ទីផ្សារភាគហ៊ុននៅអាស៊ីបានបិទដោយធ្លាក់ថ្ងៃបន្តិចក្នុងថ្ងៃសុក្រនេះ ដោយទីផ្សា Nikkei ក្នុងប្រទេសជប៉ុន បិទក្នុងពិន្ទុវិជ្ជមានត្រឹម០.០១%។
ខណៈដែលអ្នកវិនិយោគបន្តបារម្ភអំពីការរាតត្បាតជាសាកលនៃកូរ៉ូណាវីរុសដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល មន្ទិលក្នុងចំណោមពួកគេចំពោះសេចក្តីថ្លែងការណ៍មួយរបស់លោកប្រធានាធិបតី ត្រាំ ដែលថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងប្រទេសរុស្ស៊ី អាចបន្ថយការផលិតប្រេង បានរួមចំណែកដល់ភាពមិនប្រាកដប្រជារបស់អ្នកវិនិយោគ។
ដូចនៅអាស៊ីដែរ នៅអឺរ៉ុប ទីផ្សារហ៊ុនសំខាន់ៗនៅក្រុងឡុងដ៍ ហ្វ្រង់ហ្វួរត៍ និងប៉ារីស បានបិទក្នុងតម្លៃទាបជាងមុនដែរ ខណៈដែលចំនួនករណីឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនលើស១លាននាក់។
នៅសហរដ្ឋអាមេរិក ទោះបីទីផ្សារភាគហ៊ុនបានបិទកាលពីថ្ងៃព្រហស្បតិ៍ក្នុងតម្លៃខ្ពស់ជាងមុន ដោយសារ តម្លៃប្រេងកើនឡើងអាចទប់ព័ត៌មានមិនល្អអំពីចំនួនអ្នកអត់ការងារធ្វើកើនឡើងក្តី ក៏ពិន្ទុនៅមុនការបើកទីផ្សារថា ផ្សារភាគហ៊ុនអាមេរិកក៏ទំនងនឹងធ្លាក់ថ្លៃដែរនៅពេលជួញដូរនៅថ្ងៃសុក្រនេះ។
តួលេខកាលពីថ្ងៃព្រហស្បតិ៍បង្ហាញថា មានមនុស្សចំនួន៦លាននាក់នៅសហរដ្ឋអាមេរិកបានពាក្យជំនួយពីរដ្ឋក្រោយបាត់បង់ការងារ ដែលនេះចំនួនអ្នកអត់ការងារច្រើនបំផុតមិនធ្លាប់មាន។ ការរាតត្បាតនៃមេរោគកូរ៉ូណាបាននាំឲ្យមានការបិទអាជីវកម្មនានានៅទូទាំងពិភពលោកនិងបណ្តាលឲ្យសេដ្ឋកិច្ចអាមេរិកនៅទ្រឹង។
ជារួមផ្សារភាគហ៊ុនអាមេរិកបានធ្លាក់តម្លៃ២០% ពីតម្លៃដ៏ខ្ពស់នៅដើមឆ្នាំនេះ៕