បាតុកររាប់ម៉ឺននាក់ដែលគាំទ្រមេដឹកនាំបក្សប្រឆាំងជាប់ពន្ធនាគារលោក Alexei Navalny បាននាំគ្នាតវ៉ាតាមដងផ្លូវក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ ដោយបំពាននឹងការព្រមានពីអាជ្ញាធរដែលថា អ្នកដែលចូលរួមក្នុងបាតុកម្មនោះនឹងប្រឈមនឹងការចាប់ខ្លួន និងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
បាតុកម្មនោះត្រូវបានលោក Navalny អំពាវនាវឲ្យធ្វើឡើង បន្ទាប់ពីលោកត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ ក្រោយពីត្រឡប់ពីប្រទេសអាល្លឺម៉ង់មកកាន់ប្រទេសរុស្ស៊ីវិញកាលពីចុងសប្ដាហ៍មុន បន្ទាប់ពីលោកបានជាសះស្បើយពីការវាយប្រហារដោយថ្នាំពុល ដែលស្ទើរតែបានឆក់យកជីវិតរបស់លោកកាលពីខែសីហា ឆ្នាំមុន។
អង្គការឃ្លាំមើលឯករាជ្យមួយដែលមានឈ្មោះថា OVD-Info បានរាយការណ៍ថា បាតុករប្រហែល ៣.២០០ នាក់ ត្រូវបានចាប់ខ្លួនគិតត្រឹមអាធ្រាត្រថ្ងៃសៅរ៍ ដែលក្នុងនោះរួមមានទាំងអ្នកស្រី Yulia ដែលជាភរិយារបស់លោក Navalny និងអ្នកស្រី Lyubov Sobol ដែលជាជំនួយការរបស់លោក Navalny ផងដែរ។ អ្នកកាសែតរាប់សិបនាក់ក៏ត្រូវបានចាប់ឃុំខ្លួនផងដែរ។
អ្នកស្រី Yulia Navalnaya បានបញ្ជាក់ថា អ្នកស្រីពិតជាត្រូវបានគេចាប់ខ្លួននៅក្នុងទីក្រុងមូស្គូប្រាកដមែន។ អ្នកស្រីបញ្ជាក់ដូច្នេះនៅក្នុងសារមួយលើ Instagram ដែលអ្នកស្រីបានសរសេរនិងបង្ហោះនៅពេលដែលអ្នកស្រីនៅក្នុងរថយន្ដរបស់ប៉ូលិស។
ក្រុមអ្នកគាំទ្រលោក Navalny រាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុងជាង ៦០ ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ ដើម្បីទាមទារឲ្យដោះលែងលោកជាបន្ទាន់។ ពួកគេបានបំពាននឹងវិធានការរបស់ប៉ូលិសក្នុងការបំបែកហ្វូងបាតុកម្ម ដែលជាបាតុកម្មដែលប៉ូលិសប្រកាសថាខុសច្បាប់។
សហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួន និងការប្រើប្រាស់ «វិធីសាស្ត្រធ្ងន់ធ្ងរទៅលើហ្វូងបាតុករ និងអ្នកកាសែតនៅចុងសប្ដាហ៍នេះ នៅតាមបណ្ដាទីក្រុងនានាទូទាំងប្រទេសរុស្ស៊ី»។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price។
លោកPrice បាននិយាយថា សហរដ្ឋអាមេរិកអំពាវនាវឲ្យអាជ្ញាធររុស្ស៊ី «ដោះលែងអ្នកដែលត្រូវបានគេចាប់ដាក់ឃុំទាំងអស់ចំពោះការអនុវត្តសិទ្ធិជាសាកលរបស់ពួកគេ និងចំពោះការទាមទារឲ្យដោះលែងលោក Navalny ជាបន្ទាន់និងគ្មានលក្ខខណ្ឌ»។
លោក Price បានបន្ថែមថា សហរដ្ឋអាមេរិកជំរុញឲ្យប្រទេសរុស្ស៊ី «សហការពេញលេញជាមួយនឹងការស៊ើបអង្កេតរបស់សហគមន៍អន្តរជាតិលើករណីបំពុល» អ្នករិះគន់រដ្ឋាភិបាលរុស្ស៊ីរូបនេះ និង«ពន្យល់ឲ្យបានច្បាស់អំពីការប្រើប្រាស់អាវុធគីមីនៅលើទឹកដីរបស់ខ្លួន»៕