ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​សង្ស័យ​ទី៩​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​បែលហ្ស៊ិក


កងកម្លាំង​ពិសេស​របស់​បែលហ្ស៊ិក​ដើរ​ល្បាត​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ពេល​វាយ​ឆ្មក់​របស់​ប៉ូលិស​មួយ​នៅ​កណ្តាល​ក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។

ព្រះ​អាជ្ញា​សហព័ន្ធ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាជ្ញាធរ​បែលហ្ស៊ិក​បាន​ចោទ​ប្រកាន់​ជនសង្ស័យ​ទី​៩​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទី​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា។

សេចក្ដី​ប្រកាស​នោះ​បាន​បញ្ជាក់​ថា ជន​សង្ស័យ​នោះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ឈ្មោះ Abdoullah ដើម​កំណើត​បែលហ្ស៊ិក​ កើត​នៅ​ឆ្នាំ​១៩៨៥ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋធានី​ព្រុចសែល (Brussels) ពី​បទ​ចោទ​ឧក្រិដ្ឋកម្ម​ភេរវកម្ម​ និង​ចូលរួមក្នុង​សកម្មភាព​នានា​របស់​ក្រុម​ភេរវកម្ម​មួយ​ក្រុម។ ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​ដើម្បី​ចៀសវាង​ការ​ផ្តល់​ដំណឹង​ដល់​ជន​ឃុបឃិត​ដ​ទៃ​ទៀត។ ​

សេចក្ដី​ប្រកាស​នោះ​ក៏​បាន​បញ្ជាក់​ថា Abdoullah ត្រូវ​បាន​សង្ស័យ​ថា​បាន​ទាក់​ទង​ជាមួយ​នឹង​បងប្អូន​ជីដូន​មួយ​របស់​ជន​ដែល​សង្ស័យ​ថា​ជាមេខ្លោង​នៃ​ការវាយប្រហារ​ឈ្មោះ Abdelhamid Abaaoud ចំនួន​២ ឬ៣​ដង​តាម​រយៈ​ទូរស័ព្ទ។ Abaaoud និង​បង​ប្អូន​ជីដូន​មួយ​របស់​គេ ដែល​មាន​ឈ្មោះ​ថា Hasna Ait Boulahcen ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយឆ្មក់​របស់​ប៉ូលិស​នៅ​ក្នុង​តំបន់ Saint Denis​ ប្រទេស​បារាំង ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​វាយប្រហារ​នោះ។​

ប៉ូលិស​ក្នុង​ប្រទេស​បែលហ្ស៊ិក​បាន​ឃុំ​ខ្លួន​មនុស្ស​ចំនួន​៥​នាក់​ ដោយ​រួម​មាន​ទាំង​បង​ប្អូន​ប្រុស​ចំនួន​២​នាក់​ ក្នុង​អំឡុង​ពេល​នៃ​ការ​វាយឆ្មក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស។ អាជ្ញាធរ​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​របស់​ជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​ពួកគេ​មិន​បាន​រក​ឃើញ​គ្រឿង​ផ្ទុះ ​ឬ​សព្វាវុធ​អ្វី​នៅ​ក្នុង​ការ​វាយឆ្មក់​របស់​ប៉ូលិស​នោះ​ឡើយ៕

XS
SM
MD
LG