ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា​អ៊ុយក្រែន«រុលកាន់​តែ​ជ្រៅ»ចូល​ក្នុងតំបន់ Kursk របស់​រុស្ស៊ី


រូបឯកសារ៖ លោកប្រធានាធិបតី​ Zelenskiy និយាយ​ទូរសព្ទ​នៅទីក្រុងកៀវ​ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​២៦ មេសា ឆ្នាំ២០២៣។
រូបឯកសារ៖ លោកប្រធានាធិបតី​ Zelenskiy និយាយ​ទូរសព្ទ​នៅទីក្រុងកៀវ​ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​២៦ មេសា ឆ្នាំ២០២៣។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​កងទ័ព​របស់​ប្រទេស​លោក​បាន«រុលកាន់តែ​ជ្រៅ»ចូលក្នុង​តំបន់ Kurskនៃ​ប្រទេស​រុស្ស៊ី​ហើយ​បាន​អះអាង​ថា​ទាហាន​រុស្ស៊ី​រាប់រយ​នាក់​បាន​ត្រូវ​ចាប់​ខ្លួន​ឬចុះចាញ់។

នៅ​ក្នុង​ការវាយ​ប្រហា​ដ៏​ធំ​បំផុត​មួយ​ដោយ​កងទ័ព​បរទេស​លើ​ទឹកដី​រុស្ស៊ី​ចាប់តាំងពី​សង្គ្រាម​លោក​លើកទី២មក រដ្ឋាភិបាល​ក្រុង​កៀវ​បាន​និយាយ​ថា​ខ្លួន​បាន​ត្រួតត្រា​កន្លែង​តាំង​ទីនៅ​ចំនួន៧៤កន្លែង​នៅ​ក្នុង​តំបន់​ភាគនារតី​នៃ​ប្រទេស​រុស្ស៊ី។ ក្នុង​ព្រឹត្តិការ​ណ៍​ដាច់ដោយ​ឡែក អ៊ុយក្រែន​បាន​ដៅលើ​ចំណត​យន្តហោះ​រុស្ស៊ី៤​កាលពី​ពេល​យប់​ដោយ​ប្រើ​ដ្រូន​នៅ​ក្នុង«ការវាយ​ប្រហារ​ដ៏​ធំ​បង្អស់​មួយ»របស់​ខ្លួន​ចាប់តាំង​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ឈ្លានពាន​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​កាលពី២ឆ្នាំ​កន្លះ​មុន។

នៅពេល​ដែល​ការវាយ​ប្រហារ​តំបន់ Kursk បាន​ចូល​ក្នុង​សប្តាហ៍​ទី២មក លោក​ប្រធា នាធិបតី Zelensky បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ថា«យើង​កំពុង​រំកិល​ទៅ​មុខ​ទៀត។ ចាប់ពី​១គីឡូម៉ែត្រ​ទៅ២គីឡូម៉ែត្រ​នៅ​ក្នុង​តំបន់​ផ្សេងៗគ្នា​ចាប់តាំង​ពី​ការចាប់ ផ្តើម​នៅ​ថ្ងៃ​នោះ​មក»។

ក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​កាលពី​រសៀល​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី Zelenskyy បាន​និយាយ​ថា«ទាហាន​រុស្ស៊ី​រាប់​រយ​នាក់​បាន​ចុះចាញ់​រួចហើយ។ ហើយ​ពួកគេ​ទាំង​អស់​នឹង​ទទួល​បាន​ការយកចិត្ត​ទុកដាក់​ផ្នែក​មនុស្សធម៌ ពួកគេ​មិន​បានជួប​ប្រទះ​ការព្យាបាទ​ដូចដែល​ពួកគេ​ជា​ទាហាន​រុស្ស៊ី​នោះ​ទេ»។ រដ្ឋាភិបាល​ក្រុង​មូស្គូ​មិន​បាន​អត្ថាធិប្បាយ​ស្តីពី​សេចក្តីរាយការណ៍​ពី​ការចុះចាញ់​របស់​ទាហាន​រុស្ស៊ី​នោះ​ទេ។

ពួក​អាជ្ញាធរ​រុស្ស៊ី​បាន​ទទួល​ស្គាល់​ថា​អ៊ុយក្រែនបាន​កើនឡើង​នូវ​ការត្រួតត្រា​នៅ​ក្នុង​តំបន់ ក៏ប៉ុន្តែ​បាន​និយាយ​ទៀត​ថា​ពួកគេ​បាន​វាយរុញច្រាន​ការខំប្រឹងប្រែង​ដោយ​កងទ័ព​អ៊ុយក្រែន​ដើម្បី​រុញចូល​កាន់តែ​ជ្រៅ​ក្នុង​តំបន់​នោះ៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFPនិង Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG