឡើងតាមសារព័ត៌មាន។
មីយ៉ាន់ម៉ាជាប្រទេសមានពលរដ្ឋភាគច្រើនកាន់សាសនាព្រះពុទ្ធ ប៉ុន្តែក្រុមសាសនាគ្រិស្តដែលមាននិកាយផ្សេងៗគឺជាសាសានាធំទីពីរក្នុងប្រទេសនេះ ដែលមានចំនួនច្រើនជាង៦ភាគរយនៃចំនួនប្រជាជនសរុប។
អង្គការ Fortify Rights និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២៧ តុលាកន្លងទៅនេះ ដោយបានអំពាវនាវឲ្យបញ្ឈប់រាល់ការចោទប្រកាន់ទាំងអស់លើបុរសទាំងពីរនាក់នោះ។
លោក David Baulk អ្នកជំនាញនៃអង្គការ Fortify Rightsប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង VOAថា ករណីចោទប្រកាន់ទៅលើបុរសទាំងពីរនោះគឺ «មិនមែនលក្ខណៈគ្រប់គ្រាន់នោះទេ»។
លោកបាននិយាយថា៖
«វាបានបង្ហាញយ៉ាងច្បាស់ ចាប់តាំងពីថ្ងៃទីមួយមកម្លេះថា បុរសទាំងពីរនាក់នោះត្រូវបានគេកំណត់រួចមកហើយ ដោយចោទពីបទឧក្រិដ្ឋរបស់ក្រុមយោធាមីយ៉ាន់ម៉ា។ ពួកគេសហការជាមួយនឹងសារព័ត៌មានដើម្បីបកអាក្រាតពីការបំផ្លិចបំផ្លាញដោយសារការវាយប្រហាររបស់យោធានៅភាគខាងជើងរដ្ឋ Shan។ ហេតុដូច្នេះហើយបានជាមានការបញ្ជាឲ្យបំបាត់សំឡេងពួកគេទាំងពីរនេះ»។
លោក Baulk បាននិយាយបន្តថាបុរសទាំងពីរនាក់នោះត្រូវបានឃុំឃាំងមិនឲ្យទាក់ទងជាមួយអ្នកខាងក្រៅអស់ជាច្រើនសប្តាហ៍ បន្ទាប់ពីត្រូវបានគេចាប់ខ្លួននិងសួរចម្លើយជាច្រើនដងរួចមកនោះ។ អាជ្ញាធរ បន្ទាប់មកបានបង្កើតសេចក្តីថ្លែងមួយដែលបានចុះហត្ថាលេខាដោយបុរសទាំងពីរនោះ ដោយក្នុងនោះ និយាយថាពួកគេបានគាំទ្រកងទ័ពឯករាជ្យរបស់ជនជាតិភាគតិចKachin ដែលជាក្រុមមួយក្នុងចំណោមក្រុមជនជាតិភាគតិចប្រដាប់អាវុធប្រយុទ្ធដើម្បីស្វ័យភាពនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
កាលពីខែធ្នូ ទស្សនាវដ្តីព័ត៌មាន Irrawaddy បានដកស្រង់សម្តីរបស់លោកអាចារ្យម្នាក់របស់ព្រះវិហារក្នុងតំបន់ ដោយលោកបានលើកឡើងថា មានមន្រ្តីទាហានម្នាក់បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារតាមអាកាសនេះ ប៉ុន្តែទីបំផុត ក្រុមយោធាបានទម្លាក់កំហុសលើក្រុមបះបោរទៅវិញ។
មានក្រុមយោធាឯករាយជ្យជាច្រើន រួមទាំងកងទ័ពឯករាជ្យ Kachinផងដែរ បានចូលរួមនៅក្នុងការប៉ះទង្គិចជាមួយនឹង កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថាជាក្រុម Tatmadaw។
ព័ត៌មានទំនាក់ទំនងរបស់ដើមបណ្តឹងមិនទាន់អាចទទួលបានទេនៅពេលនេះ។ ហើយកាលពីសប្តាហ៍ចុងក្រោយក្នុងខែតុលា មន្រ្តីប៉ូលិសម្នាក់ក្នុងទីក្រុង Muse Township រដ្ឋ Shan បានប្រាប់សារព័ត៌មាន Myanmar Times ថា «យើងមិនអាចលូកដៃក្នុងការវិនិច្ឆ័យរបស់តុលាការបានទេ»។
ច្បាប់ស្តីពីការចូលសម្ព័ន្ធភាពខុសច្បាប់ត្រូវបានប្រើប្រាស់ដើម្បីផ្តាច់ក្រុមជនជាតិភាគតិចប្រដាប់អាវុធពីពលរដ្ឋស៊ីវិល។ កាលពីខែមិថុនា អ្នកកាសែតចំនួនបីរូប ត្រូវបានជាប់ចោទពីបទរំលោភបំពានលើច្បាប់នោះបន្ទាប់ពីបានរាយការណ៍នៅក្នុងតំបន់ជម្លោះនេះ។ ពួកគេត្រូវបានដោះលែងកាលពីខែកញ្ញាកន្លងទៅនេះ។
ចំណាប់អារម្មណ៍ពីពិភពលោកភាគច្រើនគឺផ្តោតលើវិបត្តិជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា និងការចំណាកស្រុកទ្រង់ទ្រាយធំនៃក្រុមជនជាតិភាគតិចមូស្លីមគ្មានរដ្ឋទៅកាន់ប្រទេសបង់ក្លាដែស។ ប៉ុន្តែការប្រយុទ្ធនៅតែបន្តនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ខណៈដែលដំណើរការសន្តិភាពដែលចាប់ផ្តើមដោយមេដឹកនាំមីយ៉ាន់ម៉ា អ្នកស្រីអង់សាន ស៊ូជី បានជាប់គាំង។ ប្រជាជនជិតមួយសែននាក់ត្រូវបានផ្លាស់ប្តូរទីលំនៅនៅក្នុងរដ្ឋ Kachin និងរដ្ឋ Shan ស្ថិតនៅភាគខាងជើង នេះបើយោងតាមតួលេខពីអង្គការជំនួយនានា។
លោក Baulk នៃអង្គការ Fortify Rights បាននិយាយបន្តទៀតថា៖ «នៅពេលដែលពិភពលោកមើលរំលងបញ្ហាដែលកំពុងកើតឡើងនេះ យោធានៃប្រទេសនេះបន្តរំលោភពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងជនស៊ីវិលដែលរស់នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ ការប្រយុទ្ធរវាងយោធាមីយ៉ាន់ម៉ា និងអង្គការជនជាតិភាគតិចប្រដាប់អាវុធកំពុងបន្តសម្លាប់និង ធ្វើឲ្យរបួសដល់ពលរដ្ឋ រួមទាំងបង្កឲ្យសហគមន៍នៅទីនោះផ្លាស់ទីលំនៅផងដែរ។ គ្រាន់តែប៉ុន្មាននេះខែប៉ុណ្ណោះ យើងឃើញយ៉ាងជាក់ច្បាស់ថា មានប្រជាជនរាប់ពាន់នាក់បានភៀសខ្លួននៅទូទាំងរដ្ឋ Kachin និងរដ្ឋ Shan»។
ក្រុមអង្គការជំនួយមនុស្សធម៌នានាក៏បានរាយការណ៍ពីផលលំបាកក្នុងការបញ្ជូនជំនួយទៅកាន់តំបន់ដែលត្រូវបានប៉ះពាល់ទាំងនេះផងដែរ។
កាលពីខែមិនា អង្គការសហប្រជាជាតិបានបង្កើតបេសកកម្មស្វែងរកការពិតមួយដើម្បីស៊ើបអង្កេតពីការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងតំបន់ជម្លោះនានាក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែរដ្ឋាភិបាលបាននិយាយថាខ្លួននឹងបិទទិដ្ឋាការរបស់អ្នកស៊ើបអង្កេតទាំងនោះមិនឲ្យចូលក្នុងប្រទេសមីយ៉ាន់ម៉ា៕
ប្រែសម្រួលដោយ ទុំ ម្លិះ