អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នៅគ្រាក្លឹបអ្នកកាសែតកម្ពុជា(Club of Cambodian JournalistsឬCCJ) បានបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីសិក្សាស្រាវជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងទៀត មុនឈានទៅបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន។
ក្រុមប្រឹក្សាក្រមសីលធម៌មួយនេះមានតួនាទីក្នុងការតម្រង់ទិស ដាក់ពិន័យ និងកែលម្អអ្នកសារព័ត៌មានឱ្យបំពេញការងារតាមវិជ្ជាជីវៈ ចៀសវាងការរិះគន់ពីមហាជន។ ប៉ុន្តែអ្នកជំនាញចង់ឃើញក្រុមប្រឹក្សាមួយនេះអាចបំពេញការងារបានដោយឯករាជ្យ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ដែលមានសមាជិកជាអ្នកសារព័ត៌មានផងដែរនោះ បានលើកឡើងថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌នេះត្រូវតែមានការជជែកគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបន្ថែមថា អ្នកពាក់ព័ន្ធក៏ត្រូវពិនិត្យមើលអំពីសមាសភាព និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រមសីលធម៌មួយនេះឱ្យបានដិតដល់ផងដែរ។
លោកថ្លែងថា៖ «អ្វីដែលយើងចង់ឱ្យគ្រប់ភាគីពាក់ព័ន្ធពិនិត្យ និងរៀបចំបង្កើតក្រុមប្រឹក្សាហ្នឹងគឺ [ទីមួយ] រឿងទាក់ទងជាមួយនឹងសមត្ថភាព លទ្ធភាពរបស់ក្រុមប្រឹក្សាហ្នឹង។ ទីពីរ សមាសភាពក្រុមប្រឹក្សាហ្នឹង ហើយប្រសិទ្ធភាព និងការគ្របដណ្តប់នៃការងាររបស់ក្រុមប្រឹក្សាហ្នឹង ដើម្បីធានាអំពីសេរីភាពរបស់សារព័ត៌មាន ដើម្បីធានាអំពីប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មាន ហើយនឹងការជួយជ្រោមជ្រែងកម្រិតវិជ្ជាជីវៈអ្នកសារព័ត៌មានរបស់យើង»។
លោក អ៊ិត សូធឿត នាយកស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ប្រាប់វីអូអេថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាននេះ គឺទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្រុងប្រយត្ន័ខ្ពស់ ព្រោះបើការបង្កើតនេះមិនអាចបម្រើប្រយោជន៍ក្នុងវិស័យសារព័ត៌មានបាននោះ គឺវាអាចទៅជារឿងគ្រោះថ្នាក់ទៅវិញ។ ដូច្នេះលោកថា ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាជាងឱ្យស្ថាប័នណាមួយជាអ្នកបង្កើត។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំគិតថា ដើម្បីការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាននេះមួយ ជាទូទៅប្រហែលជាគួរមានការចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាជាងឱ្យស្ថាប័នណាមួយ ជាអ្នកបង្កើត ឬក៏ជាអ្នកសម្របសម្រួល ដោយសារតែវិស័យសារព័ត៌មានវាគឺជាវិស័យឯករាជ្យមួយ ដែលត្រូវមាន ទទួលបានឯករាជ្យភាពពេញលេញ»។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(CCJ)ដែលទើបចូលកាន់តំណែង ថ្លែងថា គម្រោងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាននេះមានយូរមកហើយ ប៉ុន្តែវាត្រូវបានរាំងស្ទះ និងមិនអាចទៅរួច ដោយសារ«មហិច្ឆតាធំពេក» ព្រោះពេលនោះ ក្លឹបអ្នកកាសែតកម្ពុជាចង់ឱ្យសមាគមសារព័ត៌មាន ដែលពាក់ព័ន្ធទាំងអស់ចូលរួម។ ប៉ុន្តែលោកថា ពេលនេះគឺប្តូរមកចាប់ផ្តើមពីសមាជិករបស់ក្លឹបអ្នកកាសែតកម្ពុជាជាមុនសិន រួចចាំទៅប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដើម្បីអាចឱ្យចេញរូបរាងនៃក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាននេះ។
លោក ពុយ គា ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានឱ្យសារព័ត៌មានជប៉ុនឈ្មោះ Kyodo ប្រាប់វីអូអេថា គណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃសុក្រនេះ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីសិក្សាស្រាវជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនទៀត ដើម្បីយកមកបំពេញបន្ថែមលើក្រមសីលធម៌របស់ក្លឹបអ្នកកាសែតកម្ពុជា ឱ្យមានភាពល្អប្រសើរជាងមុន មុននឹងទៅបង្កើតគណៈកម្មការមួយទៀត ដែលរួមមានអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន និងអ្នកច្បាប់ ដើម្បីសិក្សាស៊ីជម្រៅ និងធ្វើបទបញ្ញត្តិនានាដើម្បីទៅបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដែលអាចឱ្យគ្រប់ភាគីទាំងអស់ទទួលយកបាន។
លោកថ្លែងថា៖ «អ៊ីចឹងហើយបានចាំបាច់ត្រូវចាប់ផ្តើមពីក្រមសីលធម៌របស់ក្លឹបនេះទៅ ហើយបន្ទាប់មកយើងនឹងចាប់ផ្តើមអនុវត្តជាមួយសមាជិក សមាជិការបស់ក្លឹបអ្នកកាសែតកម្ពុជា ដែលមានចំនួន៥០០នាក់ជាង មកពីជិត២០០ស្ថាប័ននេះ»។
លោកបន្ថែមថា ក្រោយពីការប្រមែប្រមូលធាត់ចូលនូវក្រមសីលធម៌ពីបណ្តាប្រទេសនានារួចមក ក្លឹបអ្នកកាសែតនឹងរៀបចំឱ្យមានគណៈកម្មាការមួយទៀតដែលរួមមានភាគីពាក់ព័ន្ធ ដើម្បីឈានទៅបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីនោះយើងបានអស់ហើយ យើងនឹងបង្កើតគណៈកម្មាការធំមួយទៀត ដោយមានការចូលរួមពីសមាគមដទៃៗទៀត មានពីស្ថាប័នពាក់ព័ន្ធដទៃ ដូចជាក្រសួងព័ត៌មាន ដែលលោកមានជំនាញខាងផ្នែកព័ត៌មាននឹងស្រាប់ ក៏ដូចជាខាងផ្នែកច្បាប់ មេធាវីដើម្បីឱ្យលោកចូលរួមជាមួយក្នុងការធ្វើបញ្ញត្តិ ឬមួយក៏កម្រិតពីលក្ខន្តិកៈទាំងអស់ដែលពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ផង ទាក់ទងទៅនឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានផង ដើម្បីឱ្យការបង្កើតក្រុមប្រឹក្សានេះទៅមានជាលក្ខណៈច្បាប់ ទូលំទូលាយ ហើយមានការទទួលស្គាល់ជាផ្លូវការផង»។
បើតាមលោក ពុយ គា ក្លឹបអ្នកកាសែតកម្ពុជានឹងរៀបចំវេទិកាមួយនាដើមខែមេសាខាងមុខនេះ ដើម្បីធ្វើបទបង្ហាញផ្សព្វផ្សាយ ក្រមសីលធម៌រួម ទៅកាន់សមាជិកក្លឹប ដើម្បីឱ្យសមាជិកយកទៅអនុវត្ត។
បើតាមលោក ពុយ គា ដោយសារតែក្រសួងព័ត៌មានមិនចង់ប៉ះពាល់ដល់សេរីភាពសារព័ត៌មាន ដែលទាក់ទងចំណាត់ការលើក្រមសីលធម៌អ្នកសារព័ត៌មាន ទើបក្រសួងប្រគល់កិច្ចការនេះឱ្យក្លឹបអ្នកកាសែតកម្ពុជាជាអ្នកប្រតិបត្តិ។
លោកពុយ គា បន្ថែមថា ដោយសារកន្លងមកមានប្រតិកម្ម និងការរិះគន់ពីមហាជនអំពីការបំពេញការងាររបស់អ្នកសារព័ត៌មានមួយចំនួនតូចថាមិនបានត្រឹមត្រូវ និងបានធ្វើឱ្យប៉ះពាល់ដល់អ្នកសារព័ត៌មានដទៃ ទើបក្លឹបអ្នកកាសែតកម្ពុជាយល់ថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌នេះ ពិតជារឿងសំខាន់ណាស់ ដែលត្រូវតែពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា តាមរយៈកែតម្រូវ តម្រង់ទិស និងដាក់ពិន័យអ្នកសារព័ត៌មានជាដើម។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ធ្លាប់ប្រាប់វីអូអេថា គម្រោងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះ ក្រសួងមិនមានការបដិសេធអ្វីឡើយ ឱ្យតែគំនិតផ្តួចផ្តើមនោះស្របទៅតាមច្បាប់របស់ប្រទេសកម្ពុជា។ ហើយលោករំពឹងថា គំនិតផ្តួចផ្តើមនេះនឹងក្លាយជាយន្តការដ៏សំខាន់នៅក្នុងការវាយតម្លៃការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការមួយ ដែលមានសមាសភាពពីមន្រ្តីជាន់ខ្ពស់របស់ក្រសួង និងសមាគមអង្គការសារព័ត៌មានមួយចំនួនដើម្បីវាយតម្លៃការអនុវត្តក្រមសីលធម៌របស់អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន។ គណៈកម្មការនេះនឹងដើរតួនាទីជាអ្នកតាមដាន វាយតម្លៃ និងលើកសរសើរអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ប៉ុន្តែគណៈកម្មការក៏អាចវាយតម្លៃឈានដល់ការ«ដាក់វិន័យ»ចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលប្រព្រឹត្តល្មើសក្រមសីលធម៌វិជ្ជាជីវៈផងដែរ។ គណៈកម្មការក៏មានភារកិច្ចក្នុងការពិនិត្យមើលការតវ៉ាពីសាធារណជន ឬអង្គភាពស្ថាប័ននានា ដោះស្រាយបណ្តឹងតវ៉ាដែលទាក់ទងនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរវាងអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ជាមួយបុគ្គល ឬក្រសួងស្ថាប័ន ឬអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន។
ប៉ុន្តែអ្នកធ្វើការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយបានរិះគន់គណៈកម្មការមួយនេះថា មិនអាចបំពេញតួនាទីដោយឯករាជ្យបានឡើយ ដោយសារស្ថិតនៅក្រោមក្រសួងព័ត៌មាន៕