សមាជិកប្រតិភូអង្គការសហប្រជាជាតិដែលស៊ើបអង្កេតលើករណីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានជួបប្រជុំជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បន្ទាប់ពីបានធ្វើទស្សនកិច្ចក្នុងប្រទេសបង់ក្លាដែស ជាទីកន្លែងដែលជនភៀសខ្លួន៧សែននាក់បានភៀសខ្លួនគេចចេញពីអំពើហិង្សាក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។
សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ១៥នាក់ បានជួបលោកស្រី Aung San Suu Kyi ព្រមទាំងមេបញ្ជាការយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing នៅក្នុងរដ្ឋធានីណៃពិដោរ កាលពីថ្ងៃចន្ទម្សិលមិញ ។
ប្រតិភូអង្គការសហប្រជាជាតិនឹងធ្វើដំណើរទៅរដ្ឋ Rakhine ដែលមានបញ្ហានៅថ្ងៃអង្គារនេះ ដើម្បីពិនិត្យមើលស្ថានភាពបន្ទាប់ពីការបង្ក្រាបដែលបានចាប់ផ្តើមឡើងកាលពីខែសីហាឆ្នាំមុន ព្រមទាំងពិនិត្យមើលការរៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ពួកជនភៀសខ្លួនមកក្នុងប្រទេសវិញ ដែលពួកគេភាគច្រើនគឺជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ជនជាតិរ៉ូហ៊ីងយ៉ាងត្រូវបានបដិសេធមិនឲ្យចូលសញ្ជាតិ បើទោះបីជាគ្រួសាររបស់ពួកគេជាច្រើនបានរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់រាប់ជំនាន់មកហើយក្តី។ ករណីភៀសខ្លួនគេចចេញពីអំពើហិង្សាក្នុងរដ្ឋ Rakhine របស់ជនភៀសខ្លួនទាំងនេះ ត្រូវបានអង្គការសហប្រជាជាតិហៅថាជាការ «បោសម្អាតជាតិសាសន៍»៕