បណ្តាញ​ទូរទស្សន៍​ចិន​ CCTV៖ មាន​ប្រទេស​ច្រើន​ឡើង​គាំទ្រ​ការអនុវត្ត​ច្បាប់​សន្តិសុខ​ចិន​នៅ​ក្រុង​ហុងកុង

  • ពិន ស៊ីសុវណ្ណ​

រូបឯកសារ៖ រថយន្ត​តាក់ស៊ី​បើក​កាត់​បដា​ធំ​មួយ​ដែល​មាន​សំណេរ​ថា ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង នៅ​ក្នុង​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ទន់​ខ្សោយ​ច្រើន​ឡើងៗ​គាំទ្រ​ការអនុវត្ត​ច្បាប់​សន្តិសុខ​ចិន​នៅ​ក្រុង​ហុងកុង ដែល​ក្នុងនោះ​មាន​ប្រទេស​កម្ពុជា ដែល​ស្និទ្ធ​នឹង​ប្រទេស​ចិន​បំផុត​ផងដែរ។

នៅ​ក្នុង​សម័យ​ប្រជុំ​លើកទី​៤៤ ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​ កាលពីថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​កាលពី​សប្តាហ៍​មុន ​មាន​ប្រទេស​ជាង​២០​ ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ គាំទ្រ​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ចិន​នៅ​ក្រុង​ហុងកុង​ ដែល​ជា​តំបន់​រដ្ឋបាល​ពិសេស។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​បណ្តាញ​ទូរទស្សន៍​ចិន​CCTV ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ បាន​ផ្សាយ​បន្ត​ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា ​មិន​មែន​ជា​ខ្លឹម​សារ​ព័ត៌មាន​របស់ ​Reuters ទេ។

បណ្តាញ​ទូរទស្សន៍​ចិន ​CCTV ​ឲ្យ​ដឹង​ថា ចំនួន​ប្រទេស​គាំទ្រ​ការ​អនុម័ត​ច្បាប់​នេះ​កើន​ពី​៥០ ​ប្រទេស ​កាលពី​ថ្ងៃអង្គារ​ ឡើង​ដល់​៧០​ប្រទេស។​

អ្នក​តំណាង​ប្រទេស​កម្ពុជា​ និង​ភូមា​ បង្ហាញ​ការ​យល់​ព្រម​ថា​ សិទ្ធិ​ស្តីពី​ច្បាប់​សន្តិសុខជាតិ​នេះ​ គឺ​ជាសិទ្ធិ​អធិប​តេយ្យ​របស់​ប្រទេស​មួយ​ ហើយ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ចិនអនុវត្ត​សម្រាប់ក្រុង​ហុងកុង ​គឺ​ដើម្បី​ការពារ​សន្តិសុខជាតិ​ និង​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។ ពួក​គេ​សង្ឃឹម​ថា​ ច្បាប់​នេះ​ នឹង​បន្ត​រក្សា​សន្តិភាព​ស្ថិរភាព​ ភាព​សុខដុមរមនា​ និង​ភាព​រុងរឿង​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ។

ក្រៅពី​កម្ពុជា​និង​ភូមា​ ប្រទេស​ដែល​គាំទ្រ​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ចិន​នៅ​ហុងកុង​មាន​ដូច​ជា ​ប៊ូរុនឌី, កូរ៉េខាងជើង​, វ៉េណេស៊ុយអេឡា, កាមេរូន, ស៊ែប៊ី, អាមេនី, ឆាដ, អេត្យូពី, កូតឌីវ័រ និង​ម៉ាដាហ្គាស្កា​ ​ដែល​សុទ្ធតែ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ទន់​ខ្សោយ។

សម័យ​ប្រជុំ​លើកទី​៤៤ ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​នឹង​បន្ត​ដល់​ថ្ងៃ​ទី១៧​កក្កដា៕