លោក​ Modi ​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ឥណ្ឌា​​

រូបឯកសារ៖ ប្រធានាធិបតី​ឥណ្ឌា Narendra Modi ទស្សកិច្ច​ព្រះវិហារ Radha Krishna ក្នុង​ទីក្រុង​លីសបោន ប្រទេស​ព័រទុយហ្កាល់។ លោក​នឹង​ធ្វើ​ទស្សនកិច្ច​៣​ថ្ងៃ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ចាប់​ពី​ថ្ងៃទី​២៥ ខែ​មិថុនា។

គេរំពឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​Narendra Modi ​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ឥណ្ឌា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​នៅ​តំបន់​ជុំវិញ​នោះ នៅ​ថ្ងៃ​អាទិត្យ​នេះ​ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​លោក​ទៅ​កាន់​សហរដ្ឋអាមេរិក ក្រោម​រដ្ឋបាល​របស់​លោក ត្រាំ។ ​

ព្រឹត្តិការណ៍​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់ Tysons Corner Ritz-Carlton នៅ​ប៉ែក​ខាង​ជើង​រដ្ឋ Virginia។ មិន​ដូច​ពិធី​ដ៏​ល្បី​សម្រាប់​ទទួល​លោក ​Modi ​កាល​ពី​ឆ្នាំ​២០១៤ ​នៅ​ឯ ​Madison Square Garden​ ក្នុង​ទីក្រុង​ញូវយ៉ក​ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​រាប់ម៉ឺន​នាក់​ទេ​ ពិធី​នៅ​ថ្ងៃ​អាទិត្យ​នេះ ​គឺ​សម្រាប់​តែ​ភ្ញៀវ​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​តែ​ប៉ុណ្ណោះ។

ជនជាតិ​ឥណ្ឌា​និង​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​ឥណ្ឌា​រាប់​សិប​នាក់​បាន​រង់ចាំ​នៅ​ឯ​មូលដ្ឋាន​ទ័ព ​Joint Base Andrews ​ដើម្បី​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ​Modi ​ខណៈ​ដែល​លោក​បាន​ចុះ​ពី​យន្តហោះ​នៅ​យប់​ថ្ងៃ​សៅរ៍​ ក្បែរ​រដ្ឋធានី​របស់​អាមេរិក។

លោក ​Modi ​នឹង​ជួបជាមួយ​នឹង​លោក​ប្រធានាធិបតី ត្រាំ នៅ​ឯ​សេតវិមាន​នៅ​ថ្ងៃ​ច័ន្ទ ដើម្បី​ពិភាក្សា​ដោយ​ផ្ទាល់​រវាង​មេដឹកនាំ​ទាំង​ពីរ។ នៅ​មុន​ពេល​កិច្ចប្រជុំ​នេះ លោក ត្រាំ បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម ​Twiter ​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក​ទន្ទឹង​រង់ចាំ​ការ​ពិភាក្សា​ទៅ​លើ​បញ្ហា​យុទ្ធសាស្ត្រ​នានា​ជាមួយ​នឹង​«មិត្ត​ពិត​ប្រាកដ‍​ម្នាក់»។

រដ្ឋាភិបាល​ទាំង​២​កំពុង​ធ្វើ​ការ​ជា​មួយ​គ្នា​លើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ​ហើយ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​សេតវិមាន​និយាយ​ថា «យើង​អាច​រំពឹង​រង់ចាំ​មើល​គំនិត​ផ្តួចផ្តើម​ថ្មីៗ​មួយ​ចំនួន​ ទៅ​លើ​កិច្ចសហ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម‍»៕