ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានលើកឡើងកាលពីថ្ងៃច័ន្ទមិ្សលមិញថា ខ្លួនមានសេចក្ដីអំពល់ជាខ្លាំងចំពោះការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសរុស្សីលោក Alexei Navalny និងបានអំពាវនាវឲ្យមានការដោះលែងលោកជាបន្ទាន់។
នៅក្នុងសារបង្ហោះលើ Twitter ការិយាល័យរបស់អ្នកស្រី Michelle Bachelet ដែលជាឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបញ្ជាក់សារជាថ្មីឲ្យមានការស៊ើបអង្កេតមិនលម្អៀងមួយលើករណីបំពុលលោក Navalny កាលពីខែសីហាឆ្នាំមុន ដោយអ្វីដែលអ្នកជំនាញបស្ចិមប្រទេសនានាបានសន្និដ្ឋានថា ជាថ្នាំបំពុលដែលមានសារធាតុគីមី Novichok។
សារនៅលើ Twitter នោះសរសេរដូច្នេះថា៖ «យើងមានសេចក្ដីអំពល់ជាខ្លាំងចំពោះការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងរុស្សីលោក Alexei Navalny និងស្នើឲ្យមានការដោះលែងរូបលោកជាបន្ទាន់ និងសូមឲ្យមានការគោរពនូវសិទ្ធិរបស់លោកស្របតាមនីតិរដ្ឋ។ យើងបញ្ជាក់ជាថ្មីម្តងទៀតឲ្យមានការស៊ើបអង្កេតដោយមិនលម្អៀងនិងហ្មត់ចត់លើករណីដាក់ថ្នាំបំពុលរូបលោកនេះ»។
លោក Navalny អាយុ ៤៤ ឆ្នាំ គឺជាអ្នកប្រឆាំងលេចមុខខ្លាំងបំផុតចំពោះប្រធានាធិបតីរុស្សីលោក Vladimir Putin។ លោកត្រូវបានគេចាប់ខ្លួននៅអាកាសយានដ្ឋានមួយកន្លែងក្នុងទីក្រុងម៉ូស្គូ បន្ទាប់ពីលោកបានវិលត្រឡប់មកពីប្រទេសអាល្លឺម៉ង់វិញ ក្រោយពីបានជាសះស្បើយពីការដាក់ថ្នាំបំពុលនោះមក៕