ក្រុមអាជ្ញាធរប៉ូលិសរុស្ស៉ីចាប់ឃុំខ្លួនបាតុករជាង៦០០នាក់កាលពីថ្ងៃសៅរ៍នៅកន្លែងធ្វើបាតុកម្មក្នុងទីក្រុងមូស្គូ ដែលធ្វើការតវ៉ាប្រឆាំងនឹងការបោះឆ្នោត ដែលគ្មានយុត្តិធម៌ត្រឹមត្រូវ។ នេះជាការបញ្ជាក់របស់ក្រុមអ្នកឃ្លាំមើល។
ក្រុមអង្គការសង្គមស៊ីវិល OVD-Info ដែលឃ្លាំមើលការចាប់ខ្លួនបាននិយាយថា មានមនុស្ស៦៨៥នាក់ត្រូវចាប់ខ្លួននៅតាមមហាវិថីក្នុងកណ្តាលទីក្រុង ជាកន្លែងដែលក្រុមមន្ត្រីរុស្ស៉ីនិយាយថា មិនអាចអនុញាតឲ្យមានការធ្វើបាតុកម្មពីក្រុមប្រឆាំងនោះទេ។
សកម្មជនល្បីឈ្មោះម្នាក់គឺលោក Lyubov Sobol ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវចាប់ឃុំខ្លួន ដែលរួមមានទាំងអ្នកកាសែត៦នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មានបារាំង។ ប៉ូលិសបានចាប់លោក Sobol ចេញពីរថយន្តតាក់ស៊ីនៅមួយនាទីមុនពេលដែលក្រុមអ្នកតវ៉ាចាប់ផ្តើមបាតុកម្មរបស់គេ។
ក្រុមសកម្មជនបានអំពាវនាវឲ្យមានបាតុកម្មប្រឆាំងនៅក្រោយពេលដែលបេក្ខជន ក្រុមជំទាស់មួយចំនួនត្រូវគេហាមឃាត់មិនឲ្យចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារដ្ឋធានីមូស្គូ ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា។ តែក្រុមអាជ្ញាធរវិញបានអះអាងថា ក្រុមបេក្ខជនទាំងនោះខកខានក្នុងការប្រមូលស្នាមមេដៃបញ្ជាក់ ដើម្បីចុះឈ្មោះក្នុងការបោះឆ្នោត ដែលនេះជាការផ្តល់មេរៀនសម្រាប់ការបោះឆ្នោតជាតិជ្រើសរើសសភានៅឆ្នាំ២០២១ ខាងមុខ៕