ដោយតម្លៃភាគហ៊ុនដាំក្បាលចុះយ៉ាងខ្លាំងនៅពេលមានសង្គ្រាមតម្លៃប្រេងនិងវិបត្តិកូរ៉ូណាវីរុសនោះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានជួបកាលពីថ្ងៃចន្ទពេលថ្ងៃត្រង់ជាមួយទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក រួមមានលោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារដែលបានបង្ហាញលោកប្រធានាធិបតីនូវជម្រើសគោលនយោបាយដើម្បីទប់ទល់ការគំរាមកំហែងយ៉ាងខ្លាំងដល់សេដ្ឋកិច្ច។
ប្រភពសេតវិមាន បានប្រាប់ឲ្យដឹងថា ជម្រើសទាំងនោះ រួមមានការបើកប្រាក់ឲ្យការឈប់សម្រាកដោយសារឈឺ និងការជួយសង្គ្រោះបន្ទាន់សម្រាប់ពាណិជ្ជកម្មខ្នាតតូច។
ជំនួបនោះ បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីត្រាំ បានវិលត្រឡប់ទៅកាន់សេតវិមានពីរដ្ឋ Florida វិញ ដែលនៅទីនោះលោកបានចូលរួមពិធីទទួលទានអាហារថ្ងៃត្រង់ដើម្បីរៃអង្កៀសប្រាក់ពីពួកអ្នកមាន។
លោកប្រធានាធិបតីមិនបានថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានបន្ទាប់ពីលោកបានចុះពីឧទ្ធម្ភាគចក្រ Marine One នៅសួនច្បារខាងត្បូង។
នៅពេលដែលផ្សារភាគហ៊ុន Dow Jones Average បានចុះជាង២ពាន់ពិន្ទុនៅក្នុងការលក់ដូរកាលពីព្រឹកថ្ងៃចន្ទ តាមរយៈពេល Twitter លោកប្រធានាធិបតីត្រាំ ស្តីបន្ទោសការធ្លាក់ចុះទីផ្សារភាគហ៊ុននោះលើប្រទេសអារ៉ាប៊ី សាអូឌីត និងរុស្ស៊ីដែលបានឈ្លោះប្រកែកគ្នាអំពីតម្លៃ និងលំហូរប្រេង។
លោកប្រធានាធិបតីត្រាំ បានសេរសេរនៅក្នុង Twitter ថា «ព័ត៌មានក្លែងក្លាយជាមូលហេតុមួយធ្វើឲ្យភាគហ៊ុនធ្លាក់ចុះនោះដែរ»។
លោកប្រធានាធិបតីត្រាំ ក៏បាននិយាយសម្រាលពីការភ័យខ្លាចរបស់ពលរដ្ឋអាមេរិកាំងអំពីមេរោគកូរ៉ូណាវីរុសនោះ។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា ចំនួនមនុស្សស្លាប់នៅក្នុងសហរដ្ឋអាមេរិកមកពីមេរោគនោះ មានផ្នែកដ៏តូចមួយ បើប្រៀបធៀបទៅនឹងមនុស្សរាប់ពាន់នាក់ដែលស្លាប់ដោយជំងឺផ្លាសាយធំនោះ៕