ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​បារម្ភ​អំពី​ទំនុក​ចិត្ត​លើ​សារព័ត៌មាន ក្រោយ​ការ​តែង​តាំង​អ្នក​កាសែត​ជា​មន្ត្រី​នយោបាយ


រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​​ធ្វើ​ការ​សាកសួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស​ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​​ធ្វើ​ការ​សាកសួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស​ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ២០១៧។

ក្រោយ​មានការ​តែង​តាំង​អ្នក​សារព័ត៌មាន​ជា​មន្ត្រី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​បន្ទាប់ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​អ្នក​វិភាគបញ្ហា​សង្គម​បាន​ផ្តល់​ការ​យល់​ឃើញ​ចម្រុះ​ពាក់ព័ន្ធ​លើ​បញ្ហា​នេះ ក្នុង​នោះ​ក៏​មាន​ការ​ព្រួយ​បារម្ភ​លើ​ការ​បាត់បង់​ទំនុកចិត្ត​របស់​សាធារណជន​លើ​សារព័ត៌មាន​ផងដែរ។

កាល​ពី​ថ្ងៃ​អាទិត្យ លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែតកម្ពុជា និង​ជា​និពន្ធ​នាយក​របស់​ទូរទស្សន៍​ PNN​ ដែល​គ្រប់គ្រង​ដោយ​ឧកញ៉ា​ លី យ៉ុងផាត់ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន។ កាល​ពី​ពេល​ថ្មីៗ​នេះ កញ្ញា​ អ៊ឹម រចនា អតីត​និពន្ធ​នាយក​រង​នៃ​វិទ្យុ​បារាំង​អន្តរជាតិ​ខេមរភាសា ត្រូវ​បាន​តែង​តាំង​ទៅ​ជា​អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម ក្រោយ​រដ្ឋមន្ត្រី​ថ្មី​លោក ឌិត ទីណា ឡើង​កាន់​តំណែង។

កាល​ពី​កន្លង​ទៅ ក្រសួង​ព័ត៌មាន​ក៏បាន​តែងតាំង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ជា​ទីប្រឹក្សា​របស់​ក្រសួង​ផង​ដែរ។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ប្រាប់​វីអូអេ​ថា​លោក​សាទរ​ចំពោះ​ការណ៍​ដែល​អ្នក​សារព័ត៌មាន​ត្រូវ​បាន​តែង​តាំង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​តាម​ក្រសួង​នីមួយៗ ខណៈ​ថា​ បើ​សិន​ជា​ពួកគេ​មាន​តំណែង​ជា​មន្ត្រី​នយោបាយ ហើយ​នៅ​តែ​ប្រកប​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន នោះ​ជា​ការ​ទំនាស់​ផល​ប្រយោជន៍​គ្នា​រវាង​អាជីព​ទាំង​ពីរ​នេះ។

បើ​តាម​លោក ណុប វី កាល​ណា​អ្នកសារព័ត៌មាន​ណា​ម្នាក់​មាន​តំណែង​នយោបាយ វា​នឹង​មាន​ឥទ្ធិពល​ដល់​អ្នក​សារព័ត៌មាន​ដែល​ធ្វើការ​នៅ​ក្រោម​ស្ថាប័ន​គ្រប់​គ្រង​របស់​ពួកគេ។

លោក​ថ្លែង​ថា៖ «នៅ​ពេល​ដែល​គាត់​ក្លាយ​ជា​មន្ត្រី​នយោបាយ​ គាត់​ជា​មន្ត្រី​រដ្ឋាភិបាល គាត់​នឹង​មាន​ឥទ្ធិពល​ទៅ​ដល់​អ្នក​សារព័ត៌មាន​ដែល​ធ្វើការ​នៅ​ក្រោម​ការងារ​របស់​គាត់​ ព្រោះ​អ្នក​សារព័ត៌មាន​គាត់​មាន​តួនាទី​សំខាន់​មួយ​នៅ​ក្នុង​ការ​តាម​ដាន ឃ្លាំ​មើល​ការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​ របស់​មន្ត្រី​រដ្ឋាភិបាល​ដែរ។ អ៊ីចឹង​បើ​សិន​ជា​គាត់​ក៏​មាន​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​ដែរ អ៊ីចឹង​គាត់​មិន​អាច​អនុវត្ត​តួនាទី​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន​មួយ ប្រកប​វិជ្ជាជីវៈ និង​សេរី​បាន​ទេ»។

លោក ​អ៊ិត សុធឿត ​នាយក​ស្ដីទី​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ហៅ​កាត់​ថា ​CCIM កត់សម្គាល់​ថា ​វា​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​អាជីព​របស់​ខ្លួន ប៉ុន្តែ​លោក​ថា​ វា​ជា​ក្តី​ព្រួយ​បារម្ភ​មួយ​ នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​មាន​តំណែង​ជា​អ្នក​នយោបាយ​ហើយ ប៉ុន្តែ​នៅ​តែ​ប្រកប​អាជីព​ជា​អ្នកសារព័ត៌មាន។

បើ​តាម​លោក អ៊ិត សុធឿត​ ការ​ធ្វើ​បែប​នេះ​ជា​ការ​មិនល្អ​ដល់​វិស័យ​សារ​ព័ត៌មាន​ ខណៈ​ថា​វា​នឹង​កាត់​បន្ថយ​ទំនុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ​ឬក៏​អ្នក​តាមដាន។

លោក​ថ្លែង​ថា៖ «យើង​វា​ធ្វើ​ឱ្យ​អាច​ថា​ជា​លក្ខណៈ​បន្ថយ​ទំនុក​ចិត្ត​ក្នុង​ចំណោម​សាធារណជន​ទៅ​លើ​អ្នក​សារព័ត៌មាន ដែល​វា​អាច​ប៉ះពាល់​ទៅ​ដល់​សារព័ត៌មាន​ទាំង​មូល​តែ​ម្តង»។

លោក ប៉ែន បូណា ដែល​ជា​អតីត​និពន្ធ​នាយក​វិទ្យុ​បារាំង​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ពេល​វីអូអេ​ទាក់ទង​ទៅ​ ដោយ​លោក​បញ្ជាក់​ថា​ លោក​មិន​ទាន់​អាច​និយាយ​អ្វី​បាន​នៅ​ឡើយ​ទេ ដោយ​សារ​លោក​មិន​ទាន់បាន​ចូល​ធ្វើការ។​

លោក​បាន​លាឈប់​ពី​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ក្រោយ​ទទួល​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

អ្នក​វិភាគ​នយោបាយ លោក មាស នី ប្រាប់​វីអូអេ​ថា​ ចរន្ត​នៃ​ការ​តែង​តាំង​មន្ត្រី​នយោបាយ​ថ្មី​នៅ​មុន​ការ​បោះឆ្នោត​នា​ឆ្នាំ​ក្រោយ ជា​រឿង​ធម្មតា និង​ថា​ អ្វី​ដែល​សំខាន់​តើ​ការ​តែង​តាំង​នោះ​អាស្រ័យ​ទៅ​លើ​អ្វី​ តាម​រយៈ​សមត្ថភាព​ ឬក៏​តាម​រយៈ​និន្នាការ​នយោបាយ។

បើ​តាម​លោក មាស នី បើ​ការ​តែង​តាំង​នោះ​ដោយ​សារ​តែ​អ្នក​សារព័ត៌មាន​មាន​និន្នាការ​គាំទ្រ​នយោបាយ​គណបក្ស​របស់​ខ្លួន​នោះ វា​នឹង​នាំ​ផល​ប្រយោជន៍​ច្រើន​ដល់​គណបក្ស​ជា​ជាង​ផលប្រយោជន៍​ជាតិ។

លោក មាស នី​ បន្ថែម​ថា ​ការ​តែង​តាំង​អ្នកសារព័ត៌មាន​ថ្មីៗ​នេះ ដោយ​ពួក​គេ​ភាគ​ច្រើន​ជា​អ្នក​ដែល​គាំទ្រ​រដ្ឋាភិបាល​ ដែល​លោក​ថា​នេះ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ថា​វា​ក៏ជា​សារ​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ដែរ​ថា បើ​ចង់​បាន​តំណែង​បែប​នេះ ត្រូវ​តែ​គាំទ្រ​ ឬក៏​រណប​រដ្ឋាភិបាល។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ច្បាស់​ថា​ការ​ចាត់​តាំង​ថ្មីៗ​នេះ គេ​ពឹង​ទៅ​លើ​អ្វី​ទេ។ បើ​សិន​ជា​គាត់​ពឹង​តែ​ទៅ​លើ​ការ​មាន​និន្នាការ​នយោបាយ អាហ្នឹង​យើង​មាន​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​ជាមួយ​កិច្ចការ​របស់​រដ្ឋាភិបាល។ គេ​អាច​មាន​ន័យ​ថា ​វា​ជា​វិធី​សាស្ត្រ ដើម្បី​នយោបាយ​តូបនីយកម្ម​នៅ​ក្នុង​ស្ថាប័ន​របស់​រដ្ឋ»។

​លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ បាន​ឆ្លើយ​តប​នឹង​មតិ​រិះគន់​ចំពោះ​ការ​តែងតាំង​អ្នក​សារព័ត៌មាន​ជា​មន្ត្រី​នយោបាយ​ ដោយ​លើក​ឡើង​ថា ការ​តែងតាំង​លោក ប៉ែន បូណា ជា​កិច្ចការ​ចាំបាច់​សម្រាប់​ក្រសួង ហើយ​ថា​ការ​តែងតាំង​នេះ​គឺ​ផ្អែក​ទៅ​លើ​សមត្ថភាព ចំណេះ​ជំនាញ និង​បទពិសោធន៍​ការងារ​របស់​លោក​ក្នុង​វិស័យ​សារព័ត៌មាន។ លោក​ក៏​បញ្ជាក់​បន្ថែម​ថា ការ​តែងតាំង​នេះ​ទៀត​សោត​ក៏​មិន​ប៉ះពាល់​ដល់​វិស័យ​សារព័ត៌មាន​ទាំងមូល​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ផ្ទុយទៅវិញ​ ការ​តែង​តាំង​ថ្នាក់ដឹកនាំ​ដែល​មាន​ចំណេះ​ជំនាញ​ និង​បទពិសោធន៍​ច្រើន​និង​ច្បាស់លាស់​លើ​វិស័យ​ព័ត៌មាន​ គឺ​នឹង​អាច​ជួយ​កសាង​នូវ​ក្របខណ្ឌ​គោលនយោបាយ​ ផែន​យុទ្ធសាស្ត្រ​ និង​ផែនការ​ សកម្មភាព​ផ្សេងៗ​ដើម្បី​អភិវឌ្ឍ​វិស័យ​ព័ត៌មាន​ និង​សោតទស្សន៍​ឱ្យ​កាន់​តែ​រីកចម្រើន​ និង​ឆ្លើយតប​ទៅ​នឹង​ការ​រីកចម្រើន​ដ៏​ឆាប់​រហ័ស​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ពេល​បច្ចុប្បន្ន​ ព្រមទាំង​អាច​ជួយ​ឱ្យ​វិស័យ​ព័ត៌មាន​ និង​សោតទស្សន៍​នៅ​កម្ពុជា​ ដើរ​ទាន់​បណ្តា​ប្រទេស​នានា​ ក្នុង​តំបន់​ និង​ពិភពលោក»។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​រូប​នេះ​ ក៏​បាន​រិះគន់​ថា ការ​លើកឡើង​ថា​ ការ​តែងតាំង​ទាំងនេះ​អាច​ធ្វើ​ឡើង​ដោយ​សារ​តែ​ពួកគេ​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​នោះ មាន​ចេតនា​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ដូចគ្នា។

គួរ​បញ្ជាក់​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនួញ​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​តាមដាន​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ទៅ​លើ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ផង​ដែរ៕

XS
SM
MD
LG