លោក​ស្រី Michelle Obama ទៅ​កម្ពុជា​ដើម្បី​និយាយ​អំពី​ការ​អប់រំ​របស់​ក្មេង​ស្រី

  • Robert Carmichael

សិស្ស​ស្រី​នៅ​វិទ្យាល័យ​នៅ​ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០១៥ ក្នុង​ខេត្ត​សៀមរាប​គ្រាដែល​លោកស្រី Michelle Obama ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង​ទេសចរណ៍​នេះ។ (ផន បុប្ផា/VOA)

លោក​ស្រី Michelle Obama ភរិយា​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​សុក្រ​ ដែល​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អាស៊ី​ចំនួន​ពីរ​ដើម្បី​លើក​កម្ពស់​ការ​អប់រំ​របស់​ក្មេង​ស្រី។ លោក​ស្រី​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដែល​ជា​ដៃ​គូ​នៃ​កម្មវិធី​ផ្តួច​ផ្តើម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា ឬ​ហៅ​ថា Let Girls Learn Initiative។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Michelle Obama ទៅ​កាន់​ប្រទេស​កម្ពុជា​គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដំបូង​បង្អស់ ដែល​ភរិយា​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​កំពុង​អភិវឌ្ឍ​ដ៏​តូច​មួយ​នេះ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ លោកស្រី Michelle Obama ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ដោយ​លោក​ស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​ការ​អប់រំ​របស់​សិស្ស​ស្រី ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា ឬ​ហៅ​ថា Let Girls Learn Initiative ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សេតវិមាន។ ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​នៃ​ប្រទេស​ចំនួន១១ ដែល​កំពុង​អនុវត្ត​កម្មវិធី Let Girls Learn ឲ្យ​សិស្ស​ស្រី​បាន​សិក្សា។

ក្នុង​អំឡុង​ទស្សន​កិច្ច​នៅ​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា​រយៈពេល​២​ថ្ងៃ​ លោក​ស្រី Michelle Obama បាន​ជួប​ជាមួយ​សិស្សានុសិស្ស​រៀបរាប់​ពី​សារៈសំខាន់​នៃ​គម្រោង Let Girls Learn នេះ​ដែល​អាច​ជួយ​ពួក​គេ​ទទួល​ការ​អប់រំ​ល្អ។ លោក​ស្រី​នឹង​ថ្លែង​សន្ទុរកថា​ទៅ​កាន់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត Peace Corpsរបស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា។

លោក គីម តារា គឺ​ជា​ប្រធាន​អង្គការ World Education ប្រចាំ​នៅ​កម្ពុជា ដែល​ជា​អង្គការ​មិន​យក​ប្រាក់​កម្រៃ ដោយ​សហការ​ជាមួយ​នឹង​ក្រសួង​អប់រំ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្សានុសិស្ស​បាន​ចូល​រៀន។

លោក តារា បក​ស្រាយ​ថា ក្មេង​ស្រី​នៅ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន។ សាលា​បឋម​សិក្សា​ភាគ​ច្រើន​មាន​ទី​តាំង​នៅ​ក្នុង​ភូមិ​តែ​ម្តង ក៏​ប៉ុន្តែ សាលា​អនុវិទ្យាល័យ​ភាគ​ច្រើន​មាន​ទី​តាំង​ឆ្ងាយ​ពី​ភូមិ ដែល​ចោទ​ជា​បញ្ហា​សុវត្ថិភាព​ដល់​ក្មេង​ស្រី​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សាលារៀន។ ហើយ​បញ្ហា​ដ៏​សំខាន់​មួយ​ទៀត​នោះ គឺ​ការ​ខ្វះ​បង្គន់​អនាម័យ និង​សម្ភារៈ​សម្អាត​នៅ​តាម​សាលារៀន​ជា​ច្រើន​នៅ​តំបន់​ជនបទ។

លោក គីម តារា និយាយ​ថា៖ «‍បើ​សិស្ស​ត្រូវការ​ចូល​បង្គន់​អនាម័យ ពួក​គេ​ត្រូវ​ទៅ​ផ្ទះ ហើយ​នឹង​មិន​ត្រឡប់​មក​សាលា​វិញ​ទេ។ បើ​ករណី​នេះ​កើត​ឡើង​ជា​ប្រចាំ នោះ​សិស្ស​អាច​បាត់​បង់​ការ​ផ្តោត​លើ​ការ​សិក្សា ហើយ​អាច​នឹង​បោះ​បង់​ការ​សិក្សា​ចោល។ ដូច្នេះ គម្រោង​នេះ​ជួយ​ឲ្យ​សាលារៀន​ដៅ​បញ្ហា​ដែល​សិស្ស​ជួប​ប្រទះ»។

ប្រទេស​កម្ពុជា​មាន​កុមារ​ប្រមាណ ២​កណ្តាក់​សញ្ញា​៩លាន​នាក់​កំពុង​រៀន​នៅ​សាលា ដែល​ក្នុង​នោះ​មាន​ជិត​ពាក់​កណ្តាល​ជា​ក្មេង​ស្រី។ កម្មវិធី «Let Girls Learn‍» ឬ «គម្រោង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា» ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ចាប់​ផ្តើម​ក្នុង​ពេល​ថ្មីៗ​នេះ មាន​គោលបំណង​មិន​ត្រឹម​តែ​លុប​បំបាត់​របាំង​នានា​ដែល​រារាំង​ក្មេងស្រី​ប្រមាណ​៦២លាន​នាក់​នៅ​ទូទាំង​ពិភពលោក​មិន​ឲ្យ​បាន​ចូល​សាលារៀន​ប៉ុណ្ណោះ​ទេ បន្ថែម​លើ​នេះ កម្មវិធី​នេះ​ក៏​មាន​បំណង​ជួយ​បង្ការ​មិន​ឲ្យ​ក្មេង​ស្រី​រាប់​លាន​នាក់​ឈប់​រៀន ដោយ​ធ្វើ​ការ​តាម​សហគមន៍។

ផល​ប៉ះពាល់​ចំពោះ​ក្មេង​ស្រី​ជំទង់​មាន​ភាព​ធ្ងន់ធ្ងរ ដោយ​សារ​តែ​ការ​ខាត​បង់​ដែល​កើត​ចេញ​ពី​ការណ៍ ដែល​ក្មេង​ស្រី​ទាំង​នោះ​មិន​បាន​ចូល​រៀន​មាន​កម្រិត​ធ្ងន់ធ្ងរ។ ការ​សិក្សា​នានា​បង្ហាញ​ថា កាល​ណា​ស្រ្តី​ទទួល​បាន​ការ​អប់រំ​កាន់​តែ​ខ្ពស់ ប្រជាពលរដ្ឋ​ក៏​កាន់​តែ​មាន​សុខភាព​ល្អ និង​មាន​ធនធាន​ច្រើន​ជាង​មុន​ដែរ។

លោក គីម តារា ថ្លែង​ថា​ ការ​ផ្តល់​អាហារូបករណ៍​ដល់​ក្មេង​ស្រី​ជា​វិធី​មួយ ដើម្បី​បង្កើន​ឱកាស​ដល់​ក្មេង​ស្រី​ទាំង​នោះ​បាន​សិក្សា​បន្ត។ លោក គីម តារា បន្ថែម​ទៀត​ថា បន្ទុក​ហិរញ្ញវត្ថុ​របស់​គ្រួសារ​ក្រីក្រ​តាម​ជនបទ​ជា​កត្តា​នាំ​ឲ្យ​ក្មេង​ស្រី​ជា​ច្រើន​ឆាប់​បោះបង់​ការ​សិក្សា។

លោក ថា៖ «នៅ​ក្នុង​ប្រពៃណី​ខ្មែរ គេ​ចូល​ចិត្ត​ឲ្យ​ក្មេង​ស្រី​នៅ​ផ្ទះ ជា​ពិសេស​ដើម្បី​ជួយ​មើល​ប្អូនៗ ជា​ជាង​ឲ្យ​ក្មេង​ប្រុស​នៅ​ផ្ទះ‍»។

ថ្វី​បើ​រដ្ឋាភិបាល​កម្ពុជា​ទំនង​ជា​ស្វាគមន៍​ចំពោះ​យោបល់​លោក​ស្រី Michelle Obama អំពី​ការ​អប់រំ​ក្តី រដ្ឋាភិបាល​នេះ​ទំនង​ជា​នឹង​មិន​សាទរ​ចំពោះ​ការ​រាយការណ៍ ដែល​ថា​លោក​ស្រី​នឹង​ថ្លែង​អំពី​បញ្ហា​នយោបាយ និង​សិទ្ធិ​មនុស្ស​នោះ​ទេ។

រឿង​ដែល​ថា​លោកស្រី​នឹង​មាន​គម្រោង​ថ្លែង​អំពី​បញ្ហា​ទាំង​នេះ​ត្រូវ​បាន​បញ្ជាក់​ច្បាស់​នៅក្នុង​អំឡុង​សន្និសីទ​កាសែត​មួយ​នៅ​មុន​ការ​ចាកចេញ​របស់​លោកស្រី​ពី​សហរដ្ឋ​អាមេរិក។

លោក Evan Medeiros ប្រធាន​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា លោក​ស្រី Michelle Obama នឹង​មាន​គម្រោង​ជួប​ជាមួយ​សមាជិក​នៃ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា «ដើម្បី​ពង្រឹង​ទស្សនៈ​របស់​សហរដ្ឋអាមេរិក​អំពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​នយោបាយ​ដែល​បើក​ចំហរ និង​រួម​គ្នា​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​មាន​តួនាទី​ក្នុង​ការ​កិច្ចការ​អភិបាលកិច្ច​ល្អ‍»។

លោក Medeiros ថ្លែង​ថា លោកស្រី Michelle Obama ក៏​មាន​គម្រោង​នឹង​ថ្លែង​ជា​សាធារណៈ​អំពី​ចំណុច​មួយ​ចំនួន​ទៀត ដែល​មាន​សារៈសំខាន់​ចំពោះ​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​រួម​មាន​ការ​ទទួល​សិទ្ធិ​ស្មើ​គ្នា​នៃ​ផល​ប្រយោជន៍​សេដ្ឋកិច្ច។

ដោយ​សារ​តែ​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ចំណុច​នេះ​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​មិន​សប្បាយ​ចិត្ត ទោះ​បី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់ VOA កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​ស្រី​ភរិយា​ប្រធានាធិបតី​អាច​លើក​យក​ប្រធានបទ​ដែល​លោកស្រី​ចូល​ចិត្ត​ណាមួយ​មក​និយាយ​ក៏​បាន។

ក៏​ប៉ុន្តែ​សារៈសំខាន់​របស់​លោកស្រី Obama នឹង​ទាក់ទង​បញ្ហា​ការ​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ការ​រៀន​សូត្រ​របស់​ក្មេង​ស្រី។ លោក គីម តារា ជឿ​ថា សារ​នេះ​នឹង​មាន​សារៈសំខាន់​ខ្លាំង។

លោក តារា បាន​លើក​ឡើង​ថា៖ «‍ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​មក​កាន់​ប្រទេស​កម្ពុជា​គឺជា​សារ​មួយ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់ ជា​ពិសេស​គឺ​លើក​ទឹក​ចិត្ត​ដល់​កេ្មង​ស្រី​ឲ្យ​បាន​ចូល​រៀន ហើយ​ឲ្យ​ក្មេង​ស្រី​កម្ពុជា​ទាំង​អស់​ដឹង​ថា ពួក​គេ​មាន​ឱកាស​ចូល​រៀន​ដូច​ក្មេង​ប្រុស​ដែរ។ ដូច្នេះ ខ្ញុំ​មាន​ការ​ជឿជាក់​យ៉ាង​មុត​មាំ​ថា នេះ​គឺជា​លទ្ធផល​ដ៏​វិជ្ជមាន​មួយ»។

លោក​ស្រី Michelle Obama នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត