ក្រុមមន្ត្រីប្រទេសម៉ារ៉ុកនិយាយថា ពួកគេបានចាប់ខ្លួនពលរដ្ឋបែលហ្ស៊ិកម្នាក់ជាប់សង្ស័យថាមានចំណងទាក់ទងជាមួយក្រុមអ្នកធ្វើការវាយប្រហារដែលបានសម្លាប់មនុស្ស១៣០នាក់នៅក្នុងទីក្រុងប៉ារីសកាលពីខែវិច្ឆិកា។
ក្រសួងមហាផ្ទៃនៃប្រទេសម៉ារ៉ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទនៅជិតក្រុង Casablanca ហើយមាន«ចំណងទាក់ទងដោយផ្ទាល់ជាមួយជនខ្លះ» ក្នុងចំណោមអ្នកធ្វើការវាយប្រហារ។
ក្រុមរដ្ឋឥស្លាមបានអះអាងទាមទារការទទួលខុសត្រូវដល់ការបំផ្ទុះគ្រាប់បែកនិងការបាញ់កាំភ្លើងដែលមានការសម្របសម្រួលកាលពីថ្ងៃទី១៣ខែវិច្ឆិកា ដែលបានបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិតនៅឯកន្លែងមួយចំនួនក្នុងក្រុងប៉ារីស។
ក្រុមមន្ត្រីសន្តិសុខបារាំងនិងបែលហ្ស៊ិកបានតាមដានក្រុមអ្នកធ្វើការវាយប្រហារខ្លះដល់ក្រុងប៉ារីសនិងក្រុងព្រុចសែល។
យ៉ាងហោចណាស់មានជនជាប់សង្ស័យពីរនាក់មានការទាក់ទិននឹងការវាយប្រហារទាំងនេះគឺឈ្មោះ Salah Abdelslam និងឈ្មោះ Mohamed Abrini នៅរត់គេចខ្លួននៅឡើយ។ ក្រុមអ្នកវាយប្រហារ៩នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនិងនៅក្នុងកិច្ចប្រតិបត្តិការសន្តិសុខនៅពេលបន្ទាប់មកទៀត។
ឈ្មោះ Abdelslam បានកើតនៅក្នុងប្រទេសបែលហ្ស៊ិក ហើយមានជាប់ខ្សែស្រឡាយជាតិម៉ារ៉ុកនិងបារាំង។ អាជ្ញាធរម៉ារ៉ុកបានចេញដីកាចាប់ខ្លួនគាត់កាលពីខែធ្នូ។ រូបតាម camera សន្តិសុខរបស់ប៉ូលិសបារាំងបង្ហាញឱ្យឃើញឈ្មោះ Abrini នៅឯកន្លែងចាក់សាំងមួយជាមួយឈ្មោះ Salah Abdeslam ពីរថ្ងៃមុនមានការវាយប្រហារទាំងនោះ ដោយបើកឡានដែលត្រូវបានយកមកប្រើនៅពេលបន្ទាប់ដោយក្រុមអ្នកធ្វើការវាយប្រហារ៕