សន្និសីទអន្តរជាតិមួយដែលបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែមីនា នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានអង្គាសបានប្រាក់ចំនួន ៤ លាន ៩ សែនដុល្លារអាមេរិកដើម្បីគាំទ្រដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅក្នុងការស៊ើបអង្កេតលើការចោទប្រកាន់អំពីឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងគាំទ្រដល់កិច្ចការរបស់តុលាការនេះនៅក្នុងការធ្វើឱ្យប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ដែលយោងលើការបញ្ជាក់របស់មន្ត្រីនានា។
បណ្ដារដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកពីប្រទេសជាង ៤០ បានចូលរួមនៅក្នុងសន្និសីទអន្តរជាតិស្ដីពីឧក្រិដ្ឋកម្មសង្គ្រាមនេះ ក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីតុលាការ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយបានចោទប្រកាន់លោកថាបានទទួលខុសត្រូវដោយផ្ទាល់លើការចាប់ពង្រត់កុមារពីប្រទេសអ៊ុយក្រែន។ ដីកាដែលតុលាការ ICC បានចេញកាលពីថ្ងៃទី ១៧ ខែមីនានេះគឺជាលើកដំបូងបង្អស់ដែលតុលាការនេះបានចេញដីកាចាប់ខ្លួនមេដឹកនាំនៃប្រទេសមួយដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Dominic Raab ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាឧបនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បាននិយាយនៅពេលលោកបើកសន្និសីទអន្តរជាតិនេះថា៖ «យើងមានជំនឿដូចគ្នាថា លោកប្រធានាធិបតី Putin និងថ្នាក់ដឹកនាំរុស្ស៊ីផ្សេងទៀតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ចូរយើងធ្វើឱ្យប្រាកដថាយើងគាំទ្រពាក្យពេចន៍របស់យើងជាមួយនឹងទង្វើរបស់យើង យើងគាំទ្រការគាំទ្រផ្លូវសីលធម៌របស់យើងជាមួយនឹងមធ្យោបាយដែលអាចប្រតិបត្តិជាក់ស្ដែងដើម្បីស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពលើឧក្រិដ្ឋកម្មឃោរឃៅទាំងនេះ»។
លោក Karim Khan រដ្ឋអាជ្ញានៃតុលាការ ICC បាននិយាយថា ដីកាចាប់ខ្លួនលោក Putin នេះគឺមិនមែនជាពេលវេលាមួយនៃជ័យជម្នះនោះទេ ប៉ុន្តែជា «ពេលវេលាស្រងូតស្រងាត់» ដែលរំឭកពិភពលោកថា វិធានការអន្តរជាតិរួមគ្នាគឺសំខាន់ដើម្បីរកយុត្តិធម៌ជូនប្រទេសអ៊ុយក្រែន។
លោក Khan បានបញ្ជាក់ដូច្នេះថា៖ «នៅក្នុងដំណាក់កាលនៃកិច្ចការពិភពលោកនាពេលបច្ចុប្បន្ននេះ ប្រសិនបើយើងមិនប្រកាន់ខ្ជាប់តាមច្បាប់ទេ ប្រសិនបើយើងមិនមើលលើខ្លួនយើងនិងសួរថាតើយើងអាចធ្វើឱ្យបានប្រសើរជាងនេះតាមរបៀបណានោះទេ...យើងនឹងមិនត្រឹមតែបាត់បង់ឱកាសមួយប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងប្រហែលជានឹងមិនមានឱកាសបន្ថែមទៀតផងដែរ»។
សន្និសីទនេះបានអង្គាសប្រាក់បានថែមទៀតសម្រាប់តុលាការ ICC ក៏ដូចជាទទួលបាននូវការផ្ដល់ជូនផ្សេងៗពីបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបនូវធនធាននានា ដែលក្នុងនោះរួមមានទាំងការការគាំទ្រលើការស៊ើបអង្កេតនិងជំនាញផ្នែកកោសល្យវិច័យផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក Raab។
លោក Andriy Kostin អគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា ការចាប់ពង្រត់និងការបញ្ជូនកុមារអ៊ុយក្រែនរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ីដើម្បីចិញ្ចឹមបីបាច់ដូចជនជាតិរុស្ស៊ីគឺជាផ្នែកមួយនៃ «ផែនការជាក់ច្បាស់» របស់រុស្ស៊ីនៅក្នុងការ «បំផ្លាញប្រទេសអ៊ុយក្រែននិងអត្តសញ្ញាណរបស់អ៊ុយក្រែន»។
ទោះបីជាការផ្ដោតរបស់សន្និសីទនេះលើការគាំទ្រកិច្ចការរបស់តុលាការ ICC ក៏ដោយ ក៏លោក Kostin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសំណូមពរផងដែរឱ្យមានការគាំទ្រជាអន្តរជាតិលើការបង្កើតតុលាការអន្តរជាតិពិសេសមួយដើម្បីស៊ើបអង្កេតនិងកាត់ទោសថ្នាក់ដឹកនាំរុស្ស៊ីសម្រាប់ឧក្រិដ្ឋកម្មឈ្លានពានជាទូទៅ។
នៅក្នុងសារជាវីដេអូថតទុកមួយដែលបានចាក់ផ្សាយនៅចុងបញ្ចប់នៃសន្និសីទនេះ លោក Zelenskyy បានប្រាប់អ្នកចូលរួមថា តុលាការថ្មីមួយនឹងបំពេញបន្ថែមដល់តុលាការ ICC នេះ ហើយនឹង «ពង្រឹងយ៉ាងសំខាន់ដល់យុត្តិធម៌អន្តរជាតិ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស —