ជាង៥០ឆ្នាំមកហើយ សារមន្ទីរ«They Also Ran» ស្ថិតនៅក្នុងទីក្រុង Norton រដ្ឋ Kansas បានផ្ដល់កិត្តិយសដល់អ្នកដែលបរាជ័យនៅក្នុងយុទ្ធនាការដណ្ដើមតំណែងប្រធានាធិបតី ដោយការតាំងបង្ហាញរូបថតរបស់ពួកគេ។ ឥឡូវ សារមន្ទីរតូចមួយនេះបានត្រៀមកន្លែងមួយរួចជាស្រេចសម្រាប់ការតាំងរូបថតលោកស្រី Hillary Clinton ឬរូបថតលោក Donald Trump។
ក្រុមមន្ត្រីធ្វើការនៅសារមន្ទីរនេះបញ្ជាក់ថា សារមន្ទីរនេះបង្កើតឡើងមិនមែនចង់ឌឺដងដល់អ្នកដែលចាញ់ឆ្នោតនោះទេ ប៉ុន្តែដើម្បីបង្ហាញពីស្មារតី និងការខិតខំប្រឹងប្រែងរបស់ពួកគេ។
អ្នកស្រី Lee Ann Shearer ដែលជាអ្នកអភិរក្សសារមន្ទីរនេះជាយូរមកហើយ បានថ្លែងប្រាប់ទស្សនាវដ្ដី Time ថា៖«មិនមានអ្នកណាម្នាក់ចង់ជាប់ចំណាត់ថ្នាក់លេខ២នោះទេ ប៉ុន្តែពួកយើងមានមោទនភាពចំពោះអ្នកដែលបានប្រឹងប្រែងព្យាយាម។ យើងមិនមែនមិនគោរពអ្នកដោយសារតែអ្នកមិនបានក្លាយជាប្រធានាធិបតីនោះទេ។ វាត្រូវការសេចក្ដីក្លាហាន។ អ្នកស្ទើរតែទទួលបានតំណែងដ៏ខ្ពស់បំផុតមួយនៅក្នុងប្រទេសហើយស្រមៃគិតពីអារម្មណ៍ដែលចាញ់នៅពេលដែលអ្នកមិនទទួលបានតំណែងនោះ»។
គំនិតរបស់អ្នកស្រីត្រូវបានអ្នកស្រី Roberta Ryan ដែលជាសមាជិកក្រុមប្រឹក្សាក្រុង Norton គាំទ្រ។
អ្នកស្រី Ryan បានប្រាប់កាសែត Boston Globe ថា៖«អ្នកដែលចាញ់ទាំងនោះសក្ដិសមនឹងទទួលបានការទទួលស្គាល់ខ្លះសម្រាប់ភាពក្លាហានរបស់ពួកគេក្នុងការឈរឈ្មោះជាប្រធានាធិបតី។ បេក្ខជនដែលជាប់ជាប្រធានាធិបតី ទទួលបានសិទ្ធិធ្វើប្រធានាធិបតី ចំណែកឯអ្នកដែលចាញ់វិញគឺស្ទើរត្រូវបានគេបំភ្លេចចោល។ នេះគឺជាការរំឭកមួយថាអ្នកទាំងនេះគឺជាផ្នែកនៃប្រវត្តិសាស្ត្ររបស់យើង។ ហើយភាគច្រើននៃអ្នកទាំងនោះប្រហែលជាបានប្រឹងប្រែងខ្លាំងជាងអនុប្រធានាធិបតីផង»។
បច្ចុប្បន្ននេះ ជញ្ជាំងសារមន្ទីរនេះត្រូវបានគេតុបតែងលំអដោយរូបថតស ខ្មៅ ចំនួន ៦០ ផ្ទាំង នៃអ្នកដែលចាញ់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ រូបថតរបស់លោក Trump ឬ ក៏រូបថតរបស់លោកស្រី Clinton នឹងក្លាយជារូបថតទី៦១។
អ្នកស្រី Shearer បានប្រាប់ទស្សនាវដ្តី Time ថា អ្នកស្រីសង្ឃឹមថាអ្នកស្រីនឹងដាក់រូបថតលោកស្រី Clinton នៅសារមន្ទីរនេះ នៅថ្ងៃដែលប្រធានាធិបតីថ្មីស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៧។
អ្នកស្រីបានថ្លែងថា៖ «រូបថតលោកស្រី Clinton នឹងក្លាយជារូបថតស្ត្រីដំបូងបំផុតនៅទីនេះ។ យើងមានរូបថតបុរសចំនួន៦០ផ្ទាំងរួចទៅហើយ។ យើងប្រហែលជាចង់ឲ្យមានរូបស្ត្រីម្នាក់នៅទីនេះ»។
រហូតមកដល់ពេលនេះ មានតែបេក្ខជនដែលធ្លាប់ឈរឈ្មោះហើយបរាជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមួយរូបគត់ ដែលបានមកទស្សនាសារមន្ទីរនេះ។ បេក្ខជននោះគឺអតីតសមាជិកព្រឹទ្ធសភាលោក Bob Dole ដែលលោកមកពីរដ្ឋ Kansas នេះ។ លោកបានចាញ់ការប្រកួតចូលកាន់តំណែងនៅក្នុងសេតវិមានកាលពីឆ្នាំ១៩៩៦ នៅពេលដែលលោក Bill Clinton បានឈ្នះការបោះឆ្នោតនៅពេលនោះ។
សារមន្ទីរនេះនៅមិនទាន់ក្លាយជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរនៅឡើយទេ ដោយទាក់ទាញភ្ញៀវទេសចរបានត្រឹមតែ ២៥០ នាក់ ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទោះជាយ៉ាងនេះក្ដី ក៏មានភ្ញៀវទេសចរទស្សនាសារមន្ទីរនេះមួយចំនួនមកពីប្រទេសឆ្ងាយៗដូចជាប្រទេសអាល្លឺម៉ង់ជាដើម។
អ្នកស្រី Shearer បានថ្លែងបន្ថែមថា៖ « អ្នកមិនដែលឃើញកន្លែងណាដែលប្រមូលផ្ដុំរូបថតអ្នកដែលប៊ិះនឹងឈ្នះទាំងនោះនៅមួយកន្លែងនោះទេ។ ពួកគេងាយនឹងត្រូវបានគេបំភ្លេចចោល ប៉ុន្តែដោយសារតែយើងមានការតាំងបង្ហាញរូបថតរបស់ពួកគេនៅទីនេះ ពួកគេនឹងមិនត្រូវបានគេបំភ្លេចចោលនោះទេ។ ពួកគេគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ប្រទេសយើង។ បើទោះបីជាពួកគេមិនបានក្លាយខ្លួនជាប្រធានាធិបតីក៏ពិតមែន ប៉ុន្តែច្បាស់ណាស់ ពួកគេបានប្រឹងប្រែងខ្លាំងណាស់សម្រាប់ប្រទេសដែលពួកគេស្រឡាញ់»៕
សម្រួលដោយ ស្រេង លក្ខិណា