កាលពីថ្ងៃសុក្រ ក្រុមប៉ូលិសបែលហ្ស៊ិកបានប្រាប់ឱ្យដឹងថា ពួកគេបានរកឃើញស្នាមម្រាមដៃនៃជនជាប់សង្ស័យម្នាក់ដែលបានរត់គេចខ្លួននៅក្នុងការវាយប្រហារនៅក្នុងក្រុងប៉ារីស នៅក្នុងការឆែកឆេរមួយនៅក្នុងផ្ទះមួយនៅក្នុងក្រុង ព្រុចសែល។
ការិយាល័យព្រះរាជអាជ្ញាសហព័ន្ធនៃប្រទេសបែលហ្ស៊ិក បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញស្នាមម្រាមដៃរបស់ឈ្មោះ Salah Abdeslam និងខ្សែក្រវាត់បីធ្វើដោយដៃដែលអាចត្រូវប្រើប្រាស់សម្រាប់ដាក់គ្រឿងផ្ទុះនៅក្នុងការឆែកឆេរមួយដែលបានធ្វើកាលពីខែមុន។ ពួកគេក៏បានរកឃើញស្នាមគ្រឿងផ្ទុះនៅខាងក្នុងផ្ទះនោះដែរ។
អ្នកនាំពាក្យមា្នក់នៃការិយាល័យព្រះរាជអាជ្ញាបាននិយាយថា ពួកគេមិនបានដឹងច្បាស់លាស់ទេថាតើនៅពេលណាឈ្មោះ Abdeslam បានទៅផ្ទះនោះទេ ហើយក៏មិនបានពន្យល់ដែរថាហេតុដូចម្តេចបានជាក្រុមមន្ត្រីរង់ចាំរហូតដល់មួយខែដើម្បីប្រកាសអំពីការរកឃើញនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់ព្រះរាជអាជ្ញាបាននិយាយថា ផ្ទះនោះដែលបានត្រូវឆែកឆេរកាលពីថ្ងៃទី១០ខែធ្នូត្រូវបានជួលដោយជនដែលប្រើអត្តសញ្ញាណក្លែងបន្លំហើយប្រហែលត្រូវបានប្រើប្រាស់ដោយជនម្នាក់ក្នុងបណ្តាមនុស្ស១០នាក់ដែលត្រូវបានចាប់ខ្លួនក្នុងប្រទេសបែលហ្ស៊ិក ដោយមានទាក់ទិនជាមួយការវាយប្រហារនៅក្នុងក្រុងប៉ារីស។ ក្រុមព្រះរាជអាជ្ញាបាននិយាយថា Abdeslam ប្រហែលលាក់ខ្លួននៅក្នុងផ្ទះនេះនៅក្រោយការវាយប្រហារ ឬមួយផ្ទះនេះត្រូវបានប្រើប្រាស់ជាកន្លែងមួយសម្រាប់ផលិតគ្រឿងផ្ទុះ៕