ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ធ្វើ​ការ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពិភាក្សា​គ្នា​ដើម្បី​បង្កើត​«ក្រុម​ប្រឹក្សា​ក្រម​សី​ល​ធម៌»​នៅ​ពេល​ខាង​មុខ


រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

អ្នក​ជំនាញ​ និង​អ្នក​ធ្វើ​ការ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​កំពុង​ពិភាក្សា​គ្នា​ដើម្បី​រួមគ្នា​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ ដែល​ជា​យន្ត​ការ​មួយ​ដើម្បី​ឃ្លាំ​មើល​ភាព​ឆក​ល្វែង​របស់​អ្នក​សារ​ព័ត៌មាន។​

ការ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​គម្រោង​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​និពន្ធ​នាយក ​លើក​ទី​១៩ ​ដែល​ជា​វេទិកា​ពិភាក្សា​ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ ដែល​រៀប​ចំ​ដោយ​ក្លឹបអ្នក​កាសែត​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែធ្នូ ​ឆ្នាំ​២០២២។​

លោក ​ពុយ គា​ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ​ប្រាប់​វីអូអេ​ថា ​គោល​បំណង​នៃ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីល​ធម៌​នេះ​គឺ​ដើម្បី​កែ​តម្រូវ​ក៏​ដូច​ជា​តម្រង់​ទិស ​និង​បើ​ធ្ងន់​ធ្ងរ​ក្រុម​ប្រឹក្សា​នេះ​នឹង​ពិនិត្យ​លើ​លទ្ធភាព​ដែល​អាច​ដាក់​វិន័យ​បាន​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន​ដែល​មិន​គោរព​ទៅ​តាម​វិជ្ជា​ជីវៈ​ក្រម​សីលធម៌​ត្រឹម​ត្រូវ។​

លោក​បន្ថែម​ថា​ កន្លង​ទៅ​មាន​ការ​រិះ​គន់​ពី​សាធារណ​ជន​ពាក់​ព័ន្ធ​នឹង​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​របស់​អ្នក​សារ​ព័ត៌មាន​ទៅ​លើ​ទម្រង់​ផ្សព្វ​ផ្សាយ​និង​អាកប្ប​កិរិយា​របស់​ពួក​គេ​ដែល​លោក​ថា ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​របស់​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ហើយ​បាន​ជា​យើង​ទាមទារ​ដើម្បី​យើង​ពិនិត្យ​មើល​នូវ​ក្រម​សីល​ធម៌​ពួក​គាត់​ដើម្បី​ជួយ​តម្រែ​តម្រង់​ពួក​គាត់​ឱ្យ​ដើរ​ទៅ​តាម​ផ្លូវ​ឱ្យ​ចំ​វិជ្ជាជីវ​ និង​ក្រម​សីល​ធម៌​នៃ​សារ​ព័ត៌មាន»។​

លោក ​ពុយ គា ​អះ​អាង​ថា ​ក្រុម​ប្រឹក្សា​នេះ​ត្រូវ​បំពេញ​ការងារ​ដោយ​ឯក​រាជ្យ​ដើម្បី​ប្រយោជន៍​របស់​អ្នក​សារ​ព័ត៌មាន។​

លោក​បន្ថែម​ថា៖​ «ជាទូទៅ​នៅ​ប្រទេស​ណា​ក៏​ដោយ​ [ស្ថាប័ន​នេះ] ​គឺ​ជា​ក្រុម​ប្រឹក្សា​ឯករាជ្យ​មួយ​មិន​មែន​នៅ​ចំណុះ​រដ្ឋាភិបាល​ ឬ​ក៏​ស្ថាប័ន​ណា​ទេ ​ហើយ​អ្វី​ដែល​គាត់​ធ្វើ ​គឺ​ដើម្បី​ប្រយោជន៍ ​ជួយ​អ្នក​សារ​ព័ត៌មាន​ហើយ​ក៏​មិន​មែន​បំណង​ធ្វើ​បាប​អ្នក​សារ​ព័ត៌មាន​ដែរ។ ​ទី១​គឺ​ថា ​តាម​ពិនិត្យ​មើល​អំពី​ការ​ផ្សាយ​របស់​គាត់​ហើយនឹង​ទទួល​ពាក្យ​បណ្តឹង។ ប្រសិន​ជា​មាន​បញ្ហា​អី​ហ្នឹង​គឺ​ក្រុម​ប្រឹក្សា​សីលធម៌​ហ្នឹងគឺ​ជា​អ្នកពិនិត្យ»។​

បើ​តាម​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​រូប​នេះ​ គម្រោង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ពិភាក្សា​គ្នា​នៅ​ឡើយ ​ហើយ​វា​ត្រូវ​ការ​ធាតុ​ផ្សំ​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។​

លោក ​ណុប វី ​នាយក​ប្រតិបត្តិ​សមាគម​ខេមបូចា ​លើក​ឡើង​ថា ​លោក​ទទួល​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ថ្មី​នេះ ​ហើយ​ថា ​វា​មាន​សារៈ​សំខាន់​ផង​ដែរ ​ដោយ​ហេតុ​ថា​ ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​អ្នក​កា​សែត​នៅ​មាន​កម្រិត។ ​

លោក​បញ្ជាក់​ថា៖ ​«ក្នុង​បរិបទ​យើ​ង​បច្ចុប្បន្ន​នេះ​ ដោយ​សារ​តែ​កង្វះ​ខាត​នៃ​ការ​អនុវត្ត​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នៅ​មាន​កម្រិត​ ​ក៏​អ៊ីចឹង​យើង​យល់​ឃើញ​ដែរ​ថា​ វា​ចាំ​បាច់​គួរ​តែ​បង្កើត​ឱ្យ​មាន​ក្រុម​ប្រឹក្សា​ហ្នឹង ​ពី​ព្រោះ​ក្រុម​ប្រឹក្សា​ហ្នឹង​វា​ជា​ស្ថាប័ន​មួយ ​ជា​តួ​អង្គ​មួយ​ដែល​បង្កើត​ឡើង​ដោយ​អ្នក​សារ​ព័ត៌មាន​ ដោយ​ពួក​គាត់​ជា​អ្នក​ពិនិត្យ​តាម​ដាន​ចំពោះ​កិច្ច​ការងារ​តាម​ដាន​អនុវត្ត​វិជ្ជាជីវៈ​សារ​ព័ត៌មាន​របស់​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត»។​

លោក ​អ៊ិត សុធឿត ​នាយក​ស្ដីទី​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ ហៅ​កាត់​ថា ​CCIM​ កត់​សម្គាល់​ថា ​វា​ជា​រឿង​ល្អ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ថ្មី​នេះ​ដើម្បី​ឱ្យ​អ្នក​សារ​ព័ត៌មានពិនិត្យ​មើល​នូវ​ការ​ប្រព្រឹត្ត​របស់​អ្នក​សារ​ព័ត៌មាន។​

ទោះ​ជា​យ៉ាង​ណា​ បើ​តាម​លោក ​អ៊ិត សុធឿត ​ដើម្បី​ឱ្យ​ស្ថាប័ន​នេះ​ដំណើរការ​ទៅ​បាន ​លុះ​ត្រា​តែ​ក្រុម​ប្រឹក្សាមាន​ភាព​ឯករាជ្យ​ មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ស្ថាប័ន​ណា​មួយ​ ជាពិសេស​ធ្វើ​ការ​ប្រកប​ដោយ​គុណ​ភាព​ ដោយ​គោរព​ទៅ​តាម​គោល​ការណ៍​របស់​អ្នក​កាសែត។​

លោក​ថ្លែង​ថា៖ ​«ដើម្បី​ធ្វើ​រឿង​ទាំង​ហ្នឹង​ទាំងអស់​ទៅ​បាន​ ខ្ញុំ​គិត​ថា ​សមាស​ភាព​នៃ​ការ​ចូលរួម​របស់​ក្រុម​ការ​ងារ​ហ្នឹង​ជា​រឿង​សំខាន់​គឺ​មាន​ន័យ​ថា ​គួរ​តែ​មាន​ចម្រុះ​ ជា​ពិសេស​សមាស​ភាព​ហ្នឹង​ គឺគាត់​ជា​អ្នក​ដែល​ឈរ​លើ​គោល​ការណ៍​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ ដោយ​ខ្លួន​គាត់​ផ្ទាល់​ក៏​ដូច​ជា​មាន​ការ​យល់​ដឹង​ ចំណេះ​ដឹង​អំពី​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​បាន​ទូលំ​ទូលាយ»។​

លោក​បន្ថែម​ថា៖ ​«ព្រោះ​ថា​ ប្រសិន​បើ​អ្នក​ដែល​មាន​និន្នាការ​លម្អៀង​ទៅ​ណា​មួយ​ គាត់​ទៅ​ធ្វើការ​ក្នុង​វិស័យ​ហ្នឹង ​វា​ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត ​ការ​វិភាគ​វែក​ញែក​គាត់​ហ្នឹង​ក៏​មាន​ការ​លម្អៀង​ទៅ​តាម​ហ្នឹង​ដែរ»។​

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ លោក​ មាស សុភ័ណ្ឌ ​ប្រាប់​វីអូអេ​ថា​ គម្រោង​បង្កើត​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នេះ ​ ក្រសួង​មិន​មាន​ការ​បដិសេធ​អ្វី​ឡើ​យ ​ឱ្យ​តែ​គំនិត​ផ្តួច​ផ្តើម​នោះ​ស្រប​ទៅ​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា ​ហើយ​លោក​រំពឹង​ថា​ គំនិត​ផ្តួច​ផ្តើម​នេះ​នឹង​ក្លាយ​ជា​យន្ត​ការ​ដ៏​សំខាន់​នៅ​ក្នុង​ការ​វាយ​តម្លៃ​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​រប​ស់​អ្នក​សារ​ព័ត៌មាន។​

លោក​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា៖ ​«ខ្ញុំ​សង្ឃឹម​ថា ​ក្រុម​ប្រឹក្សា​នេះ​នឹង​អាច​ជា​យន្ត​ការ​មួយ​ក្នុង​ការ​ចូល​រួម​ចំណែក​វាយ​តម្លៃ​អំពី​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​ សារព័ត៌​មាន​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នៅ​កម្ពុជា​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​អាច​មាន​លទ្ធភាព​តម្រែ​តម្រង់​ទិស ​ផ្តល់​ការ​អប់រំ ​ណែនាំ​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ ព្រម​ទាំង​អាច​លើក​កម្ពស់​នូវ​គុណ​តម្លៃ ​និង​សេចក្ដី​ថ្លៃថ្នូរ​នៃ​វិជ្ជាជីវៈ​មួយ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ប្រសិទ្ធ​ផល»។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០២១ ​ ក្រសួង​ព័ត៌មាន​បាន​បង្កើត​គណៈ​កម្មការ​មួយ ​ដែល​មាន​សមាស​ភាព​ពី​មន្រ្តី​ជាន់​ខ្ពស់​របស់​ក្រសួង ​និង​សមាគម​អង្គការ​សារ​ព័ត៌មាន​មួយ​ចំនួន​ដើម្បី​វាយ​តម្លៃ​ការ​អនុវត្ត​ក្រម​សីលធម៌​របស់​អ្នក​សារ​ព័ត៌មាន ​និង​ស្ថាប័ន​សារ​ព័ត៌មាន។​ គណៈ​កម្មការ​នេះ​នឹង​ដើរ​តួនាទី​ជា​អ្នក​តាម​ដាន វាយ​តម្លៃ ​និង​លើក​សរសើរ​អ្នក​សារ​ព័ត៌មាន ​និង​អង្គភាព​សារ​ព័ត៌មាន ​ដែល​អនុវត្ត​ត្រឹម​ត្រូវ​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន។ ​ប៉ុន្តែ​គណៈ​កម្មការ​ក៏​អាច​វាយ​តម្លៃ​ឈាន​ដល់​ការ​«ដាក់​វិន័យ»​ចំពោះ​អ្នក​សារ​ព័ត៌មាន ​និង​អង្គភាព​សារ​ព័ត៌មាន​ ដែល​ប្រព្រឹត្ត​ល្មើស​សីលធម៌​វិជ្ជាជីវៈ​ផង​ដែរ។​

គណៈ​កម្មការ​ក៏​មាន​ភារកិច្ច​ក្នុង​ការ​ពិនិត្យ​មើល​ការ​តវ៉ា​ពី​សាធារណ​ជន​ ឬ​អង្គភាព​ស្ថាប័ន​នានា ​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ដែល​ទាក់​ទង​នឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌​មាន​រវាង​អ្នក​សារ​ព័ត៌មាន ​អង្គភាព​សារ​ព័ត៌មាន​ ជា​មួយ​បុគ្គល ​ឬក្រសួង​ស្ថាប័ន ​ឬ​អ្នក​សារ​ព័ត៌មាន ​អង្គភាព​សារ​ព័ត៌មាន។​ ប៉ុន្តែ​អ្នក​ធ្វើ​ការ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រិះគន់​គណៈ​កម្មការ​មួយ​នេះ​ថា ​មិន​អាច​បំពេញ​តួនាទី​ដោយ​ឯករាជ្យ​បាន​ឡើយ ​ ដោយ​សារ​ស្ថិត​នៅ​ក្រោម​ក្រសួង​ព័ត៌មាន៕

XS
SM
MD
LG