ប៉ូលិសមីយ៉ាន់ម៉ាដែលជាប់ពន្ធនាគារម្នាក់កាលពីថ្ងៃពុធបានផ្តល់ព័ត៌មានបន្ថែមនៅក្នុងតុលាការអំពីការបោកបញ្ឆោតអ្នកកាសែតរបស់សារព័ត៌មាន Reuters ពីរនាក់ដោយប៉ូលិសមីយ៉ាន់ម៉ា។ ករណីនេះបានក្លាយជាការធ្វើតេស្តសាកល្បងពីការជំនំជំរះក្តីពាក់ព័ន្ធនឹងករណីសេរីភាពសារព័ត៌មានក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
មេបញ្ជាការប៉ូលិសលោក Moe Yan Naing ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទចោទរំលោភច្បាប់វិន័យប៉ូលិស បានធ្វើសក្ខីកម្មពីការកាត់ទោសរបស់លោកថា ជាការប៉ុនប៉ង់បំភិតបំភ័យដល់មន្ត្រីផ្សេងៗទៀតដែលកំពុងគិតថានឹងសារភាពពីការពិតនៅចំពោះមុខតុលាការ។
ការិយាល័យនេះបានផ្តល់ព័ត៌មានលម្អិតអំពីមេបញ្ជាការប៉ូលិសរូបនោះ បានបញ្ជាមន្ត្រីថ្នាក់ក្រោមឲ្យយកឯកសារសម្ងាត់ទៅឲ្យអ្នកកាសែតទាំងពីរនាក់ ហើយបន្ទាប់មកអ្នកកាសែតទាំងពីរនាក់នោះត្រូវបានជាប់ទោសពីបទរំលោភច្បាប់សម្ងាត់របស់ប្រទេសជាតិ។
ការធ្វើសក្ខីកម្មកាលពីថ្ងៃពុធដោយលោក Moe Yan Naing បានធ្វើឡើងបន្ទាប់ពីការធ្វើសក្ខីកម្មដំបូងរបស់លោកកាលពីថ្ងៃទី២០ នៅពេលដែលលោកបាននិយាយថា សហការីរបស់លោកបានចូលរួមបោកបញ្ឆោតអ្នកការសែតទាំងពីរនាក់នោះ។ លោក Than Zaw Aung មេធាវីរបស់លោក Moe Yan Naing បានប្រាប់ VOA សេវាភូមាថា ក្រុមការងារច្បាប់របស់លោកពេញចិត្តនឹងការធ្វើសក្ខីកម្មកាលពីថ្ងៃពុធម្សិលមិញនេះ។ ការធ្វើសក្ខីកម្មរបស់លោកបានបង្កើនក្តីសង្ឃឹមថា អ្នកកាសែតទាំងពីរនាក់នោះ គឺលោក Wa Lone និងលោក Kyaw Soe Oo នឹងបានរួចខ្លួនពីការចោទប្រកាន់ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ៕