តុលាការក្រុងមូស្គូកាលពីថ្ងៃអង្គារ បានចេញសាលក្រមឲ្យមេដឹកនាំបក្សប្រឆាំងលោក Alexei Navalny ជាប់ពន្ធនាគារជាង២ឆ្នាំកន្លះពីបទចោទថា លោកបានបំពានទៅនឹងលក្ខខណ្ឌក្នុងពេលត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន។
ការកាត់ទោសមេដឹកនាំបក្សប្រឆាំងរូបនេះ ដែលជាអ្នករិះគន់ដ៏ខ្លាំងក្លាទៅលើប្រធានាធិបតីរុស្សីលោក Vladimir Putin នោះ អាចដុតបញ្ឆេះឲ្យមានការតវ៉ាប្រឆាំងកាន់តែខ្លាំងថែមទៀតពីក្រុមអ្នកគាំទ្ររបស់លោក បន្ទាប់ពីមានការប្រឆាំងតវ៉ាអស់រយៈពេល២ចុងសប្តាហ៍មកហើយ នៅក្នុងទីក្រុងជាច្រើនរបស់រុស្សី ដើម្បីទាមទារឲ្យមានការដោះលែងរូបលោកនោះ។
លោក Navalny ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីលោកបានត្រឡប់មកដល់ទីក្រុងមូស្គូវិញកាលពីថ្ងៃទី១៧ ខែមករា ពីបទបំពានទៅលើលក្ខខណ្ឌនៃការដោះលែងឲ្យនៅក្រៅឃុំរបស់លោកក្នុងពេលកន្លងទៅ ដោយលោកមិនត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅប្រទេសនោះទេ ប៉ុន្តែលោកបានចេញទៅសម្រាកព្យាបាលនៅប្រទេសអាល្លឺម៉ង់អស់រយៈពេល៥ខែ ដោយសារតែលោកត្រូវបានគេដាក់ថ្នាំបំពុលក្នុងប្រទេសរុស្សី។
សហរដ្ឋអាមេរិក និងបស្ចិមប្រទេសជាច្រើន បានថ្កោលទោសជាខ្លាំងដល់ការចាប់មេដឹកនាំគណបក្សប្រឆាំងរូបនេះ ហើយបានទាមទារឲ្យមានការដោះលែងរូបលោក ដោយគ្មានលក្ខខណ្ឌផងដែរ។
ការិយាល័យពន្ធនាគារសហព័ន្ធរបស់រុស្សីនិយាយថា លោក Navalny រំលោភបំពានទៅលក្ខខណ្ឌនៃការជាប់ទោសរបស់លោកក្នុងឆ្នាំ២០១៤ ហើយដែលទោសនោះត្រូវបានគេព្យួរ ពាក់ព័ន្ធនឹងការលាងលុយកខ្វក់របស់លោក។ លោកបានបដិសេធការកាត់ទោសនោះ ហើយថានេះជារឿងនយោបាយ៕