ប្រតិភូនាយកប្រតិបត្តិឥណ្ឌាមួយក្រុម ដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងចូលរួមក្នុងពិធីសម្ភោធសភាពាណិជ្ជកម្មមីយ៉ាន់ម៉ា-ឥណ្ឌា ក្នុងក្រុងរ៉ង់ហ្គូន បានព្យាយាមបង្កើតដំណើរការ នៅក្នុងចំណងទំនាក់ទំនងសេដ្ឋកិច្ចអសកម្ម រវាងប្រទេសជិតខាងទាំងពីរនេះ។
ចាប់តាំងពីឆ្នាំ២០១១មក នៅពេលដែលរដ្ឋាភិបាលយោធាចាប់ផ្តើមកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយ គេទស្សន៍ទាយថា ភាពរីកចម្រើនក្នុងថ្ងៃអនាគតរបស់ប្រទេសមីយ៉ាន់ម៉ា ផ្អែកលើទីតាំងយុទ្ធសាស្ត្រនៅចន្លោះប្រទេសឥណ្ឌា និងប្រទេសចិន ដែលប្រទេសទាំងពីរនេះជាមហាអំណាចផ្នែកសេដ្ឋកិច្ច និងមានប្រជាជនច្រើនគេ។
ទោះជាយ៉ាងនេះក្តី ខណៈដែលប្រទេសចិនបានចំណាយប្រាក់រាប់ពាន់លានដុល្លារលើគម្រោងថាមពល និងហេដ្ឋារចនាសម្ព័ន្ធធំៗ និងបន្តក្តោបក្តាប់វិស័យពាណិជ្ជកម្មជាមួយប្រទេសមីយ៉ាន់ម៉ា គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ឥណ្ឌានៅក្នុងប្រទេសមីយ៉ាន់ម៉ាភាគខាងលិច មានភាពយឺតយ៉ាវ និងប្រើថវិកាលើសកំណត់។
ពាណិជ្ជកម្មទ្វេភាគី ដែលភាគច្រើនជាជំនួញគ្រាប់សណ្តែក និងគ្រាប់ធញ្ញជាតិពីប្រទេសមីយ៉ាន់ម៉ា ស្ករ និងឱសថមកពីប្រទេសឥណ្ឌា នៅថេរប្រមាណជា២ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១១មក ដែលចំនួននេះមានទំហំមិនដល់ ២០ភាគរយ នៃពាណិជ្ជកម្មជាមួយចិន ហើយជាទំហំដែលធ្លាក់ចុះក្រោមគោលដៅ ដែល កំណត់ដោយគណៈកម្មាធិការពាណិជ្ជកម្មរួមមួយ។ បើទោះបីជាប្រទេសឥណ្ឌាជាដៃគូពាណិជ្ជកម្មធំទី៤ របស់មីយ៉ាន់ម៉ាក៏ដោយ ក៏ឥណ្ឌាគ្រាន់តែជាប្រទេសវិនិយោគធំទី១១។
នៅក្នុងកិច្ចប្រជុំក្រុមអ្នកជំនួញមីយ៉ាន់ម៉ា-ឥណ្ឌាកាលពីថ្ងៃទី២២ ខែមីនា ក្នុងក្រុងរ៉ង់ហ្គូន ដែលជាក្រុងពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា នាយកក្រុមហ៊ុនឥណ្ឌាជាច្រើន បានជួបជាមួយនឹងមេដឹកនាំជំនួញមីយ៉ាន់ម៉ា ខណៈដែលក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បានបូកបញ្ចូលការទទួលស្គាល់ស្មោះត្រង់លើការបំពេញការងារមិនគ្រប់គ្រាន់ល្អ ជាមួយនឹងការអះអាងពីសក្ដានុពលរបស់ប្រទេសមីយ៉ាន់ម៉ា។
លោក C.R. Chaudhary រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាបាននិយាយថា៖ «ប្រទេសមីយ៉ាន់ម៉ាជាច្រកទ្វាររបស់យើងទៅកាន់តំបន់អាស៊ីអាគ្នេយ៍» ដោយលោកបានរំឭកពីសសរស្ដម្ភចំនួនពីរ នៅក្នុងគោលនយោបាយការបរទេសរបស់ឥណ្ឌា ដែលសសរស្ដម្ភទាំងពីរនោះគឺ ការធ្វើសកម្មភាពទៅកាន់ទិសខាងកើត និងយកអ្នកជិតខាងជាអាទិភាព។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការ «លុបរបាំងពាណិជ្ជកម្ម»។
នៅកន្លែងថ្លែងសុន្ទរកថាដដែល លោក Aung Htoo អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា បាននិយាយពីការបង្កើនពាណិជ្ជកម្មមីយ៉ាន់ម៉ា-ឥណ្ឌាឲ្យបាន៥ពាន់លានដុល្លារ នៅក្នុងរយៈពេល៣ឆ្នាំបន្ទាប់ ដែលនេះជាផ្នែកនៃផែនការរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាមួយ ធ្វើឡើងក្នុងឆ្នាំ២០១៦ ដើម្បីបង្កើនការនាំចេញទាំងអស់របស់ខ្លួន ឲ្យបាន៣ដង នៅត្រឹមឆ្នាំ២០២០។
ត្រូវការពេលវេលា
ថ្លែងមកកាន់ VOA នៅខាងក្រៅកិច្ចប្រជុំ លោក Gaurav Manghnani នាយកប្រចាំប្រទេសមីយ៉ាន់ម៉ារបស់ក្រុមហ៊ុន Credera ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម និងវិនិយោគ មានដើមកំណើតពីក្រុមប្រជាពលរដ្ឋឥណ្ឌារស់នៅប្រទេសមីយ៉ាន់ម៉ាបាននិយាយថា លោកមិនមានទុទ្ទិដ្ឋិនិយមដែលកំពុងកើនឡើង ដូចអ្នកវិនិយោគបរទេសនានា អំពីកំណែទម្រង់សេដ្ឋកិច្ចយឺតនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះទេ។ លោកបានថ្លែងថា៖
«ប្រសិនបើពួកគេត្រូវការពេលវេលាដើម្បីធ្វើកំណែទម្រង់ និងធានាថា កំណែទម្រង់ទាំងនោះនឹងកើតមានឡើងនិងបន្តនៅមាន ហើយនៅថ្ងៃខាងមុខ ពួកគេនឹងមិនធ្វើឲ្យមានកំហុសដូចប្រទេសដទៃទៀតនោះទេ វាជារឿងល្អបំផុតដែលអាចកើតឡើង»។ លោកបាននិយាយដូច្នេះ ដោយលើកឡើងពីការពន្យារពេលយ៉ាងយូរនៅក្នុងការអនុវត្តច្បាប់ក្រុមហ៊ុនថ្មី ដែលជាច្បាប់អនុញ្ញាតឲ្យមានភាគហ៊ុនបរទេសកាន់តែច្រើននៅក្នុងក្រុមហ៊ុននានាក្នុងស្រុក។
លោកទទួលស្គាល់ថា ពាណិជ្ជកម្មមីយ៉ាន់ម៉ា-ឥណ្ឌា «បានស្ថិតនៅនឹងក្នុងកម្រិតនឹងថ្កល់អស់មួយរយៈមកហើយ។ ដើម្បីជំរុញឲ្យបានលើសពីកម្រិត ២ពាន់លាននោះ វាតម្រូវឲ្យមានវិធានការផ្សេងទៀត»។
ប៉ុន្តែ លើសពីការសម្ភោធសភាពាណិជ្ជកម្មមីយ៉ាន់ម៉ា-ឥណ្ឌាថ្មីជាផ្លូវការ ដែលមានគោលបំណងពន្លឿនទំនាក់ទំនងរវាងអ្នកជំនួញមីយ៉ាន់ម៉ា និងឥណ្ឌា និងផ្តល់ការណែនាំឲ្យមានចំណងទំនាក់ទំនងល្អនោះ កិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមីនា មិនមានការលើកឡើងពីការប្រកាសអំពីការវិនិយោគថ្មីៗ ឬសមិទ្ធផលសំខាន់ៗណាមួយ ក្នុងការរឹតបន្តឹងចំណងទំនាក់ទំនងនោះទេ។
លោក Vikram Misri ឯកអគ្គរដ្ឋទូតឥណ្ឌាក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ការងារនេះជិតឈានដល់ «ដំណាក់កាលចុងក្រោយហើយ» នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដាច់ដោយឡែកពីគ្នាចំនួនពីរ ដែលកំពុងតែត្រូវបានគេសាងសង់ ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា។
គម្រោងទាំងនេះ គឺជាផ្នែកមួយនៃមហាវិថី Trilateral Highway ដែលរត់ពីតំបន់ភាគឦសាននៃប្រទេសឥណ្ឌាកាត់ប្រទេសមីយ៉ាន់ម៉ា ដល់ប្រទេសថៃ និងគម្រោងមួយទៀតឈ្មោះ Kaladan Multi-Modal Transit Transport ដែលតភ្ជាប់ផែសមុទ្រភាគខាងលិច Kolkata របស់ឥណ្ឌា ទៅកាន់រដ្ឋមិនជាប់សមុទ្រនានានៅប៉ែកឦសាន តាមរយៈកំពង់ផែ ផ្លូវទឹក និងផ្លូវគោកនានានៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin ក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកអគ្គរដ្ឋទូតបានប្រាប់ VOA ថា លោករំពឹងថា គម្រោងទាំងពីរ ដែលបានផ្ដួចផ្ដើមនៅក្នុងឆ្នាំ២០០២ និង២០០៨ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២១។ ទន្ទឹមនឹងនេះដែរ កិច្ចព្រមព្រៀងលើការធ្វើដំណើរដោយស្របច្បាប់របស់ពលរដ្ឋ និងយានជំនិះឆ្លងកាត់ព្រំដែនគោក នៅតែស្ថិតក្នុងដំណាក់កាលការចរចានៅឡើយ។
ការការពារនិយម
ឧបសគ្គមួយដែលរារាំងចំណងទំនាក់ទំនងជិតស្និទ្ធ គឺវិធានការដែលធ្វើឡើងដោយឥណ្ឌា ដើម្បីគាំទ្រទីផ្សាររបស់ខ្លួន។ នៅក្នុងខែសីហា ឆ្នាំមុន នៅពេលដែលទឹកភ្លៀងមូសុងធ្វើឲ្យការច្រូតកាត់មានភាពរអាក់រអួលក្នុងប្រទេសឥណ្ឌា ហើយបណ្ដាលឲ្យតម្លៃក្នុងស្រុកធ្លាក់ចុះខ្លាំងនោះ រដ្ឋាភិបាលឥណ្ឌាបានកំណត់កូតាលើគ្រាប់សណ្ដែក និងគ្រាប់ធញ្ញជាតិពីមីយ៉ាន់ម៉ា ដែលមានចំនួនជាង ៧៥ភាគរយ នៃការនាំចេញរបស់មីយ៉ាន់ម៉ាទៅកាន់ឥណ្ឌា។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាថ្លែងនៅកិច្ចប្រជុំនោះថា៖ «ដោយសារតែមានការរឹតត្បិតពេលថ្មីៗនេះតាមរយៈការកំណត់កូតារបស់ឥណ្ឌា កសិករមីយ៉ាន់ម៉ាបានរងគ្រោះយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ។ ខ្ញុំចង់ស្នើសុំឲ្យរដ្ឋាភិបាលឥណ្ឌាបង្កើនកូតាសម្រាប់គ្រាប់សណ្ដែក និងគ្រាប់ធញ្ញជាតិរបស់មីយ៉ាន់ម៉ា»។
លោកឯកអគ្គរដ្ឋទូតឥណ្ឌា Misri បានការពារចំណាត់ការរបស់ឥណ្ឌា ដោយបានប្រាប់ VOA ថា៖ «វាមិនមែនជាការការពារនិយម ដោយគ្រាន់តែចង់ធ្វើជាអ្នកការពារនិយមទេ។ វាជាអ្វីមួយដែលស្ថិតក្រោមយន្តការរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ពាក់ព័ន្ធនឹងការការពារប្រឆាំងនឹងការកើនឡើងតម្លៃភ្លាមៗ និងលក្ខខណ្ឌទីផ្សារមិនអំណោយផល»។
លោកបាននិយាយបន្តថា៖ «វាអាចនឹងក្លាយជាស្ថានភាពអាក្រក់មួយសម្រាប់ការនាំចូលដែលបានបន្ត និងសម្រាប់តម្លៃទីផ្សារដែលធ្លាក់ចុះកាន់តែខ្លាំង។ ចម្លើយរយៈពេលវែងចំពោះបញ្ហានេះ គឺការបង្កើតកញ្ចប់ពាណិជ្ជកម្មច្រើនមុខផ្សេងៗ ដែលមីយ៉ាន់ម៉ាមានជាមួយនឹងឥណ្ឌា»។
លោក Vikram Nehru សេដ្ឋកិច្ចវិទូមួយរូបនៅសាកលវិទ្យាល័យ John Hopkins ផ្នែកការសិក្សាអន្តរជាតិជាន់ខ្ពស់ (Advanced International Studies) បានប្រាប់ VOA ថា លោកមានមន្ទិលសង្ស័យថា តើការវិនិយោគរបស់ឥណ្ឌានៅក្នុងប្រទេសមីយ៉ាន់ម៉ា ពិតជាអាចជោគជ័យដែរឬទេ។
លោកបាននិយាយថា៖ «ឥណ្ឌាជាសេដ្ឋកិច្ចមួយដែលមិនចាប់អារម្មណ៍លើប្រទេសដទៃ។ ប្រទេសនេះមានទីផ្សារដែលមានការការពារខ្លាំងបំផុតនៅក្នុងពិភពលោក។ ឥណ្ឌាមិនមែនជាផ្នែកមួយនៃសង្វាក់ផលិតកម្មក្នុងតំបន់ ឬពិភពលោក ដូចប្រទេសចិននោះទេ»។
លោកបានពន្យល់ថា ការវិនិយោគរបស់ឥណ្ឌានៅក្រៅប្រទេសភាគច្រើន «ត្រូវបានធ្វើឡើងដើម្បីជ្រៀតចូលទៅក្នុងទីផ្សារទាំងនោះ» ហើយទីផ្សារមីយ៉ាន់ម៉ានៅតែតូចសម្រាប់ឥណ្ឌា។
លោកបាននិយាយថា៖ «ហេតុអ្វីបានជាក្រុមហ៊ុនឥណ្ឌាចាប់អារម្មណ៍(លើមីយ៉ាន់ម៉ា)? មានតែក្រុមហ៊ុនតូចៗប៉ុណ្ណោះដែលចាប់អារម្មណ៍។ ក្រុមហ៊ុនផ្សេងៗ ពួកគេសុខចិត្តចាប់យកទីផ្សារឥណ្ឌា ដែលមានប្រជាជន១ពាន់៣រយលាននាក់ និងមានប្រាក់ចំណូលមធ្យមខ្ពស់ជាងប្រទេសមីយ៉ាន់ម៉ា»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ