តុលាការក្រុងភ្នំពេញ សម្រេចបើកការស៊ើបសួរលើថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន៩នាក់ ទាក់ទិន«សកម្មភាពបំផុសបំផុល»ក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានបណ្តេញចេញពីការងារ ឲ្យបង្កចលាចលដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទកន្លងទៅនេះ។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់សកម្មជនសហជីពខាងលើនេះពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ថ្នាក់ដឹកនាំ និងសកម្មជនទាំងប្រាំបួនរូបនោះ រួមមានឈ្មោះ ឈឹម ស៊ីថរ ឈ្មោះ វី សុវណ្ឌឌី ឈ្មោះ សុន ស្រីពេជ្រ ឈ្មោះ ហៃ សុភាព ឈ្មោះ ឃ្លាំង សុបិន្ត ឈ្មោះ ទូច សិរីមាស ឈ្មោះ ឈឹម សុខន ឈ្មោះ សុខ ណារិទ្ធ និង សុខ គង្គា។
ចំណាត់ការពីសាលាដំបូងរាជធានីភ្នំពេញនេះ គឺធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំ សកម្មជន និងសមាជិកសហជីពយ៉ាងហោចណាស់ ២៤នាក់ ត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីពួកគេ បានធ្វើកូដកម្មនៅមុខកាស៊ីណូណាហ្គាវើលដ៍ អស់រយៈពេលប្រមាណពីរសប្តាហ៍កន្លងទៅនេះ។ នេះ បើតាមអ្នកការពារសិទ្ធិមនុស្សមួយចំនួនដែលបានឃ្លាំមើលកូដកម្មរបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍។
អាជ្ញាធររាជធានីចោទកូដកម្មនោះថា ជាកូដកម្មខុសច្បាប់ និងថា សកម្មភាពកូដកម្មនោះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ជាពិសេស ក្រុមអ្នកតវ៉ាមិនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានប្រាប់វីអូអេតាមសារជាសំឡេង កាលពីល្ងាចថ្ងៃចន្ទថា អតីតបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ នឹងបន្តធ្វើកូដកម្ម រហូតដល់មានដំណោះស្រាយសមស្រប បើទោះបីត្រូវប្រឈមនឹងការចាប់ខ្លួនពីអាជ្ញាធរក៏ដោយ។
កញ្ញាបានថ្លែងថា៖ «ពាក់ព័ន្ធជាមួយនឹងខាងបងប្អូនកម្មករនិយោជិតជាជំហរ គឺពួកគាត់នឹងបន្តធ្វើការទាមទារតវ៉ារហូតទាល់តែមានដំណោះស្រាយ បើទោះបីជាមានការចាប់ខ្លួនថ្នាក់ដឹកនាំ ឬក៏សកម្មជនក៏ដោយ ពីព្រោះ យើងបានធ្វើការព្យាករណ៍ទុកមុនហើយថា អាចនឹងមានការចាប់ខ្លួនអីទាំងអស់ហ្នឹង។ ដោយឡែកការចាប់ខ្លួននេះ គឺគេចង់បំបាក់ស្មារតីអ្នកទាមទារ»។
នៅក្នុងសារឆ្លើយតបនឹងវីអូអេតាមប្រព័ន្ធទំនាក់ទំនង WhatsApp អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានលើកឡើងថា តុលាការ គឺជាជម្រើសដំណោះស្រាយបន្ទាប់មួយក្នុងករណីវិវាទមានភាពជាប់គាំង។
លោកប្រាប់វីអូអេកាលពីល្ងាចថ្ងៃចន្ទក្នុងន័យដើមថា៖ «ក្នុងករណីមិនសះជា គឺត្រូវបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រោយពេលក្រុមប្រឹក្សាអាជ្ញាកណ្តាលចេញសេចក្តីបង្គាប់ និងក្រោយពេលអនុវត្តវិធានវិវាទការងារ គឺមានតែតុលាការទេ ដែលជាអ្នកមានសិទ្ធិកំណត់គុណវុឌ្ឍនៃវិធានវិវាទការងារនេះថា ស្រប ឬមិនស្របច្បាប់។ ចាប់ពីដំណាក់កាលនេះតទៅ ភាគីវិវាទ គឺត្រូវដាក់ពាក្យទៅតុលាការដើម្បីបើកសវនាការ និងបញ្ចប់វិវាទការងារនេះ»។
បើតាមសារដដែលនោះ លោក ហេង សួរ បានបន្តថា ការធ្វើកូដកម្ម គឺជាសិទ្ធិរបស់កម្មករ ប៉ុន្តែ ការបន្តកូដកម្ម ឬបញ្ឈប់កូដកម្ម គឺត្រូវពិនិត្យលើដីការបស់តុលាការ។លោកបន្ថែមថា បើសិនជាតុលាការចាត់ទុកកូដកម្មជាកូដកម្មខុសច្បាប់ ភាគីវិវាទដែលមិនសុខចិត្តនឹងដីកាតុលាការ គឺត្រូវរួសរ៉ាន់ប្តឹងជំទាស់ទៅតុលាការវិញក្នុងរយៈពេលកំណត់ណាមួយ។
កូដកម្មដែលបានធ្វើឡើងចំនួន១៤ថ្ងៃមកហើយនៅមុខទីតាំងកាស៊ីណូណាហ្គាវើលដ៍ទី១ និងទី២នោះ មានការទាមទារ៩ចំណុចសំខាន់ៗ ក្នុងនោះ គឺការទូទាត់ប្រាក់អតីតភាពការងារ ការប្រើប្រាស់កិច្ចសន្យាកម្មសិក្សាដែលខុសច្បាប់ការស្នើសុំដំឡើងប្រាក់ឈ្នួល និងការមិនគោរពច្បាប់ការងារ។
ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍លោក Hein Dames បដិសេធមិនផ្តល់ការអត្ថាធិប្បាយ នៅថ្ងៃអង្គារនេះ។
ប៉ុន្តែនៅក្នុងលិខិតជូនដំណឹងចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ លោក Hein Dames បានអំពាវនាវឱ្យកម្មករនិយោជិតដែលបន្តអវត្តមាននៅកន្លែងការងារឲ្យចូលធ្វើការវិញ។ នេះ ជាការជូនដំណឹងលើកចុងក្រោយឱ្យកម្មករនិយោជិតវិលចូលមកកន្លែងធ្វើការ។
សេចក្តីជូនដំណឹងរបស់ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍លើកឡើងតាមន័យដើមថា៖ «ក្នុងករណីបើបងប្អូននៅតែមិនត្រឡប់ចូលមកបម្រើការងារវិញទេ បងប្អូននឹងទទួលរងនូវវិធានការវិន័យស្របតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន និងច្បាប់ស្តីពីការងារជាធរមាន»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា បញ្ហាពាក់ព័ន្ធនឹងវិវាទរវាងបុគ្គលិកនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៍ គឺកាន់តែមានសភាពដុនដាបខ្លាំង នៅពេលអាជ្ញាធរបានចាប់ខ្លួនមេដឹកនាំ និងតំណាងសហជីពជាបន្តបន្ទាប់ដែលលោកចាត់ទុកសកម្មភាពនេះថា ជាការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋាន។
លោកបានថ្លែងថា៖ «អ៊ីចឹងខ្ញុំមើលទៅដំណោះស្រាយនៃការឃាត់នៃការចាប់ខ្លួននេះ វាហាក់បីដូចជាមិនមែនដំណោះស្រាយមួយល្អទេ។ វាជាដំណោះស្រាយមួយដែលនឹងទទួលបានការរិះគន់អំពីការរំលោភសិទ្ធិបុគ្គលិកណាហ្គាវើលដ៍រំលោភសិទ្ធិការងារ រំលោភសិទ្ធិសហជីព និងរំលោភសិទ្ធិមនុស្សទៅវិញទេ»។
ដំណាលគ្នានេះដែរ លោកជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់បន្តកាន់ខ្ជាប់នូវការចរចាដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់ការងារ។
នៅក្នុងសន្និសីទកាសែតមួយ ដែលគេសង្កេតឃើញមានតែបណ្តាញព័ត៌មានមាននិន្នាការគាំទ្ររដ្ឋាភិបាលចូលរួម នាព្រឹកថ្ងៃអង្គារនេះ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា មកទល់ពេលនេះ មានការចាប់ខ្លួនមនុស្សតែ១៧នាក់ប៉ុណ្ណោះ ពាក់ព័ន្ធនឹងការធ្វើកូដកម្ម។
ក្រុមហ៊ុនណាហ្គាវើលដ៍ជាសាខារបស់ក្រុមហ៊ុន NagaCorp និងបានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងហុងកុង មានប្រតិបត្តិការកាស៊ីណូនៅកណ្តាលទីក្រុងភ្នំពេញ។
កាលពីចុងខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវសហជីពនៅក្រុមហ៊ុននេះចោទប្រកាន់ថា បានកាត់បុគ្គលិកចេញពីការងារជាង១៣០០នាក់ទាំងបង្ខំ ដោយមិនផ្តល់អត្ថប្រយោជន៍ផ្សេងទៀត ក្នុងនោះ ក៏មានប្រាក់អតីតភាពការងារផងដែរ។ ក្នុងចំណោមបុគ្គលិកជាង១៣០០នាក់នោះ មានបុគ្គលិកចំនួនប្រមាណ២៧៩នាក់ ដែលជាថ្នាក់ដឹកនាំ សកម្មជនសហជីព និងបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍កំពុងទាមទារឲ្យបានចូលធ្វើការវិញ៕