គណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គបានសម្រេចលើនីតិវិធីប្រតិបតិ្តការដែលនឹងធានាតម្លាភាព គណនេយ្យភាពក្នុងការប្រើប្រាស់មូលនិធិ និងបានឈានទៅបង្កើតប្រព័ន្ធថ្មីមួយជាលើកដំបូងដើម្បីឃ្លាំមើល និងរាយការណ៍ពីការប្រើប្រាស់ទឹកនៅក្នុងទន្លេមេគង្គ ដែលជាទន្លេធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារក្នុងខេត្តសៀមរាប ដោយមានការយល់ស្របពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គចំនួនបួន ដែលរួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មការទន្លេមេគង្គចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
នៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងពីរដងក្នុងមួយឆ្នាំរបស់គណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គនោះ លោក សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គ និងជាប្រធានគណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គសម្រាប់ឆ្នាំ២០២២ ត្រូវបានស្រង់សម្តីក្នុងន័យដើមថា៖ «យើងប្រើប្រាស់ប្រាក់មូលនិធិសាធារណៈ ដូច្នេះ វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវមានតម្លាភាព និងការទទួលខុសត្រូវចំពោះមូលនិធិដែលយើងបានទទួល»។
បើតាមសេចក្តីប្រកាសរបស់គណៈកម្មការទន្លេមេគង្គ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ទន្លេមេគង្គគឺជាផ្លូវទឹកលំបាកមួយ បន្ទាប់ពីកម្រិតទឹកចុះទាបបួនឆ្នាំជាប់ៗគ្នា។
សេចក្តីប្រកាសដដែលឱ្យដឹងថា ការតាមដានការប្រើប្រាស់ទឹក និងទិន្នន័យទឹកដែលមានសុក្រឹតភាពត្រូវបានចាត់ទុកថា មានសារៈសំខាន់ក្នុងការរៀបចំឱ្យមានគោលនយោបាយល្អបំផុត ដែលគាំទ្រដល់ការតស៊ូមតិ ធ្វើឱ្យមានឡើងនូវការតាំងចិត្តខាងនយោបាយ និងការវិនិយោគសាធារណៈ និងឯកជន។
គួរបញ្ជាក់ផងដែរថា ការប្រែប្រួលអាកាសធាតុ និងការសាងសង់ទំនប់វារីអគ្គិសនីបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទន្លេមេគង្គ និងមនុស្ស៦៥លាននាក់ដែលអាស្រ័យលើផ្លូវទឹកនេះសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។
នៅប្រទេសកម្ពុជា គ្រោះរាំងស្ងួតបានជំរុញឱ្យរដ្ឋាភិបាលអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសនៅតំបន់ដាច់ស្រយាល ដោយរដ្ឋាភិបាលនិយាយថា កម្រិតភ្លៀងធ្លាក់នៅរដូវវស្សាកន្លងទៅមិនផ្តល់ទឹកគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការចាំបាច់នោះទេ។
របាយការណ៍ដាច់ដោយឡែកមួយទៀតបានបង្ហាញដែរថា សមត្ថភាពផ្គត់ផ្គង់ទឹកសម្រាប់ប្រព័ន្ធធារាសាស្ត្រដំណើរការបានតែ២០ភាគរយប៉ុណ្ណោះ៕
គណៈកម្មការទន្លេមេគង្គសម្រេចឱ្យមានការពិនិត្យលើគណនេយ្យភាព និងការតាមដានការប្រើប្រាស់ទឹក
ភ្នំពេញ —