គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​​មីយ៉ាន់ម៉ា​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​រណី​ពុករលួយ​របស់​មន្រ្តី​ជាន់ខ្ពស់

រូបឯកសារ៖ មេដឹកនាំ​ជាន់​ខ្ពស់​សំខាន់ៗ​​របស់​ប្រទេស​មីយ៉ាន់ម៉ា រូម​ទាំង​លោក​ស្រី អង់សាន ស៊ូជី។

កាល​ពី​ពេល​ថ្មីៗ​នេះ​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​មីយ៉ាន់ម៉ា​បាន​ប្តឹង​មន្ត្រី​ការិយាធិបតេយ្យ​ជាន់​ខ្ពស់​ម្នាក់​ និង​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រដ្ឋមន្រ្តី​ម្នាក់ ដែល​រង​ការ​ចោទ​ប្រកាន់​ថាបាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដែល​ការណ៍​នេះ​បាន​បង្ហាញ​ថា​ ការ​សន្យា​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្រ្កាប​អំពើ​ពុក​រលួយ​នៅ​ទីបំផុត​បាន​លេច​ចេញ​ជា​រូបរាង​ហើយ។

គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​តែងតែ​រង​ការ​រិះគន់​ថា​ទន់​ខ្សោយ​ និង​គ្មាន​សមត្ថភាព​នោះ​ ឥឡូវ​នេះ​បាន​បង្ហាញ​ពី​កិច្ច​ខំប្រឹង​ប្រែង​របស់​ខ្លួន​ហើយ។

កាល​ពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា​កន្លង​ទៅ​ ការិយាល័យ​ប្រធានាធិបតី​មីយ៉ាន់ម៉ា​បាន​អះអាង​ពី​ការ​លា​លែង​ចេញ​ពី​តំណែង​របស់​រដ្ឋមន្រ្តី​ក្រសួង​ផែនការ​និង​ហិរញ្ញវត្ថុ​លោក ​Kyaw Win ​បន្ទាប់​ពី​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​ថា​ លោក​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពី​បទ​ចោទ​ស៊ី​សំណូក។ គណៈ​កម្មការ​នេះ​ក៏​កំពុង​តាម​ដាន​រឿង​ក្តី​ព្រហ្មទណ្ឌ​មួយ​ប្រឆាំង​លោក ​Than Htut ​អគ្គនាយក​រដ្ឋបាល​ត្រួតពិនិត្យ​ចំណី​អាហារ និង​ថ្នាំ​ពេទ្យ​ពី​បទ​ចោទ​ថា​បាន​ទទួល​សំណូក​ជាង​១១.០០០​ដុល្លារ​ពី​ក្រុមហ៊ុន​សំណង់​មួយ។

ប្រធាន​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុករលួយ​លោក​ Aung Kyi​ បាន​ប្រាប់ VOA​ នៅ​ពេល​ដែល​ដំណើរ​ការ​ស៊ើបអង្កេត​លើ​ករណី​របស់​លោក ​Kyaw Win ​កំពុង​តែ​បន្ត។ លោក​គ្មាន​កាតព្វកិច្ច​ណា​មួយ​ក្នុង​ការ​ប្រកាស​ពី​ប្រភេទ​នៃ​អំពើ​ពុករលួយ​ដែលលោក ​Kyaw Win ​បាន​ប្រព្រឹត្ត​នោះ​ទេ។ គណកម្មការ​នេះ​បាន​ប្រកាស​ថា​ពួក​គេ​បាន​បញ្ជូន​របាយការណ៍​ស៊ើប​អង្កេត​ទៅ​ការិយាល័យ​ប្រធានាធិបតី​កាល​ពី​ថ្ងៃទី​២៥​ខែ​ឧសភា ប៉ុន្តែ​ការ​រក​ឃើញ​នានា​មិន​ទាន់​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ឡើយ​ទេ។

កាល​ពី​សប្តាហ៍​មុន​ ព្រឹទ្ធសភា​មីយ៉ាន់ម៉ា​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​នឹង​ផ្តល់​អំណាច​ដល់​គណៈ​កម្មការ​នេះ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ពួក​មន្រ្តី​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បាន។ នា​ពេល​បច្ចុប្បន្ន​នេះ​គណៈ​កម្មការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​វិញ​កាល​ពី​ខែវិច្ឆិកា​ឆ្នាំ​មុន​ ត្រូវ​រងចាំ​រហូត​ទាល់​តែ​មាន​ការ​បញ្ជូន​ពាក្យ​បណ្តឹង​ដែល​មាន​ភស្តុតាង​រឹងមាំ​មក​ខ្លួន​ជា​មុន​សិន​ មុន​នឹង​ខ្លួន​អាច​បើក​ការ​ស៊ើបអង្កេត​បាន។

ឆន្ទៈនយោបាយ

កាល​ពី​មុន​គណៈ​កម្មការ​នេះ​បាន​ធ្វើ​ការ​តាម​ដាន​តែ​ករណី​មួយ​ចំនួន​ប្រឆាំង​នឹង​ពួក​មន្រ្តី​ថ្នាក់​ក្រោម​ប៉ុណ្ណោះ​ និង​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា​មិន​អើពើ​នឹង​រឿង​អាស្រូវ​របស់​មន្រ្តី​កំពូលៗ​ទេ។ ឧទាហរណ៍​ដូចជា​ការ​ប្រើប្រាស់​ថវិកា​អភិវឌ្ឍ​ចំនួន​រាប់​លាន​ដុល្លារ​មិន​ត្រឹម​ត្រូវ​តាម​គោលការណ៍​ដោយ​អតីត​ប្រមុខ​រដ្ឋាភិបាល​នៃ​តំបន់ ​Magwe Region​ ជាដើម​ ដែល​មន្ត្រី​រូប​នោះ​គ្រាន់​តែ​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​សង​ប្រាក់​មួយ​ចំនួន​មក​មូលនិធិ​កាល​ពី​ឆ្នាំ​មុន​តែប៉ុណ្ណោះ។

លោក ​Ko Ye​ អ្នក​សម្របសម្រួល​ថ្នាក់​ជាតិ​នៃ​សម្ព័ន្ធ​ដើម្បី​តម្លាភាព​និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ប្រាប់​ VOA​ ថា​ការ​វិវត្តន៍​ទាំង​នេះ​គឺ​សញ្ញា​វិជ្ជមាន​មួយ​នៃ​ឆន្ទៈ​នយោបាយ​ ដែល​លោក​គិត​ថា​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ដំណើរការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។

អ្នកស្រី ​Marie Cauchois Pegie​ ជា​ទីប្រឹក្សា​នៃ​ការិល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ថ្នាំញៀន​និង​ឧក្រិដ្ឋកម្ម​ ដែល​កំពុង​ជួយ​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​សម្រេច​បាន​តាម​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​នៅ​ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ប្រទេសមីយ៉ាន់ម៉ា​បាន​អនុម័ត​កាល​ពី​ឆ្នាំ២០១២។ អ្នក​ស្រី​បាន​ប្រាប់ ​VOA ​ថា​វិសោធនកម្ម​នេះ​បាន​បង្ហាញ​យ៉ាងច្បាស់​ពី​ការ​បោះ​ជំហាន​ទៅ​មុខ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ កង្វះ​ខាត​នៃ​ការ​ការពារ​ដល់​អ្នក​ដែល​បាន​រាយការណ៍​ពី​សកម្មភាព​ល្មើស​ច្បាប់​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ។ ​ដើមបណ្តឹង​នៅ​តែ​ប្រឈម​នឹង​ការ​ប្តឹង​តប​វិញ​ក្នុង​ប្រព័ន្ធ​តុលាការ​មួយ​ ដែល​មនុស្ស​ភាគច្រើន​មើល​ឃើញ​ថា​លម្អៀង​ទៅ​ខាង​អ្នក​ដែល​មាន​អំណាច។​

នៅក្នុង​វិសោធនកម្ម​ច្បាប់​នេះ​ គណៈ​កម្មការ​បាន​ស្នើ​ឲ្យ​កាត់​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​មក​ត្រឹម​៦​ខែ​ចំពោះ​ដើម​បណ្តឹង​ណា​ដែល​ផ្តល់​ព័ត៌មាន​មិន​ពិត​ ក៏ប៉ុន្តែ​ព្រឹទ្ធសភា​មីយ៉ាន់ម៉ា​អនុម័ត​ឲ្យ​កាត់​បន្ថយ​មក​នៅ​ត្រឹម​៣​ឆ្នាំ​ប៉ុណ្ណោះ។
ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ចែង​ថា ​«ការ​ការពារ​ជាពិសេស»​ត្រូវ​បាន​ផ្តល់​ជូន​បុគ្គល​ណា​ដែល​អាច​ផ្តល់​តស្តុតាង​អំពើ​ពុក​រលួយ​បាន។ ប៉ុន្តែ​អ្នកស្រី​ Pegie​ បាន​គូស​បញ្ជាក់​ថា «ការ​អនុវត្ត​ដូច្នោះ​មិន​រំពឹង​នឹង​កើតឡើង​នោះ​ទេ»​ហើយ​ថា​ប្រទេស​នេះ​ខ្វះ​កម្មវិធី​ការពារ​សាក្សី។

តាម​ប្រមាញ់​មន្រ្តី​មាន​ឥទ្ធិពល

នៅ​ពេល​ចាប់ផ្តើម​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ហរិញ្ញវត្ថុ​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ២០១៦ លោក ​Kyaw Win​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​មិន​ស្មោះត្រង់​ដោយ​លោក​បាន​សរសេរ​ដាក់​នៅ​ក្នុង​ប្រវត្តិរូប​សង្ខេប​របស់​លោក​ថា​លោក​បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ តែ​តាម​ពិតលោក​ចេះ​តែ​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង។ ចាប់​តាំង​ពី​ពេល​នោះ​មក​លោក​បាន​បង្ក​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​និង​បង្កើន​ភាព​ទោមនស្ស​ក្នុង​ចំណោម​អាជីវករ​និង​អ្នក​វិនិយោគ​នានា​ ដោយ​បាន​ធ្វើ​ឲ្យ​រូបលោក​ទទួល​ប្រយោជន៍​ផ្នែក​នយោបាយ។

នៅ​ឯ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ខែ​មីនា​ លោក​ប្រធានាធិបតី ​Win Myint ​បាន​ប្រកាស​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​គឺ​ជា​ការងារ​អទិភាព​កំពូល។ ​ការប្រជុំ​ជា​សាធារណៈ​លើក​ទីមួយ​របស់​លោក​គឺ​ធ្វើ​ជាមួយ​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​នៅ​ក្នុង​ការ​ប្រជុំ​នោះ​លោក​បាន​ដាក់​បញ្ជា​ឲ្យ​គណៈ​កម្មការ​នេះ​មាន​ភាពម៉ឺង​ម៉ាត់​ក្នុង​ការប្រឈម​ជាមួយ​នឹង​ការ​ជ្រៀត​ជ្រែក​ពី​សំណាក់​មន្រ្តី​មាន​អំណាច​នានា។

នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ចូល​មក​ដល់​ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម័្ពន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​កំពុង​ទប់​ទល់​នឹង​មតិ​រិះគន់​ជុំវិញ​ភាព​យឺត​យ៉ាវ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​នៅ​ក្នុង​ប្រទេស។

អ្នកវិភាគ​នយោបាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​លោក ​Yan Myo​ បាន​ប្រាប់ ​VOA ​ថា​ការរាល​ដាល​នៃ​អំពើ​ពុក​រលួយ​នៅក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​អាច​ធ្វើ​បណ្តាល​ឲ្យ​គណបក្ស​ដែល​មាន​គោល​នយោបាយ​ប្រឆាំង​អំពើ​ពុករលួយ​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ​នេះ។ លោក​បាន​និយាយ​បន្ថែម​ថា​ ការណ៍​នេះ​នឹង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តាម​ប្រមាញ់​មន្រ្តី​មាន​ឥទ្ធិពល​ មិន​មែន​ត្រឹម​តែ​មន្ត្រី​តូចតាច​ដូច​នេះ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ លោក ​Hunter Marston​ អ្នកវិភាគ​នៅ​វិទ្យាស្ថាន ​Brookings​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ប្រាប់​ VOA ​ថា​វា​ប្រហែល​ជា​យឺត​ពេល​ហើយ​ដើម្បី​ទទួល​បាន​ប្រជាប្រិយភាព​នៅក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ តាម​រយៈ​ការ​ផ្តោត​លើ​ការប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​នេះ​មាន​ភាព​ធូរ​លុង។ លោក​បាន​ស្នើ​ថា យុទ្ធសាស្រ្ត​ដែល​អាច​ទទួល​ជ័យ​ជំនះ​បាន​គឺ​ប្រហែល​ជា​ត្រូវ​ផ្តោត​លើ​យុទ្ធសាស្រ្ត​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ទី​ជន​បទ​វិញ។

ប្រព័ន្ធ​គ្រប់គ្រង​ចម្រុះ​ក្នុង​តំបន់

នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ភាព​ចម្រុះ​ផ្សេង​គ្នា​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​នៅ​ក្នុង​តំបន់​ដូចជា​ របប​គ្រប់គ្រង​មាន​បក្ស​តែមួយ​ របប​គ្រប់គ្រង​ប្រជាធិបតេយ្យ​មាន​បក្ស​ចម្រុះ​ និង​របប​គ្រប់គ្រង​ដោយ​យោធា​ បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​បែង​ចែក​ឲ្យ​បាន​ច្បាស់​រវាង​គោល​បំណង និង​វិធី​សាស្ត្រ​របស់​រដ្ឋាភិបាល​នានា​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។

នៅ​ក្នុង​ប្រទេស​វៀតណាម​ ការ​បង្រ្កាប​មួយ​ចាប់តាំង​ពី​ឆ្នាំ​២០១៦​មក​ បាន​កាត់​ទោស​អតីត​សមាជិក​នយោបាយ​បក្ស​កុម្មុយនីស្ត​ និង​ជា​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​ហើយ​មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​កាត់​ទោស​ក្រោម​បទ​ចោទ​តែ​មួយ។

លោក ​Carl Thayer ​សាស្រ្តាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ ​New South Wales ​ក្នុង​ទីក្រុង​កង់ប៊េរ៉ា​ ប្រទេស​អូស្រ្តាលី​ បាន​ប្រាប់ VOA ​ថា​ការណ៍​នេះ​បាន​ដោះ​ស្រាយ​បញ្ហា​កើន​ឡើង​នៃ​អំពើ​ពុក​រលួយ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​មក​នេះ ដែល​ភាគ​ច្រើន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សហគ្រាស​រដ្ឋ​ធំ​ៗ និង​ធនាគារ​នានា។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ លោក​សាស្រ្តាចារ្យ​បាន​ថ្លែង​បន្ត​ថា​ គោល​បំណង​របស់​បក្ស​កម្មុយនីស្ត​វៀតណាម​ក្នុង​ការ​ដាក់​ការ​គ្រប់​គ្រង​ឡើងវិញ​លើ​រដ្ឋ​គឺ​ជា​កម្លាំង​ជំរុញ​មួយ​យ៉ាង​សំខាន់​ ហើយ​លោក​មិន​សូវ​ឲ្យ​តម្លៃ​ទៅ​លើ​តួនាទី​របស់​មតិ​សាធារណៈ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ ការ​ទទួល​បាន​ប្រជាប្រិយភាព​នា​ពេលបច្ចុប្បន្ន​នេះ​ប្រហែល​ជា​បាន​ធ្លាក់​ចុះ​វិញ​ ដោយសារ​ការប​ង្ក្រាប​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ទំនាក់​ទំនង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​ Aung Tun​ អ្នក​ស្រាវជ្រាវ​ឯករាជ្យស្តី​ពី​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ថ្លែង​ថា​ ភាព​ផ្តាច់ការ​និយម​ក្នុង​ប្រទេស​វៀតណាម​គឺ​ជា​គំរូ​មិន​សមរម្យ​មួយ។ លោក​បាន​ស្នើ​ឲ្យ​ក្រឡេក​មើល​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​មាន​បក្ស​នយោបាយច​ម្រុះ​ និង​គណកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ដ៏​មាន​អំណាច​មួយ​និង​សង្គម​ស៊ីវិល​ដ៏​រឹងមាំ​មួយ​ ថា​ជា​គំរូ​ដែល​អាច​ធ្វើ​តាម​បាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ឥណ្ឌូនេស៊ី​បាន​ប្រមាញ់​មន្រ្តី​ថ្នាក់​កំពូលៗ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​ ខណៈ​អំពើ​ពុករលួយ​នៅ​តែ​រីក​រាល​ដាល​ដដែល។ ឧទាហរណ៍​របស់​ប្រទេសឥណ្ឌូនេស៊ី​បាន​បង្ហាញ​ថា​ រដ្ឋាភិបាល​ដែល​ស្អាត​ស្អំ​តម្រូវ​ឲ្យ​មាន​កម្រិត​នៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម​មួយ​ ដែល​អាច​ត្រូវ​ការ​ពេល​មួយ​ជំនាន់​ ឬ​អាច​ច្រើន​ជាង​នេះ​ក៏​ថា​បាន៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា