ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គមអនឡាញ Facebook បានច្រានចោលអនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ខ្លួនដែលស្នើឱ្យខ្លួនផ្អាកទំព័រ Facebook របស់លោកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទិននឹងការចោទប្រកាន់ដែលថា លោកបានប្រើទំព័រ Facebook របស់ខ្លួនដើម្បីគំរាមកំហែងគូប្រជែង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុន Meta បានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានកំណត់ថា «ការផ្អាកទំព័រ Facebook ណាមួយដែលហួសពីក្របខ័ណ្ឌអនុវត្តជាប្រចាំរបស់យើងគឺមិនស្របជាមួយនឹងគោលការណ៍របស់យើងនោះទេ ដែលក្នុងនោះរួមមានទាំងពិធីការរបស់យើងនៅក្នុងការដាក់កំហិតលើទំព័រ Facebook របស់បុគ្គលសាធារណៈក្នុងអំឡុងពេលមានភាពចលាចលស៊ីវិលផងដែរ»។
ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនេះ ដែលឧបត្ថម្ភថវិកាដោយក្រុមហ៊ុន Meta ប៉ុន្តែធ្វើប្រតិបត្តិការដោយឯករាជ្យ បានផ្ដល់យោបល់កាលពីខែមិថុនា ឱ្យក្រុមហ៊ុន Meta ផ្អាកទំព័រ Facebook របស់លោក ហ៊ុន សែន រយៈពេល ៦ ខែពាក់ព័ន្ធនឹងវីដេអូមួយដែលក្រុមហ៊ុននេះបញ្ជាក់ថាបានរំលោភលើគោលការណ៍ស្ដីពីការគំរាមកំហែងហិង្សា។
នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ក្រុមហ៊ុន Meta បានយល់ព្រមដកចេញនូវវីដេអូនោះ ប៉ុន្តែបានបញ្ជាក់ថា ខ្លួននឹងឆ្លើយតបចំពោះសំណើរបស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនេះដែលស្នើឱ្យផ្អាកទំព័រ Facebook របស់លោក ហ៊ុន សែន បន្ទាប់ពីខ្លួនធ្វើការពិនិត្យឡើងវិញលើរឿងនេះ។
រដ្ឋាភិបាលកម្ពុជាបានហាមឃាត់សមាជិកទាំង២២ នាក់របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនេះមិនឱ្យចូលទឹកដីប្រទេសកម្ពុជា ដោយបានប្រកាសថា សំណើរបស់ក្រុមប្រឹក្សានេះមានលក្ខណៈ «នយោបាយ»។
ករណីរបស់ក្រុមហ៊ុន Meta នេះបានកើតឡើង បន្ទាប់ពីអ្នកប្រើប្រាស់ Facebook ជាច្រើននាក់បានរាយការណ៍ទៅកាន់ក្រុមហ៊ុននេះអំពីវីដេអូមួយកាលពីខែមករាដែលបង្ហាញអំពីលោក ហ៊ុន សែន និយាយថា អ្នកណាដែលចោទគណបក្សប្រជាជនកម្ពុជាថាទិញសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ គួរតែដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ បើមិនដូច្នេះទេត្រូវប្រឈមនឹងការវាយដំពីអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជិត ៤ ទសវត្សរ៍រហូតដល់ពេលដែលលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក បានឡើងកាន់តំណែងជំនួសលោកកាលពីសប្ដាហ៍មុន។ លោកត្រូវបានអង្គការសិទ្ធិមនុស្សនានាចោទប្រកាន់ថាបានប្រើ Facebook ដើម្បីគំរាមកំហែងគូប្រជែងនយោបាយ និងបង្អាក់ដល់ការរិះគន់លើរដ្ឋាភិបាលរបស់លោក ដែលការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោល។
លោក ហ៊ុន សែន នៅតែមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា ហើយបន្ទាប់ពីលោកបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីមក លោកបានសន្យាថានឹងនៅបន្តធ្វើនយោបាយយ៉ាងតិចមួយទសវត្សរ៍ទៀត។
ទំព័រ Facebook របស់លោក ហ៊ុន សែន ដែលលោកបានឈប់ប្រើជាបណ្ដោះអាសន្នក្នុងពេលកន្លងមក មានអ្នកតាមដានចំនួន ១៤ លាននាក់ ដែលជាតួលេខជិតស្នើនឹងចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា។ សារថ្មីៗបានចាប់ផ្ដើមលេចឡើងម្ដងទៀតនៅលើទំព័រ Facebook របស់លោក ដែលចាត់ចែងដោយក្រុមព័ត៌មានរបស់លោក គឺក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលការបោះឆ្នោតដែលគ្មានវត្តមានគណបក្សជំទាស់ចម្បងចូលរួមបានធ្វើឡើងកាលពីខែកក្កដា។
ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួននៅតែប្រកាន់តាមការសម្រេចរបស់ខ្លួន និងបានអំពាវនាវឱ្យក្រុមហ៊ុន Meta «ចាត់វិធានការគ្រប់បែបយ៉ាងទៅតាមសិទ្ធិអំណាចរបស់ខ្លួនដើម្បីរារាំងបុគ្គលសាធារណៈរូបណាដែលកេងប្រយោជន៍ពីបណ្ដាញសង្គមអនឡាញរបស់ខ្លួននៅក្នុងការញុះញង់ឱ្យមានអំពើហិង្សា»។
ក្រុមប្រឹក្សាភិបាលនេះបានលើកឡើងដូច្នេះថា៖ «ការបោះឆ្នោតគឺជាផ្នែកដ៏សំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យ ហើយក្រុមហ៊ុនបណ្ដាញសង្គមអនឡាញនានាត្រូវតែធានាថាបណ្ដាញសង្គមរបស់ខ្លួនមិនត្រូវបានប្រើក្នុងវិធីមិនត្រឹមត្រូវដែលគំរាមប៉ះពាល់ដល់ការបោះឆ្នោតទាំងនោះ»។
នៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃអង្គារ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ «បានអបអរសាទរ» ក្រុមហ៊ុន Facebook សម្រាប់ការសម្រេចរបស់ក្រុមហ៊ុននេះ និងបានបញ្ជាក់ជាថ្មីថាក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta នៅតែមិនត្រូវបានស្វាគមន៍នៅក្នុងទឹកដីកម្ពុជា។
ក្រសួងនេះបានបញ្ជាក់ក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា៖ «[ពួកគេ] បានផ្ដល់អនុសាសន៍ដ៏អាក្រក់ មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»៕