របប​យោធា​មីយ៉ាន់ម៉ា​ដោះលែង​អ្នក​ទោស​ជាង ៣ ពាន់​នាក់​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្មាំ​ថ្មី

អ្នក​ទោស​មីយ៉ាន់ម៉ា​ត្រូវបាន​ដោះលែង

របប​យោធា​មីយ៉ាន់ម៉ា​បាន​ផ្ដល់​ការ​លើកលែង​ទោស​ដល់​អ្នក​ទោស​ជាង ៣.០០០ នាក់​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្លួន ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅ​ឡើយ​ទេ​ថា​តើ​អ្នក​ដែល​ត្រូវ​បាន​ដោះលែង​នោះ​រួម​មាន​ទាំង​អ្នក​ទោស​នយោបាយ​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទោស​នយោបាយ​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ទូរទស្សន៍​របស់​រដ្ឋ​មីយ៉ាន់ម៉ា​បាន​រាយការណ៍​ថា ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ ដែល​ជា​ស្ថាប័ន​ដឹកនាំ​បង្កើត​ឡើង​ដោយ​យោធា ​បាន​លើកលែង​ទោសអ្នក​ទោស​ចំនួន ៣.១១៣ នាក់ រួម​មាន​ទាំង​ជន​បរទេស ៩៨ នាក់​ផង​ដែរ​ដែល​នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​ប្រទេស។ ការ​លើកលែង​ទោស​ទ្រង់ទ្រាយ​ធំ​ដូច​នេះ​គឺ​តែងតែ​ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​បុណ្យ​ធំៗ​នៅ​មីយ៉ាន់ម៉ា។

អ្នក​ទោស​នយោបាយ​ប្រហែល​ ១៧.៤៦០ នាក់​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​របស់​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi ផង​ដែរ ត្រូវ​គេ​ជឿ​ថា​នៅ​ជាប់​ឃុំឃាំង​នៅ​ឡើយ។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​យោធា​តាំងពី​ឆ្នាំ ២០២១ មក នៅ​ពេល​ដែល​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Suu Kyi។ របប​យោធា​នេះ​បាន​ប្រឈម​នឹង​ការ​តវ៉ា​ប្រឆាំង​អហិង្សា​ទ្រង់ទ្រាយ​ធំ ដែល​តាំងពី​ពេល​នោះ​មក​បាន​ក្លាយជា​ការ​តស៊ូ​ប្រដាប់​អាវុធ​នៅ​ទូទាំង​ប្រទេស៕