ពិធីការិនី​ MyTV អះអាង​ថា​ នាង​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ ហើយ​ការ​ប្រើ​កាំបិត​គឺ​ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ

កញ្ញា មាន ពេជ្ររីតា ដែល​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ប្រឆាំង​នឹង​លោក​ឧកញ៉ា ហេង សៀ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ» តប​នឹង​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​រូប​នោះ។ (រូបថត៖ My TV Plus)

កញ្ញា មាន​ ព្រេជរីតា ពិធីការិនី​ទូរទស្សន៍ MyTV​ បាន​អះអាង​ថា​ នាង​ជា​ជន​រង​គ្រោះពិត​ប្រាកដ​នៃ​ការ​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ​ពី​ឧកញ៉ា ហេង សៀ ហើយ​បាន​បំភ្លឺ​ថា​ នាង​ប្រើ​កាំបិត​ដើម្បី​ការ​ពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​សេច​ក្តី​បំភ្លឺដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

កញ្ញា​បាន​ចោទ​លោក​ឧកញ៉ា ហេង សៀ ថា​បាន​ប្រឌិត​រឿងស្នេហា​លួច​លាក់​ជាមួយ​នាង ហើយ​បាន​ទាម​ទារ​ឲ្យ​តុលាការទម្លាក់​ការ​ចោទ​ប្រកាន់លើ​រូប​នាង​ពី​រឿង​លួច​ទូរស័ព្ទ​និង​ការ​ប្រើ​កាំបិត​ចាក់​ទៅលើឧកញ៉ា ហេង សៀ ដែល​បាន​ប្តឹង​នាង​ពី​ដំបូង​ឡើយ រហូត​ដល់​មាន​ការ​ប្តឹង​តប​វិញ​ពី​ពិធីការិនី​ទូរទស្សន៍​រូប​នេះ ទាក់​ទង​នឹង​ការ​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ​ក្នុង​រថយន្ត។

កាល​ពី​សប្តាហ៍​មុន លោក ហេង សៀ អគ្គ​នាយក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​និង​នាំ​ចេញ​នាំចូល​គ្រឿង​សំណង់​ ហេង ស្រេង​ហុង និង​ក្រុមហ៊ុន​លក់​កញ្ចក់​ Cambopura Glass បាន​លើក​ឡើង​ក្នុង​កំណត់​ហេតុ​បណ្តឹង​របស់​លោក​ថា ​លោក​មាន​ទំនាក់​ទំនងស្នេហា​ជា​មួយ​នាង មាន​ ពេជ្ររីតា​ ហៅ​យូប៊ី អាយុ​២០​ឆ្នាំ តាម​រយៈ​ទៅ​ជួប​គ្នា​នៅ​ផ្ទះ​សំណាក់ ដោយ​ជួប​ម្តង​ក្នុង​តម្លៃ​ ២០០​ ទៅ​ ៣០០​ដុល្លារ​អាមេរិក។

កំណត់​ហេតុ​បណ្តឹង​នេះ​កើត​មាន​ឡើង ​ក្រោយ​ជម្លោះ​រវាង​លោក ហេង សៀ​ និង​នាង ពេជ្រ​រីតា ក្នុង​រថយន្ត​មួយ​ដែល​ភាគី​លោក ហេង សៀ ថា​នាង ​រីតា ​បានឲ្យ​លោក​បើក​រថយន្ត​ចុះ​ឡើង​ ២ ​ទៅ​ ៣ ​បក ក្នុង​ខណ្ឌ​ទួល​គោក​ នៅ​ពេល​នាង ​រីតា រង់​ចាំ​មិត្ត​របស់​នាង​ម្នាក់​ទៀត​។ ដល់​គ្រា​មួយ​នៅ​កន្លែង​ស្ងាត់​ក្នុង​សង្កាត់​ទឹក​ល្អក់​ ២ ខណ្ឌ​ទួល​គោក​នោះ​ លោក ហេង​សៀ ចោទ​នាង ​រីតា ​ថា​បាន​ធ្វើ​សកម្មភាព​យក​កូន​កាំបិត​ចុង​ស្រួច​មក​ចាក់​លើ​ក្បាល​ពោះ​ខាង​ស្តាំ​របស់​លោក​ចំនួន ​២ ​កាំបិត ​និង​យក​ទូរស័ព្ទ​របស់​លោក​មួយ​គ្រឿង​ម៉ាក Iphone 12 ProMax នៅ​ពេល​នាង ​រីតា​ ចេញ​បើក​ទ្វារ​ចេញ​ពី​រថយន្ត។

ក្រោយ​មក​ទៀត​លោក ហេង ​សៀ​ បាន​ចេញ​លិខិត​បំភ្លឺដល់​សាធារណជន​ថា​ លោក​មាន​លួច​លាក់​ស្នេហា​ជាមួយ​នាង មាន ពេជ្ររីតា ហើយ​រឿង​រ៉ាវ​ប្តឹង​ផ្តល់​គ្នាធ្វើ​ឲ្យ​លោក​សោក​ស្តាយ​បំផុត។ លោក​បន្ថែម​ទៀត​ថា​ ជម្លោះ​កើត​ឡើង​ដោយ​សារ​នាង ​រីតា​ ទាម​ទារ​ប្រាក់​សុំ​ផ្តាច់​ចំណង​ស្នេហា​ច្រើន​ហួស​ប្រមាណ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ចំនួន​នោះ​ទេ។

ប៉ុន្តែ​នាង ​មាន ពេជ្ររីតា ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទំនាក់​ទំនង​ស្នេហា ដែល​នាង​ថា ​«មាន​អាយុ​ដូច​ជា​ចៅ​និង​ជីតា»។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​ព័ត៌​មាន​ក្នុង​ស្រុក​ចំនួន​ពីរ ​គឺ​ទូរទស្សន៍​ CNC និង​អង្គ​ភាព ​Fresh News ដែល​បាន​ចុះ​ផ្សាយ​ការ​បំភ្លឺ​របស់​នាង។

លោក​ឧកញ៉ា ហេង សៀ ដែល​ត្រូវបាន​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ ឈ្មោះ មាន ពេជ្ររីតា ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ»។ (រូបថតពីបណ្តាញសង្គម)

នាង​ មាន ​ពេជ្ររីតា​ បក​ស្រាយ​ថា ​ការ​ដាក់​កូន​កាំបិត​ក្នុង​កាបូប​នោះ គឺ​នាង​ដាក់​ជាប់​ជា​ប្រចាំ​សម្រាប់​ប្រើ​ប្រាស់​ពេល​មាន​តម្រូវ​ការ ហើយ​នេះ​ជា​ទម្លាប់​របស់​មនុស្ស​ស្រី។ នាង​រំឭក​ឡើង​វិញ​ថា​ លោក ហេង​ សៀ បាន​ព្យាយាម​លូក​លាន់​រាង​កាយ​របស់​នាង​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​ពេល​មួយ​នោះ នាង​ក៏​ប្រឹង​ទាញ​យក​កាំបិត​ពី​កាបូប​មក​ក្រវាស​ចុះ​ឡើង​ក្នុង​បំណង​ការពារ​ខ្លួន និង​បាន​រើស​យក​ទូរស័​ព្ទ​ដែល​ជ្រុះ​ធ្លាក់​ក្នុង​រថយន្ត ដោយ​នឹក​ស្មាន​ថា​ជា​ទូរស័ព្ទ​របស់​នាង។

សេចក្តី​បំភ្លឺ​របស់​នាង​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​មាន​អត្ថន័យ​ថា៖ «រាល់​ការ​ចោទ​ប្រកាន់​ថា ​នាង​ខ្ញុំ​ជា​ស្រី​រក​ស៊ី​លក់​ខ្លួន​ម្តង ២០០$​ ឬ៣០០$ និង​ថា​ធ្លាប់​បាន​រួមភេទ​ជាមួយ​នាង​ខ្ញុំ​ពីរ​បី​ដង និង​ថា​នាង​ខ្ញុំ​ជា​ស្រីចិញ្ចឹម​លួច​លាក់ គឺ​ជា​ការ​មួលបង្កាច់​ដោយ​ព្រៃ​ផ្សៃ​ថោក​ទាប ​និង​មើល​ងាយ​ដល់​ស្ត្រី​ភេទ​ទន់​ខ្សោយ ​អមនុស្ស​ធម៌​បំផុត​របស់​បុគ្គល​ល្មោភ​កាម ហេង​ សៀ នេះ»។

លោក គី តិច ប្រធាន​ក្រុម​មេធាវី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​មាន​ក្រុម​ការងារ​ជួយ​ការ​ពារ​នាង ពេជ្ររីតា បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​លើ​សំណួរ​ពាក់ព័ន្ធ​នឹង​សេចក្តី​បំភ្លឺ របស់​នាងជា​មួយ​សារព័ត៌មាន​ខាង​លើ។ លោក​ក៏​មិន​ទាន់​អាច​បញ្ជាក់​ថា ​តើ​ក្រុម​មេធាវី​បានដាក់​សំណើ​ទៅ​តុលា​ការ​សុំ​លើក​លែង​ការ​ចោទ​ប្រកាន់​ឬ​យ៉ាងណា។

អ្នក​នាំ​ពាក្យ​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក ប្លង់ សុផល​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ចៅក្រម​ស៊ើប​សួរ​របស់​សាលា​ដំបូង​កំពុង​បន្ត​ធ្វើ​ការ​រឿង​ក្តី​នេះ ​តែ​លោក​មិន​ទាន់​ដឹងថាតើ​ក្រុម​មេធាវី​បានដាក់​សំណើ​សុំ​ទម្លាក់​ការ​ចោទ​ប្រកាន់​ឬ​យ៉ាងណា។

លោក​បញ្ជាក់​ថា៖ «ខាង​អយ្យការ​យើង​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ពាក្យ​ហ្នឹង ​ប៉ុន្តែ​ក្រែង​លោ​គាត់​អាច​ដាក់​តាម​រយៈ​រដ្ឋបាល​របស់​សាលា​ដំបូង​ដែល​ជា​សមត្ថកិច្ច​របស់​លោក​ចៅក្រម​ស៊ើប​សួរ​ក៏​មិន​ដឹង។ ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ទេ​បាទ»។

កន្លង​ទៅ នាង ពេជ្ររីតា ត្រូវ​បាន​តុលាការ​បាន​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន ក្រោយ​រឿង​ចម្រូង​ចម្រាស​នេះ​បាន​លេច​ឮ​ដល់​សាធារណ​ជន។

វីអូអេ​នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​គូ​ភាគី​ទំនាស់​ក្នុង​សំណុំ​រឿង​នេះ​បាន​ទេ គិត​ត្រឹម​ថ្ងៃសុក្រ​នេះ។

បើ​តាម​សេចក្តី​បំភ្លឺ​របស់​នាង​ពេជ្រ​រីតា គឺ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៨ ខែ​ឧសភា នាង​ត្រូវ​បាន​នគរបាល​ជា​បុរសៗ​ ៧ ​នាក់ នាំ​ខ្លួន​ដោយ​ពុំ​មាន​ដីកា ដោយ​និយាយ​ថា​ឲ្យ​នាង​ទៅ​បំភ្លឺ​តែ​មួយ​ភ្លែត​ទេ​នៅ​ប៉ុស្តិ៍​នគរ​បាល​ខណ្ឌ​ទួលគោក។ នាង​បញ្ជាក់​ថា​ នគរ​បាលជា​បុរស​ ៣​ នាក់​បាន «​បង្ខំ​សាកសួរ​» យក​ចម្លើយ​អស់​រយៈ​ពេល ​៣ ​ថ្ងៃ​ ៣ ​យប់ ដោយ​មិន​ឲ្យ​នាងត្រឡប់​មក​ផ្ទះ​វិញ​ទេ និង​បាន​បញ្ជូន​នាង​មក​តុលាការ​សាក​សួរ​ចម្លើយ​ជា​បន្ត​បន្ទាប់។

នាង​បញ្ជាក់​ថា៖ «ស្ថិត​នៅ​ក្នុង​ស្ថានភាព​ភ័យ​ខ្លាច តក់​ស្លុត អត់​ងងុយ និ​ង​អារម្មណ៍​មិន​នឹង​នរ នាង​ខ្ញុំ​មាន​ការ​ភ្លេច​ភ្លាំង រក​នឹក​អ្វី​មិន​ឃើញ មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នោះ​ទេ ធ្វើ​ឲ្យ​នាង​ខ្ញុំ​ពុំ​អាច​ផ្តល់​ចម្លើយ និង​ពុំ​ទាន់​ផ្ដល់​ចម្លើយ​ជូន​ចៅក្រម​ស៊ើប​សួរ​បាន​គ្រប់​ជ្រុង​ជ្រោយ​និង​ច្បាស់​លាស់​នៅ​ឡើយ»។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​លោកស្រី ចក់​ សុភាព មាន​ប្រសាសន៍​ថា ​ទោះ​បី​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​គូ​ទំនាស់ ចៅក្រម​ដែល​ទទួល​ការ​ដោះ​ស្រាយ​សំណុំ​នេះ​ត្រូវ​បន្ត​នីតិវិធី​ច្បាប់ ដោយ​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ទាំង​សង​ខាង។

លោកស្រី​បញ្ជាក់​ថា៖ «ទោះ​បី​មាន​ការ​អះអាង​ជា​បន្ត​បន្ទាប់​យ៉ាង​ណា​ក៏​ដោយ​ ក៏​ទិដ្ឋភាព​នៃ​ការណ៍​ដែល​មាន​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធនឹង​ការ​រំលោភ​បំពាន​នេះ ​គឺ​នៅ​តែ​មាន។ អីចឹង​ហើយ​គឺស្ថាប័ន​តុលាការហ្នឹង លោក​ត្រូវ​ពិនិត្យ​ពិច័យ​ទៅ​លើ​សំណុំ​រឿង​នេះ​ទៅ​លើ​អង្គហេតុ​ ហើយ​និង​ភស្តុ​តាង​នានា​ដែល​ពាក់​ព័ន្ធហ្នឹង»។

ចំណែក​នាយិកា​អង្គការក្លាហាន​ដែល​ធ្វើការ​លើ​សិទ្ធិ​ស្ត្រី កញ្ញា បុណ្យ​ រចនា បង្ហាញ​ក្តី​បារម្ភ​ថា មាន​ពេជ្រ​រីតា​មិន​ទទួល​បាន​កាត់​ការ​សេច​ក្តី​ត្រឹម​ត្រូវ​ ព្រោះ​ថា​តាំង​ពីដើម​ទី​មក នាង​រង​គ្រោះ​ជាង​គេ ពោលគឺ​ត្រូវ​បាន​ឃាត់​ខ្លួន​មក​សួរ​នាំ​ទាំង​ពុំ​មាន​ដីកា​នាំ​ខ្លួន​ និង​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ទៀត​ផង។

យ៉ាងណា​ក៏​ដោយ ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យក្រសួងយុត្តិធម៌ លោក ជិន​ ម៉ាលីន​ ថ្លែង​ថា ក្រសួង​យុត្តិធម៌​បន្ត​ឃ្លាំ​មើល​សំណុំ​រឿង​នេះ​ ហើយ​ថា អង្គការ​សង្គម​ស៊ីវិល​ក៏​គួរ​រង់​ចាំ​មើល​សេច​ក្តី​សម្រេច​របស់​តុលាការ​ ជា​ជាង​ការ​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ៕