នៅថ្ងៃសុក្រនេះ លោក Emmerson Mnangagwa បានស្បថសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីថ្មីនៃប្រទេសស៊ីមបាវ៉េ ក្នុងទ្វីបអហ្វ្រិក ដោយបញ្ចប់ការគ្រប់គ្រងផ្តាច់ការ៣៧ឆ្នាំរបស់លោក Robert Mugabe។
កាលពីដើមខែនេះ គឹនៅថ្ងៃទី៥ ខែវិច្ឆិកា លោក Mnangagwa បានត្រូវដកចេញពីតំណែងអនុប្រធានាធិបតីនៃប្រទេសស៊ីមបាវ៉េ នៅពេលមានការប្រជែងសម្រាប់តំណែងប្រធានាធិបតីជាមួយភរិយាលោក Mugabe គឺអ្នកស្រី Grace។
ពីរសប្តាហ៍បន្ទាប់មក អ្នកនយោបាយអាយុ៧៥ឆ្នាំនេះបានស្បថសច្ចាប្រណិធានចូលកាន់តំណែងជាមេដឹកនាំនៃប្រទេសនេះក្នុងផ្នែកខាងត្បូងនៃទ្វីបអាហ្វ្រិក នៅក្នុងកីឡដ្ឋានជាតិមាន៦ម៉ឺនកៅអី នៅក្នុងក្រុងហារ៉េរ៉េ ដែលនៅទីនោះហ្វូងមនុស្សអបអរសាទរលោកនៅក្រោយពិធីស្បថសច្ចាប្រណិធាននោះ។
ដោយមានឈ្មោះក្រៅថា ក្រពើ លោក Mnangawa មានចំណងទាក់ទងជិតស្និទ្ធជាមួយកងទ័ពនៃប្រទេសស៊ីមបាវ៉េ។ នៅក្នុងចំណោមការសាកល្បងជាច្រើនដែលលោកប្រឈមមានការកសាងសេដ្ឋកិច្ចប្រទេសជាថ្មី។ សេដ្ឋកិច្ចនៃប្រទេស
ស៊ីមបាវ៉េ មានបញ្ហាធ្ងន់ធ្ងរខ្លាំងដោយសារការគ្រប់គ្រងជិតបួនទសវត្សរ៍របស់លោក Mugabe។
លោកអតីតប្រធានាធិបតី Mugabe និងប្រពន្ធលោកគឺអ្នកស្រី Grace Mugabe បានទទួលអភ័យឯកសិទ្ធិពីការយកមកកាត់ទោស។
កងយោធាបានកាន់កាប់ស្ថាប័នរដ្ឋនៅក្រោយលោក Mugabe ដែលមានអាយុ៩៣ឆ្នាំបានដកលោក Mnangawa ពីតំណែងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ហើយមានការយល់ឃើញថា លោក Mugabe នឹងតែងតាំងប្រពន្ធលោកអាយុ៥២ឆ្នាំឱ្យកាន់តំណែងប្រធានាធិបតី។
ក្រុមការពារសិទ្ធិមនុស្សបានចោទប្រកាន់លោក Mugabe ថាបានគៃបន្លំសន្លឹកឆ្នោត បានអនុញ្ញាតឱ្យមានអំពើពុករលួយរាលដាល និងត្រូវទទួលខុសត្រូវដល់ការធ្វើទារុណកម្ម និងការសម្លាប់ពួកអ្នកប្រឆាំងខាងនយោបាយរាប់ពាន់នាក់នៅក្នុងការគ្រប់គ្រងប្រទេសដ៏យូររបស់លោក។
លោករដ្ឋមន្ត្រីការបរទេសស.រ.អ. Rex Tillerson បានសុំដល់ពួកមេដឹកនាំថ្មីនៃប្រទេសស៊ីមបាវ៉េ ឱ្យមានការប្រាកដប្រជាថា ប្រទេសនេះរៀបចំការបោះឆ្នោតដោយសេរី និងប្រកបដោយយុត្តិធម៌៕