ពួកអាជ្ញាធររុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថាទីក្រុងមូស្គូ បានរងការវាយដោយដ្រូនដ៏ធំបង្អស់មួយមិនធ្លាប់មានចាប់តាំងពីការចាប់ផ្តើមការប្រយុទ្ធនៅឆ្នាំ២០២២មក ហើយថាខ្លួនបានកម្ទេចដ្រូននោះទាំងអស់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
រុស្ស៊ីបានកម្ទេចដ្រូនអ៊ុយក្រែន៤៥គ្រឿងក្នុងរយៈពេលមួយយប់។ នេះបើតាមការ បញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាដ្រូន១១គ្រឿងបានត្រូវកម្ទេចនៅពីលើតំបន់ក្រុងមូស្គូ ២៣គ្រឿងនៅពីលើតំបន់ Bryansk ៦គ្រឿងនៅលើតំបន់ Belgorod ៣គ្រឿងនៅលើតំបន់ Kaluga និង២គ្រឿងនៅពីលើតំបន់ Kursk។
បណ្តាញព័ត៌មានសង្គមរុស្ស៊ីខ្លះបានចែករំលែកវីដេអូអំពីដ្រូនដែលទំនងត្រូវបានកម្ទេចដោយប្រព័ន្ធការពារដែនអាកាសដែលបន្ទាប់មកបានធ្វើឱ្យប្រព័ន្ធការពាររថយន្តរោទិ៍។
លោកAlexander Bogomaz អភិបាលតំបន់ Bryansk បាននិយាយថាមាន«ការវាយប្រហារដ៏ធំមួយ»លើតំបន់របស់លោក ក៏ប៉ុន្តែ គឺថាដ្រូនចំនួន២៣គ្រឿងត្រូវបានកម្ទេច។
ការវាយប្រហាររបស់ដ្រូនកើតមានឡើងនៅពេលដែលកងទ័ពអ៊ុយក្រែនកំពុងបន្តរុញចូលក្នុងតំបន់ Kurskភាគខាងលិចប្រទេសរុស្ស៊ី។
វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលជាអង្គការស្រាវជ្រាវមួយមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនកាលពីយប់ថ្ងៃអង្គារថាអ៊ុយក្រែនបានធ្វើឱ្យមានការជឿនលឿនបន្ថែមនៅក្នុងការរុលទៅមុខរបស់ខ្លួន ឥឡូវនេះ ស្ថិតនៅក្នុងសប្តាហ៍ទី៣របស់ខ្លួន។ វិទ្យាស្ថាននោះបានកត់សម្គាល់ថាកងទ័ពអ៊ុយក្រែនទំនងជាវាយប្រហារស្ពានអណ្តែតទឹកនិងឧបករណ៍វិស្វកម្មអណ្តែតទឹករបស់រុស្ស៊ីនៅទន្លេ Seym នៅក្នុងតំបន់ Kursk ភាគខាងលិច៕